សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថាខ្លួននិងតំណាងរដ្ឋាភិបាលកម្ពុជា ធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនាបកណ្តាល​នៃប្រទេសកម្ពុជា។

គម្រោងនេះមានគោលដៅផ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍ទៅលើបណ្តាញផ្លូវថ្នល់មួយចំនួនក្នុងតំបន់ទំនាបកណ្តាល​ដែល​មានចំនួនប្រជាជនច្រើន ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ ក៏មានការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ​ទៅលើវិស័យ​ទឹកស្អាត អនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ នេះបើ​យោង​​តាមទំព័រហ្វេសប៊ុករបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជាបានបញ្ជាក់​​ក្នុងទំព័រហ្វេសប៊ុកថា លោកស្រីជឿជាក់ថាគម្រោងដែលមានបីភាគីចូលរួមនេះ នឹងផ្តល់ផលវិជ្ជមានទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើនគ្រួសារ។

ការទទួលបានសេវាកម្មផ្សេងៗនេះ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពមិន​ស្មើ​គ្នាក្នុងសេដ្ឋកិច្ច ជាពិសេសវាពិតជាមានសារសំខាន់ក្នុងការជួយស្តារឡើងវិញពីវិបត្តិកូវីដ១៩។

លោកស្រីលើកឡើងដូច្នេះថា៖ «ខ្ញុំជឿថា គម្រោងក្រុមអឺរ៉ុបថ្មីមួយនេះដែលរួមគ្នារវាងអាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប នឹងផ្តល់ផលជាវិជ្ជមានដល់ជីវិតប្រជាជនកម្ពុជានៅទីជនបទរាប់ម៉ឺនគ្រួសារ។ ការតភ្ជាប់ដ៏ប្រសើរជាងមុនទៅកាន់ទីផ្សារនឹងទទួលបានសេវាកម្មផ្សេងៗ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពមិនស្មើគ្នាក្នុងសេដ្ឋកិច្ ចហើយក៏បង្កើតឱកាសការងារថ្មីៗតាមបណ្តាខេត្តផ្សេងៗផងដែរ។ វាពិតជាសំខាន់ណាស់ក្នុងការជួយ ស្តារឡើងវិញពីវិបត្តិកូវីដ១៩»។

«លើសពីការស្តារផ្លូវជនបទ យើងនឹងផ្តោតសំខាន់លើដំណើរការប្រព័ន្ធសមស្រប ដើម្បីថែរទាំផ្លូវជនបទទាំងនោះយ៉ាងទៀងទាត់»។

ក្នុងគម្រោងនេះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ផ្តល់ជាកម្ចី និងជំនួយសរុប ៣៧,១ លានអឺរ៉ូ កម្ចីរបស់ភ្នាក់ងារ​អភិវឌ្ឍ​ន៍បារាំង ៥០លានអឺរ៉ូ និងជំនួយរបស់សហភាពអឺរ៉ុបចំនួន ៨,៧៣ លានអឺរ៉ូ៕