ស្ថាបនិកក្រុមយុវជនសំរាម បានបង្កើតថ្នាក់រៀនមួយកន្លែង ដើម្បីផ្តល់ឱកាសឱ្យកុមារគ្មានទីពឹង រួមទាំងក្មេងក្រីក្រដែលមិនបានសិក្សា ដោយសារតាមឪពុកម្តាយធ្វើសំណង់នៅរាជធានីភ្នំពេញ អាចបើកផ្លូវឱ្យពួកគេបានរៀនសូត្រដូចក្មេងដទៃទៀតដែរ។
លោក សាន ដារ៉ាវីត ស្ថាបនិកក្រុមយុវជនសំរាមដែលជាក្រុមដើរសម្អាតកាកសំណល់ផ្សេងៗក្នុងរាជធានីភ្នំពេញ បានសម្រេចចិត្តបើកថ្នាក់រៀន កម្រិតមត្តេយ្យមួយ នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។ ការបើកថ្នាក់បណ្តុះបណ្តាលក្រៅប្រព័ន្ធនេះ ដោយសារមើលឃើញកុមារដែលមកតាមឪពុកម្តាយធ្វើសំណង់នៅភ្នំពេញ និងកុមារកំពា្រជាច្រើនទៀត ជួបការលំបាក និងមិនធ្លាប់បានចូលសិក្សា។
បន្ថែមពីលើនេះ លោក សាន ដារ៉ាវីដ អំពាវនាវឱ្យកុមារគ្មានទីពឹង និងគ្មានសាច់ញាតិ ក៏អាចចូលរៀនបានដែរ ប្រសិនបើពួកគេចាប់អារម្មណ៍។ ក្រៅពីនេះ ការបង្កើតថ្នាក់រៀននេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យកុមារទាំងនោះបានចេះដឹង និងរួមចំណែកជំរុញពួកគេឱ្យមានអនាគតល្អ ព្រោះមិនចង់ឱ្យលំបាកដោយការងារប្រើកម្លាំង និងក្លាយជាបន្ទុកសង្គម ដោយសារគ្មានការងារធ្វើ ឬដើរសុំលុយគេជាដើម។
លោកបន្តថា៖ «បើសិនជាគាត់អាចរៀនខ្ពស់ៗទៅ យើងនឹងព្យាយាមស្វែងរកអាហារូបករណ៍ឱ្យគាត់បន្ថែម ដើម្បីឱ្យគាត់រៀនចប់។ បើសិនជាគាត់អត់បានចូលរៀន អនាគតរបស់គាត់អត់មានអីក្រៅពីប្រើកម្លាំងធ្វើជាកម្មករទេ អាចធ្វើនៅក្នុងស្រុក ឬអាចធ្វើចំណាកស្រុក»។
បើតាម លោក ដារ៉ាវីត ថ្នាក់រៀននេះ បានបើករយៈពេល ២ខែមកហើយ ដោយបានបង្រៀនសិស្សចំនួន ៥នាក់ ជាការសាកល្បង។ ប៉ុន្តែនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ នឹងបើកជាផ្លូវការដោយមានកុមារជិត ២០នាក់ ចូលរៀន ហើយក្នុងនោះក៏មានគ្រូស្ម័គ្រចិត្តចំនួន ៧នាក់ ចូលរួមបង្រៀនដែរ។ លោកបញ្ជាក់ទៀតថា ចំពោះកុមារទាំងនោះនឹងទទួលបានការគាំទ្រទាំងស្រុងតាមរយៈការផ្តល់សម្ភារសិក្សា និងអាហារ ២ពេលក្នុងមួយថ្ងៃ ហើយថែមទាំងផ្តល់កន្លែងស្នាក់នៅថែមទៀត ប្រសិនបើពួកគេខ្វះខាត។ មិនតែប៉ុណ្ណោះ លោកថា ប្រសិនបើកុមារណាដែលអាចរៀនបានជាប់លាប់រយៈពេលចាប់ពី ១ខែឡើងទៅ នឹងទទួលបានកង់មួយ ដើម្បីជាការលើកទឹកចិត្ត។
អ្នកស្រី ធឹម ធាង ដែលមានចៅប្រុស-ស្រីចំនួន ៤នាក់ ក្នុងនោះមាន ២នាក់ជាក្មេងកំព្រា ពួកគេសុទ្ធតែមិនបានសិក្សានៅឯស្រុកកំណើតនាខេត្តបាត់ដំបង។ ប្រភពបន្តថា ការខកខានក្នុងការសិក្សានេះ ព្រោះតែក្រុមគ្រួសារមានជីវភាពខ្វះខាត ដូច្នេះត្រូវមកតាមអ្នកស្រី និងឪពុកម្តាយរបស់ពួកគេ ដែលធ្វើការងារផ្នែកសាងសង់នៅរាជធានីភ្នំពេញ។
ស្ត្រីវ័យ ៦៥ឆ្នាំរូបនេះ អះអាងទៀតថា ការបើកថ្នាក់រៀនេះ ហាក់បីដូចជាស្រោចស្រង់ចៅៗរបស់អ្នកស្រី ដែលគ្មានឱកាសចូលរៀន ឱ្យបានចេះដឹង ថែមទាំងបានការឧបត្ថម្ភសម្ភារសិក្សា រួមទាំងជួយទិញកង់ឱ្យថែមទៀតផង។
អ្នកស្រីបន្តថា៖ «គាត់ជួយឱ្យសិស្សហ្នឹងមានសង្ឃឹមហ្មង។ បើអត់បើក(ថ្នាក់រៀន)ទៅល្ងង់! វាអត់ចេះទាំងអស់! វាអត់មានអីចេះនឹងគេទេ »។
ចំណែក រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សិរី ជំនះ ធ្លាប់បានបញ្ជាក់ថា ការងារស្ម័គ្រចិត្តគឺជាការងារដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះជាឱកាសក្នុងរៀនសូត្រ និងជាការបណ្តុះសាមគ្គីភាព។ លោកក៏បានជំរុញឱ្យយុវជនបង្កើនការចូលរួមការងារស្ម័គ្រចិត្ត ខណៈលោកថាចាត់ទុកថា អ្នកស្ម័គ្រចិត្តគឺជាផ្នែកមួយដែលខ្វះមិនបាន(កតាលីករ)ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍នៅសហមគមន៍ និងសង្គមជាតិទាំងមូល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង ចាត់ទុកថា ការបង្រៀនស្ម័គ្រចិត្ត គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនផ្សេងទៀត។ លោកបន្ថែមថា សកម្មភាពទាំងនោះ ក៏គួរតែត្រូវបានលើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល តាមរយៈការផ្តល់កម្លាំងចិត្ត និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីគាំទ្រដល់ការបង្រៀនកុមារដែលខ្វះខាត និងមិនបានរៀនសូត្រ។
លោកបន្តថា៖ «ត្រូវតែមានការលើកទឹកចិត្តពីអាណាព្យាបាល ពីអាជ្ញាធរ ពីរដ្ឋាភិបាល សម្រាប់ការផ្តួចផ្តើមបែបហ្នឹង។ជាមួយគ្នានោះទៀតសោត ក៏គួរតែមានការគាំទ្រដល់គាត់ដែរ គាំទ្រទាំងខាងផ្នែកស្មារតី ទាំងមធ្យោបាយផ្សេងៗដែលគាត់អាចបន្ត ហើយពង្រឹងសមត្ថភាពពួកគាត់តទៅមុខថែមទៀត»។
លោក សាន ដារ៉ាវីត ជាស្ថាបនិកយុវជនសំរាម លើកឡើងថា នេះគឺជាថ្នាក់រៀនដំបូងគេហើយដែលលោកបានផ្តួចផ្តើមឡើង ដើម្បីកុមារដែលមិនមានឱកាសសិក្សាទាំងនោះ ខណៈលោកចំណាយថវិកាផ្ទាល់ខ្លួនអស់ប្រមាណជាង ២ពាន់ដុល្លារអាមេរិកមកហើយ ដើម្បីជួយទ្រទ្រង់សកម្មភាពនេះ។
យ៉ាងណា លោកថានឹងខិតខំ ដើម្បីបង្កើតឱ្យមានកាន់តែច្រើននៅតាមបណ្តាខេត្តមួយចំនួនទៀត ដែលសម្បូរក្រុមក្មេងៗទាំងនោះ ខណៈលោកថាជំហានបន្ទាប់អាចនឹងធ្វើនៅតំបន់ឧត្តុង្គ ក្នុងខេត្តកំពង់ស្ពឺ ក្រោយមើលឃើញថាមានកម្មករសំណង់ជាច្រើន បានកើនឡើងព្រោងព្រាតនៅទីនោះ ដោយឪពុកម្តាយ បានយកកូនតាម អំឡុងពេលធ្វើសំណង់។ ស្ថាបនិកក្រុមយុវជនសំរាមរូបនេះ ក៏អំពាវនាវដែរថា ការផ្តួចផ្តើមថ្នាក់រៀននេះ គឺជាការបង្ហាញទៅកាន់មហាជនឱ្យបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារសិក្សាផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យកុមារដែលខ្វះខាតផ្សេងទៀតបានសិក្សាដែរ។ លើសពីនេះទៀត លោកថា សកម្មភាពនេះ ក៏ជាទង្វើរមួយដែលលោកចង់ឃើញយុវជនផ្សេងទៀតបង្កើតឱកាសឱ្យបានច្រើននៅក្នុងសង្គម ដើម្បីជួយកុមារក្រីក្រ និងគ្មានទីពឹងដូចជានៅពេលនេះដែរ៕