សហជីពដែលទ្រទ្រង់សិទ្ធកម្មករនិយោជិត រកឃើញថាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិតនៅតាបណ្តោយផ្លូវវេងស្រេង ត្រៀមបញ្ឈប់កម្មករជាង១០០នាក់ នៅខែសីហាខាងមុខនេះ ក្រោមហេតុផលថាមិនមានការបញ្ជាទិញ ខណៈកម្មករបង្ហាញការព្រួយបារម្ភពីកង្វះការងារធ្វើបើរោងចក្រពិតជាត្រូវបានបញ្ឈប់ទៅតាមផែនការពិតមែន។
អគ្គលេខាធិការរងរសហព័ន្ធសហជីពសេរីកម្មករ លោក វ៉ាន់ សេងលី បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីតធីត ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធន៍សែនជ័យ ត្រៀមបញ្ចប់កិច្ចសន្យាការងារកម្មករប្រមាណ១២៨នាក់ ដោយបានប្រាប់ហេតុផលទៅតំណាងកម្មករថាមិនមានការបញ្ជាទិញពីក្រៅប្រទេសទៀត។
លោកបន្តថា៖ «រោងចក្រខ្វាន់ទុមនឹងគឺគ្រោងនឹងបញ្ឈប់កម្មករមានចំនួន១២៨នាក់[…]ដោយសារតែគ្មានអ្នកបញ្ជាទិញ»។
បើតាមលោក វ៉ាន់ សេងលី ព័ត៌មានដែលទទួលបាននេះ គឺតំណាងសហជីពមូលដ្ឋានរបស់ បានជួបប្រជុំគ្នារួចហើយជាមួយភាគីក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។
ចំណែក កម្មការិនីឈ្មោះ ឱម ចិន្តា ជាឈ្មោះដែលអ្នកសារព័ត៌មានដាក់ឱ្យ បានប្រាប់ថា ក្រុមហ៊ុនបានប្រាប់តំណាងសហជីពប្រចាំរោងចក្រនេះថា នឹងបញ្ឈប់កម្មករនិយោជិតប្រមាណ១០០នាក់ ដោយមានកម្មករកម្មការិនីដែលធ្វើការបានលទ្ធផលតិច និងអ្នកដែលមានវ័យចំណាស់ ហើយក្នុងនោះក៏អាចមានតំណាងសហជីពក្នុងរោងចក្រនេះដែរ។
អ្នកស្រីបន្តថា៖ «ពួកគាត់គ្រាន់តែប្រាប់ខាងតំណាងឱ្យដឹងថា នឹងមានការបញ្ឈប់កម្មករប្រហែលជា១០០នាក់។ កម្មករដែលដេរមិនសូវបានចំនួនភាគរយទាប ហើយនិងកម្មករដែលគាត់ធ្វើការយូរឆ្នាំតែគាត់ចាស់ ហើយនិងមានប៉ះពាល់ដល់តំណាងដែរ»។
បើតាមអ្នកស្រី ចិន្តា ក្រុមហ៊ុនបានសន្យាថានឹងផ្តល់ឱ្យសំណងទៅកម្មករនិយោជិតស្របតាមច្បាប់ដែរ ប៉ុន្តែមិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់ និងបែបបទនៃសំណងនេះនៅឡើយទេ។
ទោះជាក្រុមហ៊ុនប្តេជ្ញាថានឹងគោរពតាមកិច្ចសន្យាក្តី អ្នកស្រី និងកម្មករផ្សេងទៀតនៅតែមានការព្រួយបារម្ភចំពោះការគ្មានការងារធ្វើដែរ ព្រោះបច្ចុប្បន្នមានរោងចក្រច្រើនកន្លែងហើយបានបិទទ្វារ និងបញ្ឈប់កម្មករនយោជិតជាបន្តបន្ទាប់។
អ្នកស្រីបន្តថា៖ «មិនដឹងទៅរកការងារកន្លែងណាដែរឥឡូវ ព្រោះអីរោងចក្រឥឡូវមានការព្យួរ មានការបិទ មានការបញ្ឈបើកម្មករច្រើន។ អ៊ឹចឹងពួកខ្ញុំព្រួយបារម្ភប៉ះពាល់រឿងអាហារហូបចុក ហើយនិងកូនរៀន បង់ធនាគារ ថ្លៃទឹកថ្លៃភ្លើង និយាយទៅចំណាយចាយប្រចាំថ្ងៃពិបាកខ្លាំង បើសិនជាអត់មានការងារធ្វើ»។
មិនខុសគ្នាទេ អ្នកស្រី អ៊ុន ស្រីនិច ដែលកំពុងបម្រើការនៅក្នុងរោងចក្រជាមួយគ្នាដែរ សម្តែងក្តីបារម្ភខ្លាចបាត់បង់ការងារ ព្រោះបន្ទុកក្នុងការរកចំណូលគឺអ្នកស្រីជាអ្នកទទួលខុសត្រូវ គួបផ្សំនឹងការចំណាយខ្ពស់ ដូចជាចំណីអាហារប្រចាំថ្ងៃ កូនរៀន និងផ្គត់ផ្គង់គ្រួសារ រួមទាំងបង់ធនាគារជាដើម។
អ្នកស្រី ស្រីនិច បានឱ្យដឹងថា រោងចក្រនេះក៏ធ្លាប់បានព្យួរការងារកម្មកររយៈពេលខ្លីប្រមាណ៤ដងរួចមកហើយដោយសារតែមិនមានការបញ្ជាទិញ។
អ្នកស្រីបន្តថា៖ «ងាកព្យួរ ងាកបញ្ឈប់ ពេលខ្លះទៅរើសចូលបានតែមួយខែបញ្ឈប់ ឬក៏ព្យួរអ៊ឹចឹងទៅ ដល់ពេលអ៊ឹចឹងវាពិបាក»។
បើតាមអ្នកស្រី អ៊ុន ស្រីនិច នៅអំឡុងពេលរោងចក្រព្យូរការងារ ពួកគេក៏ទទួលបានប្រាក់ឧបត្ថម្ភក៍ខ្លះដែរ គឺទទួលបានពីភាគីរោងចក្រ ៣០ ដុល្លារ និងពីក្រសួងការងារចំនួន ៣០ដុល្លារ។ប៉ុន្តែថវិកានេះ នៅតែមិនទាន់អាចដោះស្រាយបញ្ហាប្រឈមបានដែរ ព្រោះតម្រូវការចំណាយបច្ចុប្បន្ននេះ ចេះតែកើនឡើងមិនឈប់ឈរ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងលោក វង្ស៊ី វិស្សិត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានភ្លាមៗទេ ដោយសារទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ចំណែក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បដិសេធក្នុងការអត្ថាធិប្បាយលម្អិតអំពីនីតិវិធីនៃការព្យូរការងារ ឬរោងចក្រត្រូវបិទទ្វារ។ប៉ុន្តែលោកអះអាងដោយខ្លីថា ព័ត៌មានដែលលើកឡើងទាំងនោះ លោកចាត់ទុកថាវាគឺជាពាក្យចចាមអារ៉ាម ហើយក៏មិនពាក់ព័ន្ធទៅនឹងការបិទប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP និង EBA ដែរ។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅធ្លាប់បានអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយដោយសហភាពអឺរ៉ុបនេះ នឹងមិនប៉ះពាល់សង្វាក់ផលិតកម្មនៅកម្ពុជាទេ ព្រោះប្រព័ន្ធអនុគ្រោះពន្ធនេះគឺចៀសមិនផុតពីការបាត់បង់ឡើយ នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជានាំទំនិញជាង៥ ០០០មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនជាប់របាំងពន្ធគយ។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុពលភាពកាលពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញនៅឡើយទេចាប់តាំងពីឆ្នាំ២០២១មក។
ដោយឡែក សហភាពអឺរ៉ុបក៏បានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនចំនួន ២០ភាគរយពីកម្ពុជា ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រោយរកឃើញថារដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្ស បិទទ្វារប្រព័ន្ធផ្សព្វផ្សាយ និងដកហូតសិទ្ធិនយោបាយរបស់មន្ត្រីបក្សប្រឆាំង។
សហភាពអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ បានអនុម័តលើសេចក្តីសម្រេចចិត្តរបស់ខ្លួនថ្មីមួយទៀត ដោយព្រមានដកប្រព័ន្ធអនុគ្រោះទាំងស្រុងចេញពីកម្ពុជា ប្រសិនបើការបោះឆ្នោតអាណត្តិទី៧នេះ រកឃើញថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែដុនដាប់។ការព្រមានលើកទី២នេះ នៅក្រោយពេលសហភាពអឺរ៉ុប បានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះពីកម្ពុជាម្តងរួចមកហើយ។ក៏ប៉ុន្តែទីផ្សារខ្នាតយក្សមួយនេះ បានសន្យាថាខ្លួននៅតែអាចផ្តល់ឋានៈជាប្រទេស ទទួលបានប្រព័ន្ធអនុគ្រោះពន្ធដូចដើម ប្រសិនបើរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យបានប្រសើរឡើងវិញ។
ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) យល់ឃើញថាប្រសិនបើកម្មករនិយោជិតត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ហើយមិនអាចរកការងារថ្មីបានទៀត នោះវាការកាន់តែធ្វើឱ្យមានផលប៉ះពាល់បន្ថែមទៀតទៅដល់ការស់នៅ។
បើតាមលោក អាត់ ធន់ ជាការសង្កេតរបស់សហជីពក្នុងពេលកន្លងទៅ មូលហេតុដែលកម្មករនិយោជក ចូលចិត្តប្រើវិធីសាស្រ្តបិទរោងចក្រ ឬព្យូរការងារកម្មករ ព្រោះតែគេចវេសការទទួលខុសត្រូវផ្តល់អត្ថប្រយោជន៍ឱ្យកម្មករតាមរយៈប្រាក់អតីតភាព និងបំបិទសំឡេងសហជីពមូលដ្ឋាននៅក្នុងរោងចក្រ ជាពិសេសមិនចង់ទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបន្តថា៖«បើមិនបាន(ការងារថ្មី)ទៀតអាហ្នឹងប្រឈមសេដ្ឋកិច្ចអាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ ។ ពេលខ្លះគាត់បិទចង់បំបិទលុយអតីតភាពការងារកម្មករ គាត់ចង់លុបចោលសហជីព ឬក៏គាត់ចង់មិនទទួលខុសត្រូវផ្លូវច្បាប់អ៊ឹចឹងទៅ»។
ដោយឡែក លោក វ៉ាន់ សេងលី អគ្គលេខាធិការរងសហព័ន្ធសហជីពសេរីកម្មករ មើលឃើញថាការបញ្ឈប់ការងារកម្មករនិយោជិតនេះ គឺជាការគំរាមកំហែងទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ស្របពេលវិបត្តិគ្មានការងារធ្វើដោះមិនចេញ ហើយរោងចក្រចេះតែបន្តព្យូរការងារ និងបិទទ្វារជាបន្តបន្ទាប់។
លោកបន្តថា៖ «ពេលបញ្ឈប់ការងារគាត់ ដែលគាត់ពិបាករកការងារ កង្វល់របស់គាត់ខ្វះខាត ដូចជាជីវភាពរបស់គាត់មិនអាចរករោងចក្រណាធ្វើបានដោយស្រួល ព្រោះគាត់សព្វថ្ងៃពិបាករឿងជំពាក់លុយធនាគារ ពិបាកណាស់ការហូបចុក» ៕