ព្រះមហាក្សត្របានចេញផ្សាយព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញដែលទើបធ្វើវិសោធនកម្មរូច ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល៤ របស់កម្ពុជាជាបន្ទាន់ចាប់ពីថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០២១ តទៅ។
យោងតាមព្រះរាជក្រមចេញផ្សាយកាលពីថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០២១ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ទ្រង់បានឡាយព្រះហត្ថលេខាអនុញ្ញាតប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ជាផ្លូវការ។
ព្រះរាជក្រមនោះ បានគូសបញ្ជាក់យ៉ាងច្បាស់នូវកថាខណ្ឌមួយចំនួនដែលចែងថា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកណាដែលមានសញ្ជាតិខ្មែរតែមួយគត់ ចំណែកវរជនដែលត្រូវចាត់តាំងជានាយរដ្ឋមន្ត្រីក៏ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ដែរ ដោយឡែកប្រធានក្រុមប្រឹក្សាធម្មនុញ្ញវិញតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយគត់ផង ព្រមទាំងមានសញ្ជាតិខ្មែរពីកំណើតផង ។
ព្រះរាជក្រមដដែលបានបន្ថែមថា «ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់» ។
គួរបញ្ជាក់ផងដែរថា ការប្រកាសព្រះរាជក្រមនេះធ្វើឡើង បន្ទាប់ពីរដ្ឋសភាបានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល៤ នេះកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
គួររម្លឹកថា សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញនេះជាសំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានចេញមកប្រកាសបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាសិក្សារៀបចំឡើង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១៕