ព្រះ​មហា​ក្សត្រ​បាន​ចេញ​ផ្សាយ​ព្រះ​រាជ​ក្រម​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ធម្មនុញ្ញ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​រូច​ ស្តី​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួ​​​យ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ របស់​កម្ពុជា​ជា​បន្ទាន់​ចាប់​ពី​ថ្ងៃទី០៣​ ខែវិច្ឆកា​ ឆ្នាំ២០២១​ តទៅ​។

យោង​តាម​ព្រះ​រាជ​ក្រម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៣​ ខែវិច្ឆកា​ ឆ្នាំ២០២១​ ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ នរោត្តម​ សីហមុនី​ ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថ​លេខា​អនុញ្ញាត​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធន​កម្ម​មាត្រា១៩ថ្មី​ មាត្រា​៨២ថ្មី​ មាត្រា១០៦ថ្មី(មួយ)​ មាត្រា១១៩ថ្មី​ និង​មាត្រា​១៣៧ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ មាត្រា៣​និងមាត្រា៤​  នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​ ជា​ផ្លូវការ​។​

ព្រះ​រាជ​ក្រម​នោះ បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​កថាខណ្ឌ​មួយ​ចំនួន​ដែល​ចែង​ថា​ ប្រធានរដ្ឋសភា​ ប្រធានព្រឹទ្ធ​សភា​ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ចេញ​ពី​សមាជិក​ណា​ដែល​មាន​សញ្ជាតិ​ខ្មែ​រ​តែ​មួយ​គត់​ ចំណែក​វរជន​ដែល​ត្រូវ​ចាត់​តាំង​ជា​នាយរដ្ឋមន្ត្រី​ក៏ត្រូវ​​តែ​ជា​តំណាងរាស្ត្រ​​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ដែរ​ ដោយ​ឡែក​ប្រធាន​ក្រុ​ម​ប្រឹក្សា​ធម្មនុញ្ញ​វិញ​តម្រូវ​ឱ្យ​មាន​សញ្ជាតិខ្មែរ​តែមួយ​គត់​ផង​​ ព្រម​ទាំង​មាន​សញ្ជាតិ​ខ្មែរ​ពី​កំ​ណើត​ផង​ ។

ព្រះ​រាជ​ក្រម​ដដែល​បាន​បន្ថែម​ថា​ «ច្បាប់​ធម្មនុញ្ញ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់​»​ ។​

គួរ​បញ្ជាក់​ផង​ដែ​រថា​ ការ​ប្រកាស​ព្រះរាជ​ក្រម​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ នេះ​កាល​ពី​ថ្ងៃ​ទី២៥​ ខែតុលា​ ឆ្នាំ២០២១​។ ​

គួរ​រម្លឹក​ថា​ សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​ជា​សំណើរ​របស់​លោក​នាយករដ្ឋ​ម​​ន្ត្រី​​ហ៊ុន​​ សែន​​ ដែល​បាន​ចេញ​មក​ប្រកាស​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​សិក្សា​រៀប​ចំ​ឡើង កាល​ពី​ថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០២១​៕