(ភ្នំពេញ): ខណៈ​ព្រះអាទិត្យ​កំពុង​ឡើង​កម្តៅ​នៅ​ម៉ោង​ប្រមាណ​ជិត​១១ថ្ងៃត្រង់​ទៅ​ហើយ បុរស​សម្បុរ​សណ្តែក​បាយ សក់រួញអង្គារដី​ម្នាក់ កំពុង​អង្គុយ​ពែន​ភ្នែន​និយាយ​លេង​ជាមួយ​អ្នក​ជិត​ខាងក្រោម​រោង​សង់​ពី​ឈើ និង​ឬស្សី ប្រក់​ថង់​កៅស៊ូ​នៅ​មាត់​ទឹក​នៃ​បឹង​ទំនប់​កប់​ស្រូវ ឬ​បឹង​តាមោក​ រាជធានី​ភ្នំពេញ​។

និយាយ​ដោយបន្ថើរ​សំដី​មួយៗ លោក យាំ ប្រុសពៅ ប្រាប់ថា លោក​ប្រកប​របរ​​នេសាទ​​នៅ​បឹង​ទំនប់​កប់​ស្រូវ​នេះ​អស់​​រយៈពេល​ជិត​៦ឆ្នាំ​មក​ហើយ ដោយ​ប្រើប្រាស់​មង និង​លប​ជា​ឧបករណ៍​។

លោកបន្តទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា ដោយសារ​ជីវភាព​គ្រួសារ​របស់​លោក​មាន​ភាព​លំបាក និង​​មា​ន​​សមាជិក​ច្រើន​​ជា​ក្មេងៗ និង​ពិបាក​ក្នុង​ការរ​កការងា​ធ្វើ ទើប​លោក​បន្ត​ប្រកប​របរ​នេសាទ​​នេះ ទោះបីជា​ប្រឈម​នឹង​គ្រោះថ្នាក់​​។

លោក​ថា​៖ «​បើ​មាន​ការងារ​ផ្សេង​ធ្វើ អាច​ដោះស្រាយ​ជីវភាព​​ក្នុង​ក្រុម​គ្រួសារ​បាន ប្រហែល​ជា​ឈប់​រក​ហើយ ព្រោះអី​នៅ​ក្នុង​ទឹក​យើង​វា​មាន​ហានិភ័យ​ច្រើន ដោយសារ​កា​រចុះ(ទឹក) ដល់​ពេល​យើង​ចុះអី​ចឹង វា​មាន​ខ្យល់​រលក អញ្ចឹង​ភ័យ​ខ្លាច​លិច​ទូក»។

និយាយ​បណ្តើរ​យក​ដៃ​ជូត​ញើស​បណ្តើរ បុរសវ័យ​៣៤ឆ្នាំរូបនេះ​បន្ថែម​​ថា របរនេសាទនេះ​ជា​របរ​​ដែល​រក​ចំណូល​បាន​មិនទៀង ដោយ​ពេលខ្លះរក​បាន ហើយ​ពេល​ខ្លះទៀត​រក​ពុំ​សូវ​បាន​។

លោកថា៖ «​និយាយរួមទៅយើង​ពិបាក​ដែរ​ រកស៊ី​ក្នុង​ទឹក​ក្នុង​ភក់​អី​ចឹង។ មួយ​ថ្ងៃ​លក់​ត្រី​បាន​៧ ទៅ​៨ម៉ឺន ៤​ទៅ​៥ម៉ឺន វា​អត់​ទៀង ជួន​កាល​បាន​មួយ​ម៉ឺន​ក៏​មាន​ដែរ​»។

បឹងតាមោក​​មាន​ផ្ទៃទឹកដី​ចំនួន​៣២៣៩,៧ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​​​ទុក​ជា​សម្បត្តិ សាធារណ:​របស់រដ្ឋ។ នេះ​តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៦។​ ​ ចាប់​​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ដោយ​សម្រេច​កាត់​ប្រគល់​ទៅ​ឱ្យ​វិស័យ​ឯកជន​ និង​សម្រាប់​រដ្ឋ​ជា​បន្ត​បន្ទាប់។

សំឡេងទឹករលក គួបផ្សំជាមួយនឹងសំឡេងខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​ផ​ង​នោះ លោក​ យាំ ប្រុស​ពៅ បន្តថា លោក​មាន​ការព្រួយ​បារម្ភ​​ចំពោះកា​រ​ចាក់​ដី​លុប​បឹង​តាមោក ដែលជាកន្លែងលោក និង​ប្រជានេសាទ​ផ្សេង​ទៀត​ប្រកប​របរនេសាទ​នេះ​សម្រាប់ផ្គត់​ផ្គង់​​ជីវភាព​គ្រួសារ។

លោក​ថា៖ «បើសិនជា​​គេ​លុប​បឹង​នេះ​អស់ ប្រជាពលរដ្ឋ​ដូច​ពួក​ខ្ញុំ​អ្នក​ក្រីក្រ​នេះ ប្រហែល​ជា​គ្មាន​កន្លែង​រក​ទៀត​ទេ អត់​មាន​កន្លែង​រក​ [ត្រី] ទៀត​ទេ មិន​ដឹង​ទៅរ​កឯណាទៀតទេ មាន​តែ​ធ្វើ​សំណង់»។

ចំណែក​អ្នកស្រី​ យាំ ចាន់ណា ដែល​កំពុង​អង្គុយ​​ដណ្តប់​​ភួយ​​ក្នុ​ង​រោងប្រក់​ថង់​ផ្លាស្ទិក​​ ប្រាប់​ថា ស្វាមី​របស់​អ្នក​ស្រី​ជាអ្នកប្រកបរបរនេសាទ​នៅ​បឹង​តាមោក ឬបឹង​ទំនប់​កប់​ស្រូវ​​នេះ។ អ្នកស្រី​ថា បឹង​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ដល់​គ្រួសារ​របស់​អ្នកស្រី និង​អ្នក​នេសាទ​ឯ​ទៀត ​តាម​រយៈ​ការ​ផ្តល់​ផល​ត្រី និងបន្លែ​ដែល​អាច​ជួយ​សម្រួល​ជីវភាព​​។

ស្រ្តីវ័យ​៤៧​រូប​នេះ​​បន្ត​ថា អ្នកស្រី​មាន​ការព្រួយ​បារម្ភ​ពី​ជី​វភាព និង​ការរក​ចំណូល​ពី​​​ការនេសាទ ប្រសិនបើ​ការលុប​បឹង​ដើម្បី​អភិវឌ្ឍន៍​នៅ​តែ​បន្ត។

អ្នកស្រី​ថា៖ «ដល់​គេ​លុប​បឹង​លុប​អី​ទៅ គិត​មើល​យើង​បាន​អី​រក​?​ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ គេ​លុប​បឹង​ទៅ​មិន​ដឹង​ជា​ទៅ​រក​អី រាល់​ថ្ងៃ​បាន​បឹង​ហ្នឹង​ហើយ ថ្ងៃខ្លះ​ដក​ប្រលិត​លក់  ត្រី​ខ្លះ ប្រលិត​ខ្លះ»។

កំពុង​អង្គុយ​ធ្វើត្រី លោក​ ​អ៊ុន អេង ​ប្រាប់​ថា លោក​ប្រកប​របរនេសាទ​ត្រី និង​កំពិស​នៅ​បឹង​តាមោក​​​ដើម្បី​​យក​​ទៅ​លក់​នៅផ្សារដោយ​ខ្លួនឯង ក្រៅពីនេះ​លោក​ក៏​ទិញ​ត្រី​ពី​អ្នក​នេសាទ​ឯទៀត​ទៅ​លក់​ផង​ដែរ។ ​និយាយ​បណ្តើរ ដក​ដង្ហើម​ធំ និង​យក​ដៃ​ជ្រោង​សក់​បណ្តើរ  លោក អេង បន្ត​ថា របរ​នេសាទ​របស់​លោក​បច្ចុប្បន្ន​ពុំ​សូវ​ទទួល​បាន​ផល​ប៉ុន្មាន​​។

លោក អ៊ុន អេង បញ្ជាក់ថា៖ «ឥឡូវ​រក​លែង​សូវ​បាន​ហើយ អត់​ដូច​ពី​មុន​ទេ ពីមុន​ស្រួល​រក បើ​ដូច​ពី​ដើម ដាក់​មង​២ ឬ​៣ លើក​មិន​ឈ្នះ»។

អនុក្រឹត្យ​នានា បង្ហាញថា ផ្ទៃដី​ទំហំ​ជាង ៥០០ហិ​កតា​នៃ​ផ្ទៃ​បឹង​តា​មោក​ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ប្រគល់​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ​ចំនួន៣ សម្រាប់​សាងសង់​អគារ ឬហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ និង​ក្រុមហ៊ុន​ឯកជន​ចំនួន៣ទៀត។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី២២ ខែមិថុនា​កន្លងមក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់​ដី​បឹង​តា​មោក​ទំហំ​ជិត ៣០០ហិ​កតា (២៩៨.៥៤​) ប្រគល់​ទៅ​ឱ្យ​ក្រសួងការពារជាតិ។ ការសម្រេច​​នេះ ត្រូវ​បាន​ធ្វើឡើង​ទៅតាម​ការ​ស្នើ​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នី​យក​ម្ម និង​សំណង់ លោក ជា សុផារ៉ា​។

កញ្ញា ឡុង គន្ធា យុវជន​មាតា​ធម្មជាតិ លើក​ឡើង​ថា បឹង​តាមោក ឬ​បឹង​ទំនប់​កប់ស្រូវ ជា​បឹង​ចុង​ក្រោយ​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​លុប និង​ចុះ​អនុក្រឹត្យ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន។ កញ្ញា​បន្ត​ថា ការលុប​បឹង​នានា រួមទាំង​បឹង​តាមោក នឹង​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​បញ្ហា​ទឹក​ជំនន់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។

កញ្ញាបន្ថែម​ថា​ ការលុបបឹង​ដើម្បី​អភិវឌ្ឍន៍ ពុំ​សូវ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប៉ុន្មាន​ទេ និងពេល​ខ្លះ​​អាច​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​​បឹង​នោះ​ទៅវិញ។​

កញ្ញា​ គន្ធា ថា៖ «បឹង​ទាំងអស់​ហ្នឹង​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្លាំង ពេល​លុប​ទៅ​វា​អត់​សូវ​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែរ គឺ​បម្រើ​ឲ្យ​តែ​អ្នក​មាន​លុយ ឬ​ក៏​អ្នក​មាន​អំណាច​មួយ​ចំនួន​»។

លោក ឯម ខេមរា ប្រធាន​កម្មវិធី​នៃ​សមាគម​ធាងត្នោត លើក​ឡើង​ថា ក្រសួង​បរិស្ថាន និង​រាជ​រដ្ឋា​ភិបាល គួរ​តែ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ប្រជា​ពលរដ្ឋ​ ​ដោយសារ​​ការ​កាត់​បឹង​តាមោក​នោះ​។

លោកថា៖ «​ទាំងរដ្ឋាភិបាល និងក្រសួងបរិស្ថាន​ហ្នឹង មុន​នឹង​កាត់​ផ្ទៃ​បឹង​​​ ទោះបីជា​បម្រើ​ប្រយោជន៍​សាធារណៈ​ក៏ដោយ ឬ​ក៏​កាត់​ទៅ​ឲ្យ​ឯកជន​ក៏​ដោយ សំខាន់​ថា​តើ​ការ​កាត់​ហ្នឹង​ទៅ​តាម​នីតិវិធី ឬអត់។ ទាំង​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​ក៏​ដោយ គួរ​តែ​ធ្វើការ​សិក្សា​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នៅ​តំបន់​បឹង​តាមោក​ហ្នឹង បើសិន​ចង់​អភិវឌ្ឍន៍ ទោះបីជា​សាធារណៈ​ក៏ដោយ និង​ឯកជន​ក៏ដោយ​»។

បើតាម​របាយការណ៍របស់​​សមាគម​ធាងត្នោត​ ចេញ​កាលពី​ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩ បង្ហាញថា បឹង​ធម្មជាតិ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ​កំពុង​ប្រឈម​នឹង​ការចាក់​ដី​លុប​អស់ទាំង​ស្រុង។ របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន១៦ ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង ខណៈ​បឹង​ចំនួន១០ទៀត ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ។​

Newsroom Cambodia បានព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ ​ឆ្លើយ​តប។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មានប្រសាសន៍​​ថា ការលើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល និង​​សមាគម​មួយ​ចំនួន​ដែល​ថា ការលុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ ធ្វើឲ្យ​មាន​ផល​ប៉ះពាល់ដ​ល់​បរិស្ថាន និង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់ គឺជា​ការលើក​ឡើងតាម​អារម្មណ៍។ លោក​ថា ​ក្រសួង​បរិស្ថាន​បាន​សិក្សា​​យ៉ាង​ត្រឹមត្រូវ​រួច​ទៅ​ហើយ។

លោក​ថា៖ «ខ្ញុំ​មើល​ទៅ​ដូចជា​មិនមាន​ប៉ះពាល់​ដល់​ទឹក​ជំនន់​អី​ទេ ពីព្រោះ​មាន​ការសិក្សា​ត្រឹមត្រូវ​បំផុត​ពី​ក្រសួង​បរិស្ថាន ហើយ​និង​រាជធានី​ភ្នំពេញ អាស្រ័យ​ហេតុ​ដូច្នេះ​ហ្នឹង​ ការ​លើក​ឡើង​គ្រាន់​តែ​ជា​ការ​តាម​អារម្មណ៍​របស់​ខ្លួន​ទេ ក៏ប៉ុន្តែ​ក្នុង​ន័យ​ជា​​សិក្សា គេ​បាន​ធ្វើ​គិត​រួច​ស្រេច​ទៅ​ហើយ​»។

បើ​តាម​លោក​ យាំ ប្រុសពៅ ​ដែល​ជា​អ្នក​នេសាទ​នៅ​បឹង​តាមោក​នោះ​​អះអាង​​ថា បឹង​តាមោក ឬ​បឹង​ទំនប់​កប់ស្រូវ​នេះ​មាន​សារៈ​ប្រយោជន៍​​ជាច្រើន​សម្រាប់​គ្រួសារ​លោក​ពឹង​អាស្រ័យ​ តាំង​ពី​យូរ​ណាស់​មក​ហើយ។​

លោក​ថា៖ «បឹង​នេះ​ផ្តល់​សារៈសំខាន់​ដល់​គ្រួសារ​ខ្ញុំ​ច្រើន​ណាស់ ដោយសារ​ខ្ញុំ​បាន​ធ្វើ​ដើម្បី​រក​ត្រី​ហ្នឹង កុំ​អី​គ្រួសារ​ខ្ញុំ​ដាច់​បាយ​ដាច់​ទឹក​»៕​