លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ពីបទជេរប្រមាថដល់អង្គព្រះមហាក្សត្រ ជាការចោទប្រកាន់ចុងក្រោយបំផុតលើអតីតមេដឹកនាំបក្សជំទាស់ដែលបច្ចុប្បន្នរស់នៅនិរទេសខ្លួន។

លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ Newsroom Cambodia​ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះថាបទចោទតាមផ្លូវតុលាការត្រូវបានធ្វើរួចហើយលើលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧។

«រឿងហ្នឹងគឺយើងបាន អយ្យការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់រួចហើយ លោក ព្រះរាជអាជ្ញារង សេង ហៀង ពីបទប្រមាថដល់អង្គព្រះមហាក្សត្រទៅតាមមាត្រាដែលមានចែងរួចហើយនៅក្នុង ក្រមព្រហ្មទណ្ឌយើងហ្នឹង»។

មុនពេលសម្រេចចោទប្រកាន់លើលោក សម រង្ស៊ី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានធ្វើសំណើទៅដល់សាលាដំបូងរាជធានីភ្នំពេញ ឲ្យមានវិធានការផ្លូវច្បាប់ និងតឹងរ៉ឹងបំផុតលើលោក សម រង្ស៊ី បន្ទាប់ពីលោកបានផុសជាសាធារណៈនៅលើទំព័ហ្វេសប៊ុកដែលមានខ្លឹមសារជេរប្រមាថដល់អង្គព្រះ មហាក្សត្រ។ នេះយោងទៅតាមទំព័រហ្វេកប៊ុករបស់ក្រសួងយុត្តិធម៌។

លោកសម រង្ស៊ី បានលាលែងពីតំណែងក្នុងឆ្នាំ ២០១៧ ពីប្រធានគណបក្សប្រឆាំងឈានមុខគេនៅប្រទេសកម្ពុជា ហើយចាប់តាំងពីពេលនោះមក លោកបានរស់នៅក្នុងប្រទេសបារាំងដើម្បីចៀសវាងការចាប់ខ្លួន៕