ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កំពុងពិនិត្យសេចក្ដីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទជុំវិញការបើកការស៊ើបអង្កេតលើពាក្យបណ្ដឹងចោទប្រកាន់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថាបានរួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។
សេចក្ដីថ្លែងការណ៍រួមមួយរបស់អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ក្រុមប្រឹក្សាភិបាលមានរយៈពេល១០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលសំណើនេះ។ ប្រភពដដែល បន្តថា បន្ទាប់ពីពិនិត្យដោយល្អិតល្អន់ ក្រុមប្រឹក្សាភិបាលអាចសម្រេចឱ្យការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទបន្តការស៊ើបអង្កេត ឬបញ្ឈប់ការស៊ើបអង្កេតនេះ។
សេចក្ដីថ្លែងការណ៍ បញ្ជាក់ថា គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីនៅប្រទេសកម្ពុជា ដែលរងការស៊ើបអង្កេតទាំងនោះ មានដូចជា ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អិលអូអិលស៊ី និងប្រាសាក់ ពាក់ព័ន្ធនឹងការរំលោភបំពានស្តង់ដាអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ពលរដ្ឋកម្ពុជាជាច្រើននាក់បានជួបប្រទះបញ្ហាធ្ងន់ធ្ងរ ដោយសារកម្ចីបែបកេងប្រវ័ញ្ចនេះ។
លោកបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ បណ្ដោយឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ដោយពុំបានសិក្សាគ្រប់ជ្រុងជ្រោយពីលទ្ធភាពបង់ប្រាក់ត្រលប់វិញ ដែលករណីនេះបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ ពុំមានលទ្ធភាពដោះបំណុល ដោយពួកគេខ្លះចំណាកស្រុក កាត់បន្ថយរបបអាហារសម្រាប់សន្សំប្រាក់បង់ធនាគារ និងបង្ខំឱ្យកូនឈប់រៀនដើម្បីទៅបម្រើការងារដែលជាទម្រង់ពលកម្មកុមារជាដើម។
លោកបន្តថា មន្រ្តីឥណទានមួយចំនួន បានគំរាមកំហែង និងបង្ខំពលរដ្ឋ ដាក់លក់ដីដើម្បីបង់ប្រាក់ធនាគារផងដែរ។
លោកថា ករណីទាំងនេះ បានរំលោភបំពានគោលការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងការវាយតម្លៃការគ្រប់គ្រងផលប៉ះពាល់ ហានិភ័យ បរិស្ថាន សង្គម សុខភាព និងលទ្ធភាព។
លោក សំអាត និយាយថា៖ «ការកម្ចីមីក្រូហិរញ្ញវត្ថុគោលបំណងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ មិនមែនធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាទេ»។
លោក សុខ វឿន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានច្រានចោលការចោទប្រកាន់ដែលថា ស្ថាប័នផ្ដល់ប្រាក់កម្ចីអិលអូអិលស៊ី បានរំលោភលើគោលការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ លោកថា ស្ថាប័នហរិញ្ញវត្ថុទាំង៦ នៅកម្ពុជា ដែលរងការចោទប្រកាន់បានបដិសេធជុំវិញករណីនេះ ទៅកាន់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ កាលពីឆ្នាំមុន។
លោកបន្ថែមថា សមាគមមីក្រូហរិញ្ញវត្ថុកម្ពុជា នឹងចេញសេចក្ដីថ្លែងការណ៍លើករណីនេះក្នុងពេលឆាប់ៗខាងមុខ។
លោក សុខ វឿន និយាយថា៖ «អត់បានធ្វើដូចការចោទប្រកាន់គេនោះទេ ថាបង្ខំគេ[ពលរដ្ឋ]លក់ដី រំលោភសិទ្ធិមនុស្សអីហ្នឹង»។
បើតាម លោក សុខ វឿន ប្រសិនបើក្រុមប្រឹក្សាភិបាល អនុញ្ញាតឱ្យការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បើកការស៊ើបអង្កេតនោះ ដំណើរការនេះនឹងមានរយៈពេល១៨ខែ។
កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តកណ្ដាល បានបង្ខំចិត្តដាក់លក់ផ្ទះដើម្បីដោះបំណុលធនាគារ ក្រោយអស់លទ្ធភាពសងបន្ត ដោយសារមុខរបរពួកគេរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ និយាយថា៖ «ការស៊ើបអង្កេតជាជំហានដ៏សំខាន់ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណងសម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច»។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍សិក្សា ដោយបង្ហាញថា មានប្រជាពលរដ្ឋកម្ពុជា ជិត១៧ម៉ឺននាក់ (១៦៧ ០០០នាក់) បានលក់ដី និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ដដែលបញ្ជាក់ថា គិតជាមធ្យមរយៈពេល ១៦នាទីម្តងមានពលរដ្ឋខ្មែរ ១គ្រួសារបានលក់ដីដើម្បីសងទៅម្ចាស់បំណុល។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងសង្ឃឹមថា ការស៊ើបអង្កេតនេះអាចដំណើរការទៅមុខបានឆាប់ៗនេះ ដើម្បីជំរុញដល់សិទ្ធិទទួលបានដំណោះស្រាយរបស់អ្នកខ្ចីឥណទាន និងចាប់ផ្ដើមដោះស្រាយការខូចខាតធ្ងន់ធ្ងរនានា ដែលបណ្ដាលមកពីការវិនិយោគទាំងអស់នេះ»។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ តំណាងឱ្យពលរដ្ឋជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ជុំវិញការរំលោភបំពានស្តង់ដារអនុវត្តរបស់សាជីវកម្មមហរិញ្ញវត្ថុអន្តរជាតិ បណ្ដាលមកពីការអនុវត្តកម្ចីគ្មានសីលធម៌ និងកម្ចីបែបកេងប្រវ័ញ្ចនៅកម្ពុជា។
អង្គការការពារសិទ្ធិមនុស្សលីកាដូធ្លាប់ឱ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុទាំង៦នោះ ធ្លាប់ទទួលបានការអនុម័តទឹកប្រាក់ច្រើនជាង ៤០០លានដុល្លារ ពីមូលនិធិសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ រួមមាន កម្ចីឥណទានដោយផ្ទាល់ កម្ចីបញ្ចូលគ្នា កម្ចីឥណទាន និងការវិនិយោគផ្អែកលើសមភាពពីមូលនិធិដែលគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ៕