ខុទ្ទកាល័យលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហ ឆ្នាំ២០២១ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលថាអតីតមន្រ្តីគណបក្សប្រឆាំងនឹងជួបគាត់ខណៈពេលដែលលោកស្ថិតនៅក្នុងប្រទេសបារាំង។
សំឡេងប្រជាធិបតេយ្យ (VOD) បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា អតីតគណបក្សប្រឆាំង ស្វាគមន៍ជានិច្ច ប្រសិនបើមានការបើកភ្លើងខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹងលោក ស ខេង ខណៈថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរូបនេះធ្វើទស្សនកិច្ចក្រៅផ្លូវការនៅបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសារមានធុរៈផ្ទាល់ខ្លួន។
លោកខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលការអះអាងនោះ។ «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសាធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ»។
យោងទៅតាមសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ខណៈដែលអវត្តមានលោកស ខេង លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នឹងទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហារហូតដល់លោក ឧបនាយករដ្ឋមន្ត្រី វិលត្រឡប់មកដល់មាតុប្រទេសវិញ៕