សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានប្រកាសកាលពីពេលថ្មីៗ ដើម្បីស្វែងរកសមាជិកឆ្នើមប្រចាំឆ្នាំរបស់ខ្លួនជាលើកដំបូងតាមរយៈការប្រកួតប្រជែងអត្ថបទ រូបភាពសន្លឹក និងវីដេអូ ដើម្បីលើកទឹកចិត្តសមាជិក ជាពិសេសការលះបង់របស់ពួកគេក្នុងការបម្រើដល់សារធារណជននូវព័ត៌មានដែលអាចជឿទុកចិត្តបាន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានពីខេមបូចា ជ័យលាភីក្នុងការប្រកួតនឹងត្រូវប្រកាសក្នុងពិធីសន្និបាតសមាជិកប្រចាំឆ្នាំរបស់ខេមបូចា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ចំខួបលើកទី២ នៃការចាប់បដិសន្ធិនៃសមាគមនេះ។
រាល់ការដាក់ពាក្យចូលរួមប្រកួតទាំងអស់នឹងត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយគណៈកម្មការដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យសារព័ត៌មាន និងការងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហើយចាប់ពីឆ្នាំនេះតទៅ ពានរង្វាន់នឹងត្រូវផ្តល់ជូនជារៀងរាល់ឆ្នាំដល់អ្នកសារព័ត៌មានស្នាដៃគម្រូសម្រាប់អាជីព និងការអនុវត្តន៍ការងារក្នុងវិស័យសារព័ត៌មានមានទៅកម្ពុជា។ នេះយោងតាមខេបូចា។
យោងតាមសេចក្តីប្រកាសដដែល កាប្រកួតនេះនឹងស្វែងរកជ័យលាភីប្រាំរូប តាមផ្នែកនីមួយៗដូចជាសមាជិកឆ្នើមផ្នែកសរសេរព័ត៌មានឌីជីថល សមាជិកផ្នែករូបថតសារព័ត៌មាន សមាជិកឆ្នើមផ្នែកវីដេអូ សមាជិកឆ្នើមផ្នែកវិទ្យុ និង សមាជិកឆ្នើមវ័យក្មេង៕