រដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសដាក់ការប្រកួតប្រជែង ក្នុងភាពជាដៃគូផ្នែកកសិកម្ម សម្រាប់ក្រុមហ៊ុនឯកជននានាចូលរួម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យកសិកម្មនៅកម្ពុជា កាលពីថ្ងៃ២៨ ខែកុម្ភៈ ២០២១ កន្លងទៅនេះ។
ការប្រកួតប្រជែងនេះ បានបើកឱ្យដាក់ពាក្យស្នើសុំពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងទឹកប្រាក់ជំនួយគម្រោងចំនួន ៣,៥ លានដុល្លារ ដល់ក្រុមហ៊ុនឯកជនណាមួយដែលបានជាប់ ហើយក្រុមហ៊ុននានា ក៏តម្រូវឱ្យផ្ដល់នូវ ដៃគូហិរញ្ញប្បទាន មួយទល់នឹងមួយ ដោយធ្វើការជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការបន្ទាន់បំផុត ទាក់ទងនឹងការងារផ្នែកប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្ដុភារ ក្នុងវិស័យកសិកម្ម។ នេះបើតាមសេចក្ដីប្រកាសរបស់ភ្នាក់ងារជំនួយអាមេរិក។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិក គឺជាដៃគូយូរអង្វែងរបស់ប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្ម។ គម្រោងដាក់ឲ្យប្រកួតជ្រើសរើសនេះ មានបំណងជំរុញឱ្យក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ រកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ផ្នែកសេដកិច្ចកម្ពុជា ដោយពង្រឹងប្រព័ន្ធទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារ ព្រមទាំងជំរុញការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន ក្នុងខ្សែចង្វាក់ផលិតកម្មទាំងមូល នៃវិស័យកសិកម្ម»។
ក្នុងសេចក្តីប្រកាសបានឱ្យដឹងទៀតថា ការប្រកួតប្រជែងនេះនឹងបិទឈប់ទទួលពាក្យត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១៕