គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងធ្វើយុទ្ធនាការរកសំឡេងឆ្នោតថ្ងៃដំបូង ចំខួប៧ឆ្នាំនៃការស្លាប់លោកបណ្ឌិត កែម ឡី ដើម្បីភ្ជាប់ការរម្លឹកវិញ្ញាណក្ខន្ធដល់អ្នកស្រាវជ្រាវសង្គមដ៏ល្បីឈ្មោះរូបនេះ ខណៈគណបក្សដទៃទៀតធ្វើយុទ្ធនាការទ្រង់ទ្រាយធំថ្ងៃដំបូងនៅថ្ងៃសៅរ៍នេះ តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។
អ្នកនាំពាក្យគណបក្សនេះគឺ លោក សេក សុខា និយាយនៅថ្ងៃសៅរ៍នេះថា ថ្ងៃទី១កក្កដា នៃយុទ្ធនាការរកសំឡេងឆ្នោតដំបូងនេះ គណបក្សលោកមិនធ្វើយុទ្ធនាការទ្រង់ទ្រាយធំដូចគណបក្សមួយចំនួននោះទេ តែថានឹងធ្វើនៅថ្ងៃទី១០ខែកក្កដា ចំខួប៧ឆ្នាំនៃការស្លាប់លោកបណ្ឌិត កែម ឡី វិញ។
លោកគូសបញ្ជាក់ថា យុទ្ធនាការថ្ងៃដំបូងនេះ ដើម្បីឃោសនាគោលនយោបាយផង និងរម្លឹកវិញ្ញាណក្ខន្ធជូនលោកបណ្ឌិត កែម ឡីផង ដែលគាត់ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោកថា៖«យើងធ្វើនៅថ្ងៃទី១០ហ្នឹង ដោយសារទី១យើងចង់រម្លឹកដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ដោយសារគាត់ជាស្ថាបនិក! គាត់ជាអ្នកផ្តួចផ្តើមក្នុងការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹង ចង់យកពេលហ្នឹង ដើម្បីរម្លឹកវិញ្ញាណក្ខន្តគាត់ផង និងឃោសនាផង»។
ចំណែកអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោក យង់ ពៅ និយាយថា ការភ្ជាប់សកម្មភាពនយោបាយ និងការស្លាប់របស់លោកបណ្ឌិត កែម ឡី ជាការចង់បានប្រជាប្រិយភាព ដែលនៅសេសសល់ពីមនុស្សដែលបានស្លាប់។ លោកថា សកម្មភាពនេះ មិនអាចទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋបានទេ។
លោកថា៖«ចំពោះខ្ញុំៗមិនយល់ឃើញថា ការដែលភ្ជាប់គ្នារវាងបណ្ឌិត កែម ឡី និងការចាប់ផ្តើមឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹងអាចទទួលបានប្រជាប្រិយភាពអ្វីបន្ថែមនោះទេ សំខាន់គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានគួរតែស្វែងរកប្រជាប្រិយភាពដោយខ្លួនឯង តាមរយៈកម្មវិធីនយោបាយ និងគោលនយោបាយរបស់ខ្លួនដែលធ្វើឱ្យត្រូវនឹងស្ថានភាពសេដ្ឋកិច្ច សង្គមកម្ពុជាបច្ចុប្បន្នបានល្អជាង»។
លោកបណ្ឌិត កែម ឡី ដែលគេដឹងថា ជាអ្នកផ្តួលផ្តើមគំនិតបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ដារម៉ាត (Star Mart) ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex)ជាប់ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។
សំណុំរឿងឃាតកម្មដ៏សម្រូងចម្រាសនេះ តុលាការបានផ្តន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃកើតហេតុ។
ប៉ុន្តែ អ្នកតាមដានសង្គម និងក្រុមគ្រួសារលោក កែម ឡី ចាត់ទុកខ្មាន់កាំភ្លើងដែលតុលាការផ្តន្ទាទោសនោះមិនមែនជាជនដៃដល់ពិតទេ និងទាមទារឱ្យរដ្ឋាភិបាលបន្តវែកមុខឃាតករពិតនិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស ដើម្បីលុបបំបាត់វប្បធម៌នីទណ្ឌភាពនៅកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ មានគណបក្សចំនួន១៨ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមយកតំណែងរដ្ឋសភា ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។
បើតាម គ.ជ.ប. យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់អាណត្តិថ្មីនេះ គណបក្សទាំងអស់មានពេល ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕