(ព្រៃវែង)៖ ក្រោមពន្លឺថ្ងៃពេលរសៀល កំពុងឈរមើលគេរុះរើគំនរតូបដែលឆេះដើម្បីលក់អេតចាយទាំងទឹកមុខស្រពោន លោក ខេង នឿង អាជីវករលក់ខោអាវ និងស្បែកជើងនៅផ្សារកំពង់ពិល ដែលស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ Newsroom Cambodia ថា ទ្រព្យសម្បត្តិទាំងអស់របស់លោកក្នុងតូបនៅផ្សារនេះ គឺត្រូវរងខូតខាតទាំងស្រុង។
ដៃប្រឡាក់ធ្យូងលើកកាន់ក្រមា បុរសអាយុ៤៥ឆ្នាំរូបនេះនិយាយរៀបរាប់ទាំងអួលដើមក លាយទឹកភ្នែកថា លោកមិនមានផ្ទះនោះទេ គឺស្នាក់នៅតូបផ្សារដែលឆេះនេះ ដោយមានតែខោអាវមួយកំផ្លេរជាប់នឹងខ្លួនប៉ុណ្ណោះ៖ «ទៅថ្ងៃខាងមុខទៀតគឺអត់មានអីទេ គឺមានតែតស៊ូលក់ដូររបស់កំប៉ិកកំប៉ុកដើម្បីចិញ្ចឹមជីវិត និងកូនបីនាក់ទៀតដែលនៅតូចៗកំពុងតែខិតខំសិក្សារៀនសូត្រ។
កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារកំពង់ពពិលដែលមានតូបលក់ដូរចំនួន៩៦តូប ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់៧៥តូប ឬស្មើនឹង៧០ភាគរយ ដោយមិនទាន់គិតអ្នកលក់កញ្ច្រែងល្អី ស្មើនិងទឹកប្រាក់ប្រហែល ១លាន៨ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រៃវែង។
កំពុងឈរសម្លឹងមើលទៅកាន់អ្នកទិញអេតចាយរុះរើយកដែកចេញពីហាង ដែលបានឆេះ អ្នកស្រី អៀង ស្រេង ជាងកាត់ដេរម្នាក់ក្នុងផ្សារកំពង់ពពិល ដែលរងគ្រោះដោយសារអគ្គិភ័យដែរនោះនិយាយនៅថ្ងៃទី៦ ខែវិច្ឆិកា ថា ខណៈពេលដែលភ្លើងកំពុងឆាបឆេះផ្សារ អ្នកស្រីមិនបាននៅទីនោះទេតែគឺកំពុងស្នាក់នៅផ្ទះ។ អ្នកស្រីបន្តថា មិនទាន់មានការបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យភ្លើងឆេះនៅឡើយទេ។
អ្នកស្រីថា ៖ «ទ្រព្យសម្បត្តិខូតខាតអស់ជាងមួយម៉ឺនដុល្លារ ទាំងអីវ៉ែអីវ៉ាន់។ ពេលរុះរើនេះហើយចង់សុំគេធ្វើសារឡើងវិញ ប៉ុន្តែគេថាគេអត់ឲ្យធ្វើទេ រដ្ឋគេថាគេធ្វើឲ្យ»។
អាជីវករកាត់ដេររូបនេះបន្ថែមថា អ្នកស្រីបារម្ភអំពីជីវភាព ដោយសារអ្នកស្រីមិនមានដើមទុនដើម្បីដើម្បីរកស៊ីបន្តនោះទេ ដោយសារការរកស៊ីបច្ចុប្បន្នគឺបានដើមទុនពីការខ្ចីលុយធនាគារ និងលេងតុងទីន។
«និយាយទៅរកស៊ីនៅហ្នឹង គឺដូចធ្វើស្រែធ្វើចម្ការនៅហ្នឹងអញ្ចឹង បានលុយមកទិញមកដាក់កន្លែងហ្នឹងទាំងអស់»។
ចំណែកលោក ជី អ៊ាង មានកូន២នាក់ ជាអាជីវករលក់នាឡិកា កាបូប គ្រឿងកាឡៃ ក្នុងផ្សារកំពង់ពពិល បានប្រាប់ Newsroom Cambodia ថា លោករងការខូចខាតបើគិតជាទឹកប្រាក់ប្រហែល៥ពាន់ដុល្លារ។ ដៃកំពុងកាន់ចបប្រមូលកម្ទេចកម្ទីពីភ្លើងឆេះដើម្បីបើកអាជីវកម្មឡើងវិញ បុរសវ័យ៤០ឆ្នាំរូបនេះបន្ថែមថា លោកមិនទាន់ដឹងថា តើអ្នកពាក់ព័ន្ធនឹងមានចំណាត់ការបែបណាអំពីតូបដែលបានឆេះនៅឡើយ។
«ខ្ញុំចង់ធ្វើខ្លួនឯង ឆាប់បានលក់ដូរ ព្រោះចាំគេធ្វើឱ្យវាយូរ។ ចំពោះអាជីវកម្មពេលនេះ យើងអាចឆក់ឱកាសបានលុយខ្លះតិចតួច ប្រក់តង់លក់សិនទៅ ឱ្យតែគែឱ្យបើកឱ្យលក់ ព្រោះនៅសល់លុយតិចតួច ទិញយកមកដាក់លក់បណ្ដើរៗសិនទៅ»។
លោក ជា អ៊ាង បន្ថែមទាំងទឹកមុខស្រងូតស្រងាត់ថា មកដល់ពេលនេះ លោកមិនទាន់បានទទួលជំនួយពីខាងណាទេ ឮតែគេកត់តែឈ្មោះប៉ុន្ដែមិនទាន់បានជំនួយទេ។
ចំណែកលោក ថឹង សំនៀង ជាមេឃុំកំពង់ពពិល បានប្រាប់Newsroom Cambodia កាលពីល្ងាចថ្ងៃអង្គារ៍ ថា ភ្លើងឆាបឆេះបានបំផ្លាញតូប និងផ្ទះរបស់ប្រជាពលរដ្ឋអស់ប្រមាណ៧៧គ្រួសារ ហើយបើគិតទឹកប្រាក់ជាមធ្យម១លាន៨ម៉ឺនដុល្លារ។
លោកបន្ថែមថា មូលហេតុដែលនាំឲ្យភ្លើងឆេះផ្សារ គឺដោយសារតែការផ្ទុះចរន្តអគ្គីសនីដែលបង្កឡើងពីផ្ទះដែលធ្វើកង់ម៉ូតូ។ វេលាម៉ោងជិត៩នាទីយប់ ខណៈពេលដែលភ្លើងកំពុងតែឆាបឆេះផ្សារកំពង់ពពិលនោះគឺមានការអន្តរាគមន៍ជាច្រើនពីភូមិ ឃុំ ស្រុក និងខេត្ត ក្រុង ដែលសរុបទៅគឺមានឡានទឹករហូតដល់ទៅ២១គ្រឿង។
លោក សំនៀង បន្ដថា អាជ្ញាធរនឹងចាត់ចែងកសាងផ្សារឡើងវិញដើម្បីឲ្យមានសណ្តាប់ធ្នាប់៖ «ការងារពាក់ព័ន្ធបើឲ្យពួកគាត់ធ្វើទៀត វាត្រូវតែឆេះទៀត បើធ្វើទៅគាត់សង់ជាផ្ទះអនាធិបតេយ្យ មានជម្លោះកាន់តែច្រើនហើយខ្វះខាតអនាម័យស្អីៗអញ្ចឹង វាអត់មានស្តង់ដារទេ អញ្ចឹងបានខាងខ្ញុំ ខាងឃុំស្នើរទៅខាងស្រុកខេត្តអាជ្ញាធរ ឲ្យគេធ្វើទៅកុំវាឲ្យអត់មានស្តង់ដារទៀត»។
លោកមេឃុំរូបនេះលើកឡើងថា ការឆាបឆេះផ្សារនេះមិនមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ ហើយថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនេះបានទទួលជំនួយសប្បុរសធម៌មួយចំនួនផងដែរ។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៨៧២ករណីគឺកើនឡើងចំនួន១១០ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងនោះអ្នកស្លាប់ក៏មានការកើនឡើងផងដែរ។
ក្រៅពីបង្កការស្លាប់ និងរបួសមនុស្ស គ្រោះអគ្គិភ័យក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ ក៏បានបង្កឲ្យខូចខាតផ្ទះពលរដ្ឋតូចធំចំនួន៦៥៤ខ្នង និងតូបលក់ដូរចំនួន៥០៥តូបផងដែរ។ ចំនួននេះមាន ការកើនឡើង៧៨ខ្នងផ្ទះ និង១២៣តូប បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។
លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែវិច្ឆិកា បានអំពាវនាវដល់ពលរដ្ឋក៏ដូចជា អាជ្ញាធរពាក់ព័ន្ធឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ពិសេសអ្នករស់នៅរាជធានីភ្នំពេញ ដែលមានខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែង៕