ខុទ្ទកាល័យលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហ ឆ្នាំ២០២១ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលថាអតីតមន្រ្តីគណបក្សប្រឆាំងនឹងជួបគាត់ខណៈពេលដែលលោកស្ថិតនៅក្នុងប្រទេសបារាំង។

សំឡេងប្រជាធិបតេយ្យ (VOD)  បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​ថា អតីត​​គណបក្សប្រឆាំង​ ស្វាគមន៍ជានិច្ច ប្រសិនបើមាន​​ការ​​បើក​​​​​ភ្លើង​​ខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹង​លោក ស ខេង ខណៈថ្នាក់ដឹកនាំ​​​​ក្រសួងមហាផ្ទៃរូបនេះធ្វើទស្សនកិច្ចក្រៅផ្លូវការនៅបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ​សារមានធុរៈផ្ទាល់ខ្លួន។

លោកខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលការអះអាងនោះ។  «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសាធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ»។

យោងទៅតាមសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ខណៈដែលអវត្តមានលោកស ខេង លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នឹងទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហារហូតដល់លោក ឧបនាយករដ្ឋមន្ត្រី វិលត្រឡប់មកដល់មាតុប្រទេសវិញ៕