សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថាខ្លួននិងតំណាងរដ្ឋាភិបាលកម្ពុជា ធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា។
គម្រោងនេះមានគោលដៅផ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍ទៅលើបណ្តាញផ្លូវថ្នល់មួយចំនួនក្នុងតំបន់ទំនាបកណ្តាលដែលមានចំនួនប្រជាជនច្រើន ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ ក៏មានការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធទៅលើវិស័យទឹកស្អាត អនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកថា លោកស្រីជឿជាក់ថាគម្រោងដែលមានបីភាគីចូលរួមនេះ នឹងផ្តល់ផលវិជ្ជមានទៅដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។
ការទទួលបានសេវាកម្មផ្សេងៗនេះ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពមិនស្មើគ្នាក្នុងសេដ្ឋកិច្ច ជាពិសេសវាពិតជាមានសារសំខាន់ក្នុងការជួយស្តារឡើងវិញពីវិបត្តិកូវីដ១៩។
លោកស្រីលើកឡើងដូច្នេះថា៖ «ខ្ញុំជឿថា គម្រោងក្រុមអឺរ៉ុបថ្មីមួយនេះដែលរួមគ្នារវាងអាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប នឹងផ្តល់ផលជាវិជ្ជមានដល់ជីវិតប្រជាជនកម្ពុជានៅទីជនបទរាប់ម៉ឺនគ្រួសារ។ ការតភ្ជាប់ដ៏ប្រសើរជាងមុនទៅកាន់ទីផ្សារនឹងទទួលបានសេវាកម្មផ្សេងៗ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពមិនស្មើគ្នាក្នុងសេដ្ឋកិច្ ចហើយក៏បង្កើតឱកាសការងារថ្មីៗតាមបណ្តាខេត្តផ្សេងៗផងដែរ។ វាពិតជាសំខាន់ណាស់ក្នុងការជួយ ស្តារឡើងវិញពីវិបត្តិកូវីដ១៩»។
«លើសពីការស្តារផ្លូវជនបទ យើងនឹងផ្តោតសំខាន់លើដំណើរការប្រព័ន្ធសមស្រប ដើម្បីថែរទាំផ្លូវជនបទទាំងនោះយ៉ាងទៀងទាត់»។
ក្នុងគម្រោងនេះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ផ្តល់ជាកម្ចី និងជំនួយសរុប ៣៧,១ លានអឺរ៉ូ កម្ចីរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ៥០លានអឺរ៉ូ និងជំនួយរបស់សហភាពអឺរ៉ុបចំនួន ៨,៧៣ លានអឺរ៉ូ៕