លោក ស៊ី សាវឿន បានដូរអាជីពពីអ្នកធាក់ស៊ីក្លូ មកជាអ្នករត់កង់បីខ្មែរវិញ ដើម្បីរកចំណូលឲ្យបានច្រើនជាងមុន សម្រាប់ឲ្យភរិយារបស់គាត់ចិញ្ចឹមចៅកំព្រាចំនួន២នាក់នៅឯខេត្តព្រៃវែង។
ក៏ប៉ុន្តែការមកដល់នៃប្រើប្រាស់កម្មវិធីទូរសព័្ទសម្រាប់កក់មធ្យោបាយធ្វើដំណើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យចំណូល របស់បុរសដែលមានវ័យ៦០ឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំង។
ម៉ោងប្រហែល១រសៀល ថ្ងៃរាងបែរបន្តិច ក្នុងសម្លៀកបំពាក់ពណ៌ទឹកសណ្តែក មានទឹកមុខស្រស់បស់ ខណៈកំពុងតែអង្គុយរង់ចាំភ្ញៀវនៅលើកង់បីក្រោមម្លប់ឈើក្នុងសួនច្បារមុខបណ្ណាល័យជាតិក្នុងរាជធានីភ្នំពេញ លោក ស៊ី សាវឿន បាននិយាយដូច្នេះថា៖ «វាប៉ះពាល់ច្រើនដែរ នាំឲ្យកាត់បន្ថយការជិះកង់បីខ្មែរហ្នឹងហើយ…..ដូចថាកាត់បន្ថយអ្នកជិះ៨០ភាគរយ មានតែ២០ភាគរយប៉ុណ្ណោះដែលជិះ»។
គួររលឹកថា ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន រួមមាន PassApp, Grab, Itsumo, Wego, បានចាប់ផ្តើមមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប្រហែលជាបីឆ្នាំចុងក្រោយនេះ ដោយផ្តល់ជូននូវសេវាកម្មដែលមានតម្លែថោកជាងកង់បីធម្មតា ហើយនិងអាចហៅជិះបានងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទ។
ដោយយល់ថាមានវ័យចំណាស់ មិនចង់ផ្លាស់ប្តូរ និងក៏មិនចង់ជំពាក់បំណុលពីការទិញកង់បីទំនើប ចំណូលរបស់លោក ស៊ី សាវឿន ពេលនេះ ថ្ងៃខ្លះ អាចរកបានត្រឹម១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ជាចំនួនដែលមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារលោកបានគ្រប់គ្រាន់នោះទេ។ ពីមុន គាត់អាចរកបាន ពី៨ ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រត់ថ្ងៃខ្លះមានគេហៅដឹកអីវ៉ាន់ អាចបាន៤-៥ម៉ឺនទៅ ជួនកាលអត់ បាន២ម៉ឺន ឬ១ម៉ឺនប្រាំអី ទៅក្នុងមួយថ្ងៃ»។
ចំណែកចៅទាំងពីររបស់លោក ស៊ី សាវឿននៅឯខេត្តព្រៃវែងឯណោះវិញ មានអាយុ៣ឆ្នាំ និង៧ឆ្នាំ ដែលម្ដាយពួកគេបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងឪពុកបានយកប្រពន្ធថ្មី ហើយផ្ញើលុយកាតព្វកិច្ចចិញ្ចឹមកូន ១០ម៉ឺនរៀលក្នុងមួយខែ។
លោក ស៊ី សាវឿន បាននិយាយថា លុយនេះមានចំនួន តិចណាស់ សម្រាប់ចំណាយក្នុងមួយខែៗ ហើយពេលខ្លះ លោកក៏ចង់ប្ដូរមុខរបរបនេះដែរ តែលោកថាមិនដឹងនឹងមានការងារអ្វីធ្វើក្រៅពីនេះ ម្យ៉ាងវ័យរបស់លោកក៏កាន់តែចាស់ទៅហើយ។
ចំណែកលោក ឡូត ស៊ីផូ មានវ័យ៤៨ឆ្នាំ ខណៈកំពុងអង្គុយលើម៉ូតូឌុបរបស់គាត់ រង់ចាំអ្នកដំណើរនៅម្ដុំវត្តភ្នំ លោកក៏បានរៀបរាប់មិនខុសគ្នាពីនេះប៉ុន្មានដែរ។
លោកថាបច្ចុប្បន្ននេះ របររត់ម៉ូតូឌុប មិនសូវរកចំណូលបានច្រើនទេ ចាប់តាំងពីមានការកក់កង់បីតាមកម្មវិធីទូរសព្ទ័មក។ លោកត្រូវប្រកបរបរមួយផ្សេងទៀត គឺជាអ្នកវេចអន្សមលក់ ដែលអាចរកចំណូលបានច្រើនជាងម៉ូតូឌុប ដែលគ្រាន់នឹងទប់ទល់ការចំណាយ។
លោកថា ការរត់ម៉ូតូក្នុងមួយថ្ងៃអាចរកបាន១ ឬ២ម៉ឺនរៀលប៉ុណ្ណោះ គ្រាន់កាត់បន្ថយជីវភាពដែលខ្វះខាត និងសម្រាប់ដោះទល់មួយថ្ងៃៗ។ លោកបន្ថែមថាការរកចំណូលបានតិចតួច អាចនឹងនាំឲ្យលោកបោះបង់អាជីពនេះទៅជាអ្នកវេចនំអន្សមវិញផងដែរ។
លោកមុំ សុភ័ណ មានវ័យ៥០ឆ្នាំ ជាអ្នករត់រម៉ក នៅមុខព្រះបរមរាជរាំង បានរៀបរាប់ថាលោកមិនមែនជាអ្នករត់កងបីខ្មែរនេះជាប្រចាំនោះទេ ការងារនេះគឺធ្វើនៅពេលទំនេរម្ដងម្កាលក្រៅពីការងារលក់ដូរនៅផ្ទះ។
ក៏ដូចអ្នកផ្សេងទៀតដែរ លោកថាក្រោយមានកំណើននៃការប្រើប្រាស់កម្មវិធីទូរសព្ទ័ដើម្បីកក់រម៉កកង់បីរួចមក ចំណូលពីមុខរបរនេះក៏រកបានកាន់តែតិចទៅ។
លោកមុំ សុភ័ណ បាននិយាយថា៖ «អ្នករករបរនេះ ទោះរកបានប៉ុន្មានក៏មិនសល់ដែរ បានត្រឹមម៉ារស់ៗ»។ ហើយប្រសិនបើចំណូលនៅតែរកបានតិច លោកថាក៏អាចនឹងបោះបង់មុខរបរនេះដែរ។
ទាក់ទិននឹងបញ្ហានេះ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសុំមិនធ្វើការបកស្រាយទៅលើបញ្ហានេះដោយថា ជាប់រវល់ប្រជុំ។
ចំណែកលោក វន់ ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បានថ្លែងថា នៅក្នុងសម័យបច្ចុប្បន្នគឺតម្រូវឲ្យរត់រម៉កទាំងអស់ដើរឲ្យទាន់បច្ចេកវិទ្យាទំនើបទើបអាចរកចំណូលបានច្រើន បើពុំដូចនោះទេពួកគេមិនអាចរកបានដូចអ្នកចេះបច្ចេកវិទ្យានោះឡើយ។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែមានកម្មវិធីមួយដែលមានការអភិរក្សរម៉កខ្មែរ ឲ្យមានដំណើរការល្អដូចរម៉កឥណ្ឌាដែរ។ លោកចង់ឲ្យមានការអភិរក្សរម៉កកង់បីខ្មែរ ដូចទៅនឹងការអភិរក្សស៊ីក្លូ នៅក្នុងក្រុងភ្នំពេញបច្ចុប្បន្ន ព្រោះរម៉កកង់បីខ្មែរគឺត្រូវបានច្នៃប្រឌិតដោយខ្មែរ ដែលអាច ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ដើម្បីដឹកភ្ញៀវទស្សនាក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងទៀត ម្យ៉ាងដើម្បីបង្កើនចំណូលដល់ពួកគាត់៕