អាជ្ញាធរនៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង បានសម្រេចវាស់វែង ដោយកំណត់ទំហំស្រះទឹកមួយកន្លែងមានទំហំជាង១ហិកតា ទុកជាសម្បត្តិសាធារណៈ ក្រោយពេលរងការចោទពីពលរដ្ឋថា អាជ្ញាធរបានគប់គិតគ្នាលក់ស្រះទឹកនេះទៅឱ្យបុគ្គលឯកជន។
មេឃុំព្រៃតាអី លោក នុត ផល្លា បានប្រាប់ Newsroom Cambodia ថា អាជ្ញាធរខេត្តស្វាយរៀង បានវាស់វែង ដោយកំណត់ផ្ទៃស្រះទឹកមានទំហំ ១ហិកតា ២៥ អា ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ បន្ទាប់ពីមានការផ្ទុះការតវ៉ាពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកនាពេលកន្លងទៅ។ លោកថា ក្នុងនាមអាជ្ញាធរមូលដ្ឋានមិនមានបំណងលក់ស្រះទឹកមួយនេះ ទៅឱ្យក្រុមហ៊ុនឯកជនណាមួយនោះទេ។ លោកបញ្ជាក់ថា ការកំណត់ទំហំដីស្រះនេះ គឺមានការព្រមព្រៀងពីអ្នកភូមិរួចរាល់ហើយ។
លោកថា៖ «ម្សិលមិញ [ថ្ងៃអង្គារ] ខ្ញុំចុះទៅកំណត់ព្រំ [ប្រទល់] ជាមួយភូមិបាលស្រុក និងលោកអភិបាលរងស្រុក ខ្ញុំបានកំណត់ព្រំ [ប្រទល់] រួចរាល់អស់ហើយ»។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ប្រមាណ ៤០នាក់ បានជួបជុំគ្នា នៅក្បែរស្រះទឹកដែលកំពុងមានវិវាទនេះ ដោយពួកគេទាមទាយកស្រះទឹកមកវិញ ក្រោយមានគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនៅតំបន់នោះ។
តំណាងពលរដ្ឋដែលចេញមុខឱ្យរក្សាទុកស្រះទឹក លោក សួន វុត្ថា វ័យ ៣៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាអី ប្រាប់ Newsroom Cambodia ថា ប្រជាពលរដ្ឋបានយល់ព្រមទទួលយកស្រះទឹកដែលមានទំហំ ១ហិកតា ២៥នេះ ពិតមែន។
លោកថា៖ «ដីស្រះហ្នឹង! ព្រឹកមិញ [ថ្ងៃអង្ការ] យើងបានវាស់ទុកជាសម្បត្តិរួមវិញហើយ។ដីស្រះយើងវាស់បាន១ហិកតា ២៥អា ហើយដីផ្លូវយើងនៅ៦ម៉ែត្រ ផ្លូវចូលហ្នឹង»។
លោកបន្តថា មូលហេតុដែលលោកដឹកនាំការតវ៉ានាពេលកន្លងមក ព្រោះក្នុងពេលថ្មីៗនេះ ពោលគឺអំឡុងខែឧសភា ឆ្នាំ២០២៣ មានឡានធំៗ បានដឹកដីចាក់លុបស្រះទឹកនោះជាបន្តបន្ទាប់។ លោកចាត់ទុកថា ករណីលុបផ្នែកខ្លះនៃស្រះទឹកនេះ គឺជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរមូលដ្ឋានទើបគ្រឿងចក្រហ៊ានចាក់ដីលុបដោយចំហបែបនេះ។
បើតាម លោក សួន វុត្ថា ស្រះទឹកសាធារណៈមួយនេះ គឺមានប្រជាពលរដ្ឋរាប់រយគ្រួសារបានអាស្រ័យផលពីស្រះដូចជា ការនេសាទត្រី ជាអាងស្តុកទុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាជម្រកនៃមេពូជត្រីផងដែរ។
ជុំវិញករណីនេះ លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានសាទរចំពោះសកម្មភាពប្រជាពលរដ្ឋដែលសកម្មចេញមុខតវ៉ា ទាមទារការពារទ្រព្យសម្បត្តិរួមនៅក្នុងមូលដ្ឋានខ្លួន។ លោកថា រាល់ការអភិវឌ្ឍដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋគឺជាកំហុសមួយដ៏ធ្ងន់ធ្ងរមួយ។លោកជំរុញ ឱ្យអាជ្ញាធរគិតគូរពីតម្រូវការចំាបាច់របស់ប្រជាពលរដ្ឋ ដើម្បីបង្ហាញពីការទទួលខុសត្រូវ ដែលជាគំរូមួយក្នុងសង្គម។
លោកថា៖ «ខ្ញុំយល់ថា អាជ្ញាធរមិនត្រឹមតែមានទំនួលខុសត្រូវ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពការពារទ្រព្យសម្បត្តិរួម ដើម្បីបម្រើផលប្រយោជន៍ និងសុខុមាលភាពសាធារណៈ នោះទេ អាជ្ញាធរត្រូវទទួលខុសត្រូវផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ ដោយចាត់វិធានការច្បាប់ចំពោះរាល់អ្នកដែលពាក់ព័ន្ធ ដើម្បីឱ្យមានការរាងចាល និងផ្ដល់គំរូភាពដល់សាធារណជន»។
ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ មាត្រា៨០ ចែងថា អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទួលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបន្ទាប់ពីទទួលបានដំណឹង អំពីការរំលោភលើកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់របស់រដ្ឋលើទ្រព្យសម្បត្តិរដ្ឋ ដែលព្រងើយកន្តើយ ដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេលវេលា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ (មួយ) ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ១ ០០០ ០០០ (មួយលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕