គណ​បក្ស​ភ្លើង​ទៀន ដែល​ជាគណបក្ស​ប្រឆាំង​ដ៏ធំជាង​គេនៅកម្ពុជា​ នៅ​តែមាន​ឆន្ទៈធ្វើ​ការ​ជួបជុំ​តស៊ូមតិដើម្បី​បាន​ចូលរួមការបោះឆ្នោត​ពេល​ខាងមុខ​​ បើទោះរងការ​ព្រមាន​ម្តងហើយ​ម្តង​ទៀត​ពី​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន​ សែន​។​

អនុប្រធានគណបក្ស​ភ្លើង​ទៀន​ លោក រ៉ុង ឈុន ប្រាប់ Newsroom Cambodia ថា​ គណបក្ស​នៅ​តែចង់​ធ្វើ​ការជួបជុំ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​។

លោក​ថ្លែង​ថា៖«ជំហរគឺនៅដដែល ប៉ុន្តែពេលនេះ​យើ​ងត្រូ​វ​បានលើកពេល​សិន [គម្រោងចង់ធ្វើកាលពីសប្តាហ៍មុន]​ ហើ​យការ​ដាក់​ពេល​វេលាកំណត់​នឹងទៅតាម​លិខិតដែល​យើង​ដាក់​ជូន​ដំណឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​»។

បើ​តាម​អនុប្រធាន​គណបក្ស​រូបនេះ គណបក្សភ្លើងទៀន​​ធ្វើ​ទៅ​តាម​នីតិ​វិធី​ក៏ដូច​ជា​ច្បាប់​កម្ពុជា​ ខណៈលោក​ចាត់​ទុក​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន​ ជា​ការ​រឹ​ត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពល​រដ្ឋ។​

​​​​គម្រោងជួប​ជុំ​អ្នក​គាំទ្រ និង​សមាជិក​ប្រមាណ​១ម៉ឺន​នាក់​ របស់​គណបក្ស​ភ្លើងទៀន​ កើត​ឡើង​ក្រោយ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោតបដិសេធ​មិន​ចុះ​បញ្ជី​ឱ្យ​គណ​បក្សមួយ​នេះ​ចូល​រួមការ​បោះ​ឆ្នោត​នាខែកក្កដាខាងមុខ ក្រោម​ហេតុ​ផល​ថា​គណបក្ស​មួយនេះ​មិនបានភ្ជាប់​មក​ជាមួយនូវ​សំណៅ​ដើម​ដែល​បាន​ចុះបញ្ជី​គណ​បក្ស​នៅក្រសួង​មហា​​ផ្ទៃ​។ សំណៅ​ដើម​ដែល​ គ.ជ.ប​ តម្រូវ​ ត្រូវ​បាន​គណបក្ស​ភ្លើងទៀន​អះអាងថា​​បាន​បាត់​ទៅ​ហើយ​។

គណបក្ស​ភ្លើងទៀន​ចាត់​ទុក​ការ​សម្រេចរបស់ គ.ជ.ប មិន​សមហេតុផល​។ ក្រោយ​មក​ គណបក្ស​ក៏​បាន​ប្តឹង​ទាស់​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា ដែល​ជាស្ថាប័ន​សម្រេច​ចុង​ក្រោយ​ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​យល់​ស្រ​ប​ទៅ​តា​ម​សេចក្តី​សម្រេច​របស់​ ជ.គ.ប។​​​​​

ការ​សម្រេច​ពន្យារពេល​នៃការជួប​ជុំ​របស់​គណបក្ស​ភ្លើងទៀន​ កើត​ឡើង​ក្រោយ​លោក​ ហ៊ុន សែន​ ព្រមាន​ចាប់​​ដាក់​ពន្ធនាគារ​ បើសិនជា​បក្សប្រឆាំង​ហ៊ាន​ធ្វើ​បាតុកម្ម​ដូច​ទៅនឹង​អ្វី​ដែល​មេដឹកនាំ​គណបក្ស​មួយនេះ​បាន​គ្រោង​​។

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណា​ល​ជា​​កម្មក​រកម្ម​ការិនី នៅ​ក្នុង​សួន​ឧស្សា​ហកម្ម​​ខេមតុន​ក្នុងខេត្តកណ្ដាល កាល​ពី​ព្រឹកថ្ងៃទី​​៣ ខែមិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន​ ព្រមាន​សាជាថ្មី​ម្តងទៀត​ទៅ​កាន់​មេដឹក​គណបក្ស​ភ្លើងទៀន​ថា​៖ «​សូម្បី​តែអាអ្នក​ចង់​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃនេះ​ម្តងហើយម្តង​ទៀត​ ខ្ញុំ​នៅតែបញ្ជាក់ថា​បើ​អ្នកឯង​ហ៊ាន​ធ្វើ​ បទបញ្ជា​របស់​ខ្ញុំ​ត្រូវ​តែអនុវត្ត។ កុំ​បង្កើត​ចលាចល។ អ៊ីចឹង​ទេ​យើងត្រូ​វរួម​គ្នា​ការ​ពាររ​ក្សា​សន្តិ​ភាព​នេះ»។

​​​​

លោកនាយករដ្ឋមន្ត្រី​ ធ្លាប់លើកឡើង​កន្ល​ងមក​ពាក់ព័ន្ធ​នឹង​ការដែលគណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូលរួមការបោះ​ឆ្នោត​ថា​ជា«ល្បិចកល»​​ របស់​គណបក្ស​ខ្លួន​ឯ​ង​ ដើម្បីឱ្យបរទេសមក​ដាក់​សម្ពាធមកលើ​រដ្ឋាភិបាល​កម្ពុជា​។​ ទោះ​ជាយ៉ាង

ណាក្តី គណបក្ស​ភ្លើងទៀន​ នៅ​តែ​រក្សា​ជំហរ​ និង​បង្ហាញ​ថា ​ខ្លួន​ពិត​ជា​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​និង​មិន​មាន​ឧបាយ​កល​ឱ្យ​បរទេស​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​អ្វី​នោះ​ទេ។​

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត សម្តែង​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​ជាមួយការថ្លែង​របស់​លោក ហ៊ុន សែន​។ លោក​កត់​សម្គា​ល់ថា​ ការ​ធានា​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាពរបស់​ប្រជាពល​រដ្ឋ​ ជាការ​សំខាន់​ និង​ថា​អ្នក​ន​យោបាយ​ត្រូវ​តែបែង​ចែក​ឱ្យដាច់​រវាងបញ្ហា​នយោបាយ​និង​សិទ្ធិ​មនុស្ស​។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​យើ​ងជាអង្គការសង្គម​ស៊ីវិល ​យើ​ង​មិន​ចង់​ឃើញ​ថា​ទេ ទោះបី​ជាក្នុង​ព្រឹត្តិការណ៍​នៃ​អំពើការចាប់​ខ្លួនឬក៏​អំពើ​នៃប្រទូសរ៉ាយក៏​អំពើ​ហិង្សា​ណាមួយ​កើត​ឡើងទេ។ យើង​ចង់​ឃើញអ្នក​នយោបាយ​ខ្មែរ​ទាំង​​អស់ត្រូវ​តម្កល់​ឧត្តម​ប្រយោ​ជន៍​ជាតិ ឧត្តម​ប្រយោ​ជន៍ប្រជាពល​រដ្ឋ​ជាធំ ហើយ​ត្រូវ​តែដោះស្រាយ​គ្នាដោយសន្តិ​វិធី​តាម​ការចរចា លក្ខណៈ​ដោយ​សន្តិ​វិធី​ដើម្បី​បញ្ចៀ​ស​នូវបា​តុ​ភាព​ឬក៏​ព្រឹត្តិការណ៍​ណា​ដែល​កើត​ឡើង​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដ​ល់​សង្គម​ជាតិ​យើ​ងឬក៏​ប្រ​ជា​ពល​រដ្ឋ​»។​​​​​​​​​​​​​​​​

​​​

ទោះជាយ៉ាងណា អ្នក​នាំពាក្យ​រដ្ឋាភិបាកម្ពុជា​ លោក ផៃ ស៊ីផាន ថ្លែង​ការ​ពារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​ ជាការ​បំពេញ​ភារកិច្ច​ក្នុងនាម​ជាប្រមុខ​រដ្ឋាភិបាល​ដើម្បី​ការពារ​និងថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ នៅមុនការ​បោះឆ្នោត​។ លោក​បន្ត​ថាការ​លើកឡើង​របស់​លោក ហ៊ុន​ សែន​ ជាការដាស់​តឿន​កុំ​ឱ្យមេដឹកនាំគណបក្ស​ប្រឆាំងគិត​ខុស ដោយផ្អែក​ទៅលើច្បាប់​។

លោក​ថ្លែង​ថា៖«ដូច្នេះ​ច្បាប់​ទី​១ គជប​ ទី​២យើងមិន​ពេញចិត្ត​ទៅប្តឹងទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ ដូច្នេះ​ការសម្រេច​នេះ​គឺជា​ការសម្រេច​បិទ​ផ្លូវ​តវ៉ា​ ឬក៏​ការលើកឡើង​របស់​សម្តេច​ គ្រាន់តែ​ជាការរំលឹក​ប៉ុណ្ណោះ។ កុំ​ឱ្យគិត​ខុស​ កុំ​ឱ្យធ្វើ​ខុស​ ដែល​វាប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃខាង​មុខ​នេះ​»។ ​គួរបញ្ជាក់ថា​​​​​ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​ ១លាន​ ៦សែន​នាក់​ នៅ​ក្នុង​ការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០២២។ ​សំឡេង​គាំទ្រ​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​ទស្សន៍​ទាយ​ថា​ គណបក្ស​ជំទាស់​មួយ​នេះ​អាច​ទទួល​បាន​អាសនៈ​ចន្លោះ​ពី​ ២០​ ទៅ​ ៣០ ​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប​ចំនួន ​១២៥បើគណបក្សនេះត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនៅពេលខាងមុខ៕