ភ្លៀងមួយមេកាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅបានបង្កឱ្យមានជំនន់ទឹកភ្លៀងភ្លាមៗ នៅរាជធានីភ្នំពេញដែលបណ្តាលឱ្យយានយន្តជាច្រើនគ្រឿងត្រូវរង់ការខូចខាត ហើយផលជះនេះក៏បណ្តាលឱ្យទ្រព្យសម្បត្តិជាច្រើន របស់ប្រជាពលរដ្ឋត្រូវខាតបង់ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងទឹកបន្តហកឡើងខ្ពស់ដែលរំខានដល់ការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។
ពលរដ្ឋជាជាងកាត់ដេរម្នាក់រស់នៅក្នុងបន្ទប់ជួលទំហំទទឹង៣ និងបណ្តោយ៥ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន២ គឺអ្នកស្រី ភឿន ស៊ីណេត បានរៀបរាប់ថា នេះជាលើកទី១ហើយដែលអ្នកស្រីជួបជំនន់ទឹកភ្លៀងធំបែបនេះ ដោយត្រូវខកខានរកចំណូល ៣ថ្ងៃ ទម្រាំទឹកស្រក និងបាចទឹកចេញពីផ្ទះអស់។ មិនតែប៉ុណ្ណោះ ស្ត្រីវ័យ ៤២ឆ្នាំរូបនេះបន្តថា ការជន់លិចដោយភ្លៀងមួយមេធំនេះ បានបង្កការខូតខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលធ្វើឱ្យបាត់បង់ចំណូលថែមទៀត ។
ដោយសារជំនន់ទឹកភ្លៀងមួយមេធំនេះ អ្នកស្រី ភឿន ស៊ីណាត ឱ្យដឹងថា រូបគេត្រូវចំណាយលុយដើម្បីជួលជុលម៉ូតូប្រមាណ ១០០ ០០០ រៀល ហើយសម្ភារៈក្នុងផ្ទះក៏ត្រូវខូចខាតដែរ។
អ្នកស្រីបន្តថា៖«យើងធ្លាប់រករាល់ថ្ងៃ ដល់ពេលលេចផ្ទះអ៊ឹចឹងទៅ ខាន ២ថ្ងៃ ព្រោះភ្ញៀវម៉េចមកបើទឹកលិចអ៊ឹចឹង។ ហើយខូចម៉ូតូទៀត ចង់និយាយថាទឹកចូលប្រេងម៉ាស៊ីនចូលអី ត្រូវធ្វើអស់បួនដប់ម៉ឺន »។
ក្រៅពីត្រូវបាត់បង់ចំណូល និងខូចខាតទ្រព្យសម្បត្តិហើយ អ្នកស្រី ភឿន ស៊ីណាត ឱ្យដែរថាកូនៗរបស់អ្នកស្រី ក៏ត្រូវខកខានក្នុងសិក្សារយៈពេល ២ថ្ងៃថែមទៀត ដោយសារតែទឹកលិចចូលសាលារៀន។
កំពុងជាន់ម៉ាស៊ីនដេរខោបណ្តើរ និងរៀបរាប់បណ្តើរប្រភពដដែល និយាយថា សកម្មភាពរើឥវ៉ាន់លក់ដូ និងសម្ភារៈក្នុងផ្ទះ រួមទាំងសកម្មភាពបណ្តើរយានយន្តពាសពេញផ្លូវនៅល្ងាចថ្ងៃទី៣កក្កដានោះ បានដិតជាប់ទៅនឹងអារម្មណ៍របស់អ្នកស្រីដោយមិនអាចបំភ្លេចបាន ខណៈពេលនោះមានកាកសំណល់សំរាមអណ្តែតមកពីគ្រប់ទិសទី ដែលគួរឱ្យបារម្ភពីសុខភាពរស់នៅ។
អ្នកស្រីបន្តថា៖«ជួនកាលគ្នាទើបមកនៅអត់ដឹង លិចមុង លិចភួយ លិចខ្នើយអ៊ឹចឹងទៅ ហើយសំរាមអីអណ្តែតពេញទឹកពេញដីពេលមេឃភ្លៀង»។
ជាងជួសជុលម៉ូតូម្នាក់ទៀត រស់នៅក្បែរផ្សារបឹងកេងកង លោក ចន សិរីរតនៈ ឱ្យដឹងថា ក្រោយភ្លៀងមួយមេធំរួចហើយ មានម៉ូតូជាច្រើនគ្រឿងយកមកបញ្ឈរត្រៀបគ្នា ដើម្បីឱ្យលោកជួសជុល ដែលបណ្តាលមកពីទឹកលិច។លោកបានបញ្ជាក់ថា ម៉ូតូនីមួយៗដែលធ្វើដំណើរកាត់ទឹករួច ត្រូវចំណាយថវិកាជួលជុលចាប់ពី ១០០ ០០០រៀលឡើង។ការជួសជុលភាគច្រើន គឺត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មីមួយចំនួន និងប្តូរប្រេងម៉ាស៊ីនចេញ។
លោកបន្តថា៖«មួយគ្រឿង១០ដុល្លារជាង ម៉ូតូណាដែលឆ្លងដល់អាគុយវាឡើងទៅដល់២០ដុល្លារជាង »។
មិនខុសគ្នាដែរ ជាម្ចាស់ផ្ទះជួលដែលកំពុងរៀបចំបូមទឹកចេញពីមុខផ្ទះរបស់ខ្លួន គឺលោក ទុំ សម្បត្តិ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានបង្កផលប៉ះពាល់ជាច្រើន និងបានបង្ខំឱ្យពលរដ្ឋត្រូវបិទទ្វារផ្ទះដែលធ្លាប់រកស៊ី ព្រោះតែផ្នែកខ្លះនៃផ្ទះដូចជាទ្វារជាដើម ត្រូវបាក់ដួលដោយសារតែជំនន់ទឹកភ្លៀងនេះ។
លោកបន្តថា៖«ប៉ះពាល់ណាស់! គ្នារកស៊ីអត់បាន គ្នាទៅណាបើលិច រកទទួលទានអត់បានផង ៣ថ្ងៃបិទទ្វារជាប់ ។ បិទទ្វារទៅឡានខ្លះគ្មានយោគយល់ទេ បើកធ្វើឱ្យរលកបាក់ទ្វារគ្នាអស់ បាក់ត្រចៀកទ្វារ បែកកញ្ចក់ទ្វារគ្នាអស់»។
បុរសវ័យ ៧៥ឆ្នាំរូបនេះស្នើឱ្យរដ្ឋាភិបាលជួយពង្រីកលូ ឬលើកផ្លូវនៅតំបន់នោះឱ្យខ្ពស់ជាងបច្ចុប្បន្ន ដើម្បីបញ្ចៀសការជន់លិច ខណៈលោកអះអាងថា ជំនន់ទឹកភ្លៀងលើកនេះមានកំណើនខ្ពស់ជាងឆ្នាំមុនៗដល់ទៅ៣ដង ។
ចំណែក ប្រធានមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា លោក គី សង់ទី បានណែនាំថា នៅរដូវភ្លៀងនេះ ប្រសិនបើបរិស្ថានជុំវិញផ្ទះមានទឹកដក់ អាចនឹងក្លាយជាជម្រកមូសខ្លា ហើយប្រឈមនឹងជំងឺគ្រុនឈាម។
លោកបន្តថា៖«កាលណាទឹកដក់ គឺធ្វើឱ្យមានសំបុកមូសហើយ។ សំបុកមូសហ្នឹងជាចំណុចសំខាន់ត្រូវប្រយ័ត្ន នៅតាមផ្ទះត្រូវសម្អាតឡើងវិញ ហើយធ្វើម៉េចកុំឱ្យទឹកដក់យូរ វាធ្វើឱ្យមានហ្វូងមូសខ្លាកើតច្រើន ខាំកូនចៅ អាចបណ្តាលឱ្យមានគ្រុនឈាម»។
ចំណែក នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានប៉ះពាល់ដល់បរិស្ថាន និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ដែលលោកបារម្ភថាងាយនឹងប្រឈមបញ្ហាសុខភាព ប្រសិនបើទឹកទាំងនោះមានប្រភពពីតំបន់កខ្វក់។ ដូច្នេះលោកថាតម្រូវឱ្យអាជ្ញាធរយកចិត្តទុកដាក់ក្នុងការរំដោះទឹកឱ្យបានលឿនបំផុត និងគួរតែពិនិត្យលទ្ធភាពផ្សេងៗ ដើម្បីបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។
លោកបន្តថា៖«ខ្ញុំគិតថាបើទឹកហ្នឹងនៅតែបន្តលិចយូរ អាហ្នឹងវាប៉ះពាល់ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ យើងឃើញហើយតាំងពីមុខរបស់គាត់ តាំងពីការរស់នៅ ទាំងបរិស្ថាន អនាម័យអីផ្សេងៗដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ហើយបើសិនជាមានជំងឺវាកាន់តែខាតបង់ចំពោះពួកគាត់»។
ត្រឡប់មកអ្នកស្រី ភឿន ស៊ីណាត វិញ អ្នកស្រីចាត់ទុកថា ជំនន់ទឹកភ្លៀងដែលហក់លឿន និងមិនងាយស្រកទៅវិញបែបនេះ ដោយសារតែការអភិវឌ្ឍន៍លុបកន្លែងធ្លាប់ជាកន្លែងស្តុកទឹកមួយចំនួន ហើយជំនួសវិញដោយការសាងសង់អាគារធំៗ ដែលធ្វើឱ្យទឹកមិនអាចហូរចេញដូចមុនបានលឿន ហើយបែរជាទឹកត្រូវធ្លាក់មករកតំបន់ដែលមានភូមិសាស្ត្រទាបវិញ។
អ្នកស្រីបន្តថា៖«ដល់ពេលគេអភិវឌ្ឍ គេលុបបឹងលុបអីអ៊ឹចឹងទៅហា គេធ្វើផ្ទះធ្វើអីទៅ អាយើងទាបហ្នឹងវាហូរមកយើង វាអត់»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី កេះ ណា អះអាងថាការជន់លិចនេះ ដោយសារមិនមានកន្លែងស្តុកទឹក ខណៈការអភិវឌ្ឍន៍ភាគច្រើនលុបបឹងធម្មជាតិដែលធ្លាប់រំដោះទឹក នៅក្នុងទីក្រុងភ្នំពេញ។អ្នកស្រីបន្ថែមថា ពីមុនមានបឹងស្តុកទឹកច្រើនកន្លែង តំបន់នោះមិនដែលមានការជន់លិចនោះទេ ពោលគឺក្រោយភ្លៀងរួច ទឹកក៏ហូរទៅអស់។
អ្នកស្រីបន្តថា៖«វាអត់កន្លែងស្តុកទឹក ដោយសារឥឡូវគេអភិវឌ្ឍអស់ទៅ ដឹងធ្វើម៉េច។ វាគ្មានកន្លែងដាក់ទឹក ដល់អ៊ឹចឹងវាមិនចាល់(ទឹក)។អត់ទេ! តែមួយមេ ហើយវាគ្រាន់តែរាំង គឺវាអស់ដែរហើយ តែម្តងនេះអត់ងាយស្រកហ្មងហាស »។
អតីតរដ្ឋមន្ត្រីក្រសួងដែនដី និងជាអតីស្ថាបត្យករដ៏ល្បីល្បាញ ក្នុងសម័យសង្គមរាស្រ្តនិយម គឺលោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់លើកឡើងថា ដើម្បីកុំឱ្យមានទឹកជំនន់ដោយទឹកភ្លើង បឹងមួយចំនួនដែលមាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺមិនត្រូវលុបទេ។បើតាម អតីតស្ថាបត្យករជើងចាស់រូបនេះ នៅពេលណាបឹងទាំងនោះ ត្រូវលុប វានឹងធ្វើឱ្យរាជធានីភ្នំពេញទាំងមូល នឹងត្រូវលិចលង់ ពេលមានភ្លៀងម្តងៗ។គេសង្កេតឃើញថា បឹងមួយចំនួន ដែលជាកន្លែងរំដោះទឹក ក្នុងក្រុងភ្នំពេញ ត្រូវបានចាក់លុបជាបន្តបន្ទាប់ ក្រោមហេតុផលអភិវឌ្ឍ ដូចជាបឹងកក់ បឹងទំពុន បឹងពោងពាយ បឹងប៉ាយាប បឹងស្នោ បឹងក្រពើ និងបឹងតាមោកជាដើម។
ការលើកឡើងរបស់លោក វណ្ណ ម៉ូលីវណ្ណ នេះវាហាក់ស៊ីគ្នាទៅនឹងរបាយការណ៍ស្រាវជ្រាវ របស់អង្គការសង្គមស៊ីវិលចំនួនបីស្ថាបន មានអង្គការ លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការធាតត្នោត។តាមរយៈការចេញផ្សាយនូវរបាយការណ៍រួមគ្នា ដែលមានចំណងជើងថា «ការបាត់បង់បឹងទំពុន» កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ បានបង្ហាញថា ប្រជាពលរដ្ឋជាង ១លាននាក់កំពុងប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬបឹងជើកឯក និងបង្កអសន្តិសុខ។
របាយការណ៍បញ្ជាក់ថា៖«បើគ្មានតំបន់បឹងទាំងនោះទេ ប្រជាជនជាងមួយលាននាក់នៅរាជធានីភ្នំពេញនឹងប្រឈមការកើនឡើងទឹកជំនន់ »។
ដោយឡែក របាយការណ៍របស់សមាគមធាងត្នោតដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ រកឃើញថា បឹងធម្មជាតិចំនួន១៦ ត្រូវបានលុបទាំងស្រុង ហើយបឹងចំនួន ១០ទៀត កំពុងចាក់លុបខ្លះៗ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦នៅរាជធានីភ្នំពេញ ក្នុងនោះមានបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ ក៏កំពុងប្រឈមនឹងការចាក់លុបដូចគ្នាដែរ។
របាយការណ៍នេះបង្ហាញទៀតថា បឹងតាមោក ឬបឹងកប់ស្រូវ ជាបឹងមួយធំជាងគេក្នុងរាជធានីភ្នំពេញ មានទំហំជាង ៣ពាន់ ២រយ (៣២៣៩)ហិកតារ និងមានប្រជាជនរស់នៅជុំវិញបឹងចំនួន ៣១៩ គ្រួសារ។បឹងនេះ អាចការពារទឹកជំនន់ អាងស្តុកទឹកស្អាតលក្ខណៈធម្មជាតិ ធនធានត្រី និងបក្សីជាដើម ក៏នឹងត្រូវបាត់ឈ្មោះជាបឹង ក្នុងពេលខាងមុខ ដូចបឹងផ្សេងទៀតដែរ។
របាយការណ៍អង្កេតមួយផ្សេងទៀត របស់សមាគមធាងត្នោតដដែលបានបង្ហាញថា គិតមកត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវត្រូវបានកាត់យ៉ាងហោចណាស់ ៥៦ដង ដែលមានទំហំសរុប ២ ១៥២,៦២ហិកតារ ឬប្រមាណជិត៧០ភាគរយ នៃផ្ទៃបឹងទាំងមូល។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក សឿង សារ៉ន ឱ្យដឹងថា តាមយៈការស្រាវជ្រាវរបស់សមាគមបានបង្ហាញថា មូលហេតុដែលរាជធានីភ្នំពេញងាយរងនូវទឹកជំនន់ដោយសារតែអាកាសធាតុប្រែប្រួល និងការអភិវឌ្ឍផ្សេងៗដែលខ្វះការសិក្សា។ជាពិសេសគឺការលុងអាងស្តុកទឹក និងការធ្វើប្រព័ន្ធលូចង្អៀត ឬស្ទះដោយសារកាកសំណល់សំរាមជាដើម។
លោកបន្ថែមថា ប្រសិនបើបឹងធំៗចំនួន២ នៅតែមានការលុបជាបន្តទៀត នោះរាជធានីភ្នំពេញនឹងងាយប្រឈមបញ្ហាទឹកជំនន់។
លោកបន្តថា៖«រាជធានីភ្នំពេញនឹងអាចប្រឈមនូវជំនន់ទឹកភ្លៀង ទឹកជំនន់ ប្រសិនបើបន្តលុបបឹង ឬអាងស្តុកទឹកសំខាន់ៗ ដូចជាបឹងតាមោក បឹងទំពុន ដែលជាអាងស្តុកទឹក២ធំជាងគេក្នុងរាជធានីភ្នំពេញ»។
មន្ត្រីជាន់ខ្ពស់សមាគមធាងត្នោតដដែលអះអាងថា ដើម្បីបញ្ចៀសបញ្ហាទឹកជំនន់នេះ អាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តទៅតាមអ្វីដែលរដ្ឋាភិបាលកំណត់នៅក្នុងអនុក្រឹត្យនានា ដើម្បីកំណត់ទំហំ និងវាយតម្លៃពីផលប៉ះពាល់ មុននឹងអភិវឌ្ឍ។មួយវិញទៀត គឺត្រៀមថវិកាបម្រុងដើម្បីរៀបចំប្រព័ន្ធលូ និងស្ថានីយ៍បូមទឹកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
បើទោះបែបណា គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមិនទាន់ចេញរបាយការណ៍ ជាផ្លូវការណាមួយអំទំហំនៃការខូចខាត ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនេះនៅឡើយទេ។
ដោយឡែក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បដិសេធមិនឆ្លើយតប ដោយអះអាងថាជាប់រវល់ រួចក៏ផ្តាច់ទូរស័ព្ទទៅ។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២៣ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចាត់ទុកការជន់លិចភ្នំពេញនេះថា ជាគ្រោះមហន្តរាយមួយដែលមិនធ្លាប់មាន ហើយលោកការហក់ឡើងនៃកម្ពស់ទឹករហូតដល់ជាង១៥០មីលីម៉ែត្រ ដោយសារតែស្ថានភាពភ្លៀងខ្លាំងពេក ធ្វើឱ្យលូមិនអាចមានលទ្ធភាពបង្ហូរទឹកចេញទាន់ពេល ហើយក៏មិនទាន់អាចធ្វើស្ថានីយ៍រំដោះទឹកធំជាងបច្ចុប្បន្នបានដែរ។
លោកបន្តថា៖«ទឹកជំនន់នេះយើងមិនអាចឃាត់មិនឱ្យលេចទាន់ទេ ហើយយើងក៏មិនអាចធ្វើស្ថានីយ៍កម្រិតនេះបានដែរ ដោយសារប្រឡាយចាស់យើងមានស្រាប់ហូរលើប្រឡាយហ្មង ទឹកវាខ្លាំងពេកហូរលើប្រឡាយហ្មង លេចអាចផ្លូវជាប់ប្រឡាយហ្នឹងហ្មង»។
ក្រៅពីនេះ អភិបាលក្រុងភ្នំពេញរូបនេះអះអាងថា នឹងបន្តសិក្សាពីបញ្ហានេះបន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ញានេះ តាមរយៈការធ្វើប្រឡាយ និងការពង្រីកទំហំម៉ាស៊ីនបូមជាដើម។
របាយការណ៍ដែលចេញដោយ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា បង្ហាញថា ជំនន់ទឹកភ្លៀងលើកនេះ បណ្តាលឱ្យខណ្ឌចំនួន ៥ត្រូវលិចលង់ធ្ងន់ជាងគេ ដូចជា ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ស្របពេលជាមួយគ្នានេះ របស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី៥ ដល់១១ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ដែលអាចបង្កឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែរ៕