ធ្លាប់ជាតំបន់មួយដែលកម្រមានអ្នកដែលអាចរៀនចប់ថ្នាក់វិទ្យាល័យកាលពីអំឡុង១០ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នតំបន់នេះបានប្រែក្លាយជាសហគមន៍មួយដែលសម្បូរទៅដោយយុវជនរៀនបានខ្ពង់ខ្ពស់ និងក្លាយទៅជាតំបន់មួយដែលគ្មានអំពើហិង្សា និងអំពើអបាយមុខផ្សេងៗ ក្រោយមានវត្តមានសមាគមបណ្តុះបណ្តាលមួយឈ្មោះ«ទុកចិត្ត»។

សិស្សថ្នាក់នៃសមាគម«ទុកចិត្ត »កំពុងតម្រង់ជួរស្តាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូមុខសាលាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ (រូបភាព៖ ផ្តល់ឱ្យ )
សិស្សថ្នាក់ភាសាអង់គ្លេសនៃសមាគម«ទុកចិត្ត »កំពុងកត់មេរៀនដែលគ្រូបង្រៀនកាលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣។ (រូបភាព៖ ប៉ា តុងចិន )
សិស្សថ្នាក់ភាសាអង់គ្លេសនៃសមាគម«ទុកចិត្ត »កំពុងរម្លឹកមេរៀនដែលគ្រូដាក់ឱ្យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ ប៉ា តុងចិន )

សមាគម«ទុកចិត្ត»គឺជាសមាគមមួយដែលបានបង្កើតឡើងដោយអ្នកដឹកនាំភាពយន្តម្នាក់ គឺលោក ផាន់ ណារ័ត្ន និងលោក សូត្រ ប៊ុននីត នៅឆ្នាំ២០១២ ដែលមានទីតាំងស្ថិតក្នុងភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ដែលមានចំងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តហើយបច្ចុប្បន្នសមាគមដដែលនេះកំពុងមានតួនាទីបណ្តុះបណ្តាលកុមារ និងយុវជនក្នុងមូលដ្ឋានជាច្រើនរយនាក់។

លោក ផាន់ ណារ័ត្ន ដែលជាអ្នកដឹកនាំភាពយន្តអប់រំរឿងឈើច្រត់ រឿងដងរែក និងរឿងបែបអប់រំមួយចំនួនទៀត បានសម្រេចចិត្តផ្អាកពីអាជីពសិល្បៈរបស់ខ្លួន ហើយងាកទៅបង្កើតសមាគមមួយឈ្មោះថា«ទុកចិត្ត» ជាមួយពលរដ្ឋម្នាក់ដែលរស់នៅក្នុងមូលដ្ឋានខាងលើគឺលោក សូត្រ ប៊ុននីត ដើម្បីបង្រៀនយុវជន និងកុមារតូចៗនៅតំបន់ដាច់ស្រយាលមួយនេះដោយស្ម័គ្រចិត្ត។

នាយកប្រតិបត្តិ សមាគម «ទុកចិត្ត » លោក ផាន់ ណារ័ត្ន កំពុងបង្រៀនសិស្សថ្នាក់បណ្តុំគុណធម៌ជីវិត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣។ (រូបភាព៖ ប៉ា តុងចិន )

អតីតផលិតករភាពយន្តវ័យ៤០ឆ្នាំ ដែលបច្ចុប្បន្នជានាយកប្រតិបត្តិសមាគម«ទុកចិត្ត»រូបនេះបានឱ្យដឹងថា ការសម្រាកពីអាជីពសិល្បៈមួយនេះ ហើយងាកមកធ្វើជាគ្រូបង្រៀន និងមើលការខុសត្រូវនៅក្នុងសមាគម«ទុកចិត្ត» ក្នុងគោលបំណងចង់ឱ្យកុមារ និងយុវជននៅក្នុងមូលដ្ឋាននោះយល់ដឹងពីផ្នែកគុណធម៌ ដឹងអ្វីល្អ អ្វីអាក្រក់។ មួយវិញទៀត គឺដើម្បីជំរុញឱ្យកុមារ និងយុវជនក្នុងសហគមន៍នោះទទួលបានការសិក្សាខ្ពង់ខ្ពស់ ខណៈកន្លងទៅលោកសង្កេតឃើញថាកុមារនិងយុវជននៅក្នុងមូលដ្ឋានខាងលើនេះភាគច្រើនបោះបង់ការសិក្សា ត្រឹមថ្នាក់បឋមសិក្សា ដោយសារតែបញ្ហាជីវភាព។

លោកថា៖«ការបង្កើតសមាគមហ្នឹងគឺចង់ឃើញអនាគតប្អូនៗឱ្យគាត់មានគុណធម៌ប្រកបដោយបញ្ញា។ គុណធម៌ហ្នឹងវាជាផ្នែកមួយ ប៉ុន្តែបើយើងនិយាយឱ្យចំហ្មងគឺការអប់រំចិត្តតែម្តង»។

កម្មវិធីសិក្សាដែលលោកបានដាក់ចេញគឺមានថ្នាក់ភាសាអង់គ្លេស កុំព្យូរទ័រ និងចំណេះដឹងផ្សេងៗទៀត ជាពិសេសគឺថ្នាក់បណ្តុះគុណធម៌ ដើម្បីអប់រំចិត្ត ដែលបច្ចុប្បន្នមានសិស្សសរុបប្រមាណជាង១៥០នាក់ និងគ្រូបង្គោល២នាក់ រួមទាំងគ្រូស្ម័គ្រចិត្តវ័យក្រោម១៨ឆ្នាំចំនួន១១នាក់ផ្សេងទៀត។ នៅក្នុងបរិវេណសមាគមខាងលើមានអគារថ្មមួយខ្នងទំហំបណ្តោយប្រមាណ១២ម៉ែត្រ និងទទឹង៨ម៉ែត្រ រួមនឹងរោងដោលសង់ពីឈើគ្មានជញ្ជាំង២ផ្សេងទៀត ដែលកំពុងដើរតួនាទីជាថ្នាក់រៀន។

រៀបរាប់ដោយស្នាមញញឹម អតីតផលិតករភាពយន្តដែលមានដើមកំណើតពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះរូបនេះបានឱ្យដឹងដែរថា មុនពេលមិនទាន់បើកសមាគម«ទុកចិត្ត»នេះ ក្នុងមូលដ្ឋានកម្រមានអ្នកដែលអាចរៀនដល់បញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឆ្លងដល់សាកលវិទ្យាល័យណាស់ ខណៈកុមារតូចៗតែងតែដើរលេងជំពាមបាញ់សត្វ និងលេងល្បែងស៊ីសង ដោយមិនសូវខ្វាយខ្វល់ពីការសិក្សា។

ដោយឡែក បច្ចុប្បន្នលោកថាក្រោយពីមានវត្តមានសមាគម«ទុកចិត្ត» យុវជនក្នុងមូលដ្ឋានខាងលើភាគច្រើនសុទ្ធតែអាចរៀនដល់ចប់ថ្នាក់សាកលវិទ្យាល័យ និងមានការងារធ្វើគ្រប់ៗគ្នា ខណៈកុមារតូចៗនៅតំបន់នោះបានផ្លាស់ប្តូរទាំងស្រុង ដោយយកពេលទាំងនោះមករៀនសូត្រ ហើយថែមទាំងចេះគោរពចាស់ទុំ ជាពិសេសកាន់សីលមិនសម្លាប់សត្វជាដើម។

លោកបញ្ជាក់ថា៖«ពីមុនគាត់ដើរបាញ់សត្វ លេងនេះលេងនោះអ៊ីចឹងទៅ ដល់ពេលឥឡូវគាត់បែរជាឈប់លេង បែរមករៀនវិញ! មកអានសៀវភៅវិញ!»។

លោកបន្ថែមទៀតថា៖«ភូមិនេះពីមុនសឹងតែរកគ្មានអ្នកដែលរៀនចប់សាកលវិទ្យាល័យ សឹងតែអត់មាន ប៉ុន្តែឥឡូវយុវជនសឹងតែគ្រប់គ្នាដែលរៀនសាកលវិទ្យាល័យ និងបានចប់សាកលវិទ្យាល័យ»។

មេភូមិអង្គឃ្លៃ លោក ព្រំ ម៉ន ទទួលស្គាល់ថានៅក្នុងមូលដ្ឋានរបស់លោកកាលពីប្រមាណ១០ឆ្នាំកន្លងទៅពិតជាមិនសូវមានយុវជនណារៀនបានខ្ពង់ខ្ពស់ពិតប្រាកដមែន ប៉ុន្តែបច្ចុប្បន្នលោកថា យុវជនស្ទើរតែទាំងអស់សុទ្ធតែបានរៀនយ៉ាងតិចត្រឹមកម្រិតសាកលវិទ្យាល័យ ខណៈបច្ចុប្បន្នក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋសរុបចំនួន៣៩២គ្រួសារ ដែលស្មើនឹងជិត១៦០០នាក់។

លោកថា៖«កាលពីមុនមិនសូវមានអ្នករៀនខ្ពង់ខ្ពស់ទេ! ឥឡូវមានច្រើនដែរ អ្នករៀនបរិញ្ញា បរិញ្ញាបត្រច្រើន»។

មេភូមិដដែលបានគូសបញ្ជាក់ថា សមាគម«ទុកចិត្ត»ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យកុមារ និងយុវជនក្នុងមូលដ្ឋានរៀនបានខ្ពង់ខ្ពស់ ស្របពេលដែលពីមុនយុវជនភាគច្រើនគេចសាលាដើរលេង មានបងតូចបងធំថែមទៀត។

លោកថា៖«កាលពីមុនកុមារខ្លះ វាអត់ចូលរៀនទេ ភាគច្រើនគេចសាលាគេចអីចឹងទៅ! ដល់ឥឡូវមានសមាគមទុកចិត្តហ្នឹងកើតឡើងទៅ ក្មេងៗហ្នឹងដូចអ្នកខ្លះគេចូលរួមរៀននៅហ្នឹងអត់សូវខានទេ បានដឹកនាំក្មេងៗដែលមិនសូវចូលសាលា បានទៅចូលសាលាដែរ»។

ជាក់ស្តែង ស្ត្រីវ័យ៧៣ឆ្នាំម្នាក់ គឺអ្នកស្រី មាស អាន ដែលត្រូវជាជីដូនរបស់កុមារាម្នាក់វ័យ៦ឆ្នាំដែលកំពុងរៀនក្នុងសមាគមខាងលើនេះបានរៀនរាប់ដោយមិនរួញរាចិត្តថា សមាគម«ទុកចិត្ត»បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាត់បង្រៀនកុមារក្នុងមូលដ្ឋាន រួមទាំងចៅប្រុសរបស់អ្នកស្រីឱ្យបានយល់ដឹងពីក្រមសីលធម៌ច្រើន ដោយចេះគោរពចាស់ទុំ និងយកចិត្តទុកដាក់ក្នុងការសិក្សា ខុសពីមុនទាំងស្រុង។

អ្នកស្រីថា៖«ល្អខ្លាំង! គេបង្រៀនខាងសីលធម៌ល្អ។ បង្រៀនក្មេងឱ្យគោរពចាស់ៗ បើមានចាស់ៗអីឱ្យលើកដៃសំពះចាស់ៗអ៊ីចឹងហ៎ាស»។

​យ៉ាងណា បើតាមប្រធានផ្នែកអប់រំនៃសមាគម«ទុកចិត្ត» លោក សូត្រ ប៊ុននីត បានឱ្យដឹងថា បច្ចុប្បន្ននេះការចំណាយផ្សេងៗទៅលើសម្ភារផ្គត់ផ្គង់ការសិក្សារបស់កុមារ រួមទាំងការចំណាយលើទឹក និងអគ្គិសនីប្រើប្រាស់ មានចំនួនប្រមាណ៥០ដុល្លារក្នុងមួយខែ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក និងនាយកប្រតិបត្តិសមាគម គឺលោក ផាន់ ណារ័ត្ន។ ដោយឡែក លោកថាការិយាល័យអប់រំស្រុកឈូកក៏ធ្លាប់បានសន្យាថានឹងជួយជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់ឃើញនៅឡើយ។

លោកបន្ថែមថា បច្ចុប្បន្នសមាគមមានគម្រោងសាងសង់របងព័ទ្ធជុំវិញ ដើម្បីការពារសុវត្ថិភាពកុមារ ប៉ុន្តែនៅមិនទាន់មានថវិកាគ្រប់គ្រាន់នៅឡើយ។ ដូច្នេះក៏សំណូមពរដល់ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជនឱ្យចូលរួមជួយសម្រាប់ការសាងសង់របង និងជួយអភិវឌ្ឍសមាគមទាំងមូលផងដែរ។

លោកថា៖«ខ្ញុំសូមអំពាវនាវដល់សប្បុរសជន ក៏ដូចជាអង្គការ ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានសទ្ធាអាចចូលរួមជាមួយពួកខ្ញុំបាន ក៏សូមអញ្ជើញចូលរួមតាមលទ្ធភាព តាមកម្លាំងសទ្ធាដែលអាចធ្វើទៅបាន ព្រោះយើងខ្ញុំកំពុងមានការខ្វះខាត»។

របាយការណ៍ស្រាវជ្រាវរបស់អង្គការយូនីស្កូបានបង្ហាញកាលពីឆ្នាំ២០១៨ថា គុណភាពនៃបរិស្ថានរៀនសូត្រនៅមានកម្រិតទាប និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាបរិក្ខារអនាម័យ  និងទឹកស្អាត នៅខ្វះខាតក៏បង្កផលប៉ះពាល់ដល់ការសិក្សារបស់កុមារដែរ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ការកសាងបរិស្ថានសាលារៀនដែលធ្វើឱ្យកុមារមានសុខភាពល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយឱ្យបញ្ជូនកូនៗពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្សឱ្យបន្តរៀនសូត្រ។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានចាត់ទុកថាការបង្កើតសមាគមដើម្បីបណ្តុះបណ្តាលនៅតាមទីជនបទនេះ គឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអប់រំកុមារឱ្យមានចំណេះដឹង ដើម្បីខ្លួនឯង គ្រួសារ និងអភិវឌ្ឍសង្គមជាតិ។

លោកមានប្រសាសន៍ថា៖«ការដែលគាត់ទៅបើកជាសាលា បើកការបង្រៀនជួយទៅដល់កុមារនេះ គឺជារឿងប្រសើរណាស់ អ៊ីចឹងហើយបើគាត់ជួយចែករំលែក ជួយបំពេញបន្ថែមទៅលើរដ្ឋាភិបាលដើម្បីបណ្តុះបណ្តាលឱ្យកុមារហ្នឹងក្លាយជាអ្នកមានចំណេះដឹង អ៊ីចឹងគាត់ថ្ងៃក្រោយក៏ក្លាយជាទំពាំងល្អ»។

ទោះជាយ៉ាងណា លោកបារម្ភថា ការចំណាយធនធានផ្ទាល់ខ្លួនក្នុងការធ្វើបែបនេះអាចប្រឈមនឹងការខ្វះខាត ឬមិនមាននិរន្តរភាព។ ដូច្នេះលោកអំពាវនាវឱ្យមានការចូលរួមពីសប្បុរជន អង្គការនានា និងរាជរដ្ឋាភិបាលឱ្យជួយផ្គត់ផ្គង់តាមតម្រូវការជាក់ស្តែង។

លោកថា៖«វាអាចអត់មាននិរន្តរភាពទៀត នៅពេលដែលបើសិនជាគាត់មានចំណូលបន្តបន្ទាប់អត់អីទេ ប៉ុន្តែបើថ្ងៃណាមួយចំណូលរបស់គាត់អត់មានស្ថិរភាព អ៊ីចឹងជំនួយរបស់គាត់វាអាចមានអាក់ខាន»។

មាត្រា១៦ នៃច្បាប់ស្តីពីការអប់រំចែងថា រដ្ឋត្រូវគាំពារ និងអប់រំកុមារតូចចាប់ពីកម្រិតសូន្យឆ្នាំមុនមតេ្តយ្យសិក្សា ដែលខ្លួនប្រព្រឹត្តនៅទារកដ្ឋាន នៅសហគមន៍ ឬនៅផ្ទះ។ ជាមួយគ្នា ការអប់រំមត្តេយ្យសិក្សា ត្រូវចាប់អនុវត្តមុនបឋមសិក្សា ដើម្បីត្រៀមខ្លួនចូលបឋមសិក្សា ហើយក្រសួងទទួលបន្ទុកវិស័យអប់រំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ខ្លឹមសារស្តីពីការគាំពារ និងការអប់រំកុមារតូច។

ប្រធានការិយាល័យអប់រំស្រុកឈូក លោក ចេង ត្រាង បានឱ្យដឹងថាលោកមិនសូវស្គាល់ច្បាស់ ឬធ្លាប់ទៅទីតាំងសមាគម«ទុកចិត្ត»នោះផ្ទាល់ដែរ ព្រោះតែសមាគមនេះមិនបានចុះឈ្មោះនៅការិយាល័យស្រុក និងមន្ទីរអប់រំខេត្តនោះទេ។ មិនតែប៉ុណ្ណោះលោកអះអាងថា ការិយាល័យអប់រំស្រុកក៏គ្មានគោលការណ៍ក្នុងការជួយជាថវិកា ដើម្បីផ្គត់ផ្គង់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សមាគមដែរ ប៉ុន្តែសមាគមត្រូវការជាបច្ចេកទេសបង្រៀន ការតុបតែងថ្នាក់ ឬការចែករំលែកផ្សេងៗ នោះអាចធ្វើសំណើទៅកាន់ការិយាល័យស្រុកបាន។

លោកបញ្ជាក់ថា៖«បើសិនជាថវិកាពីមន្ទីរ យើងខាងការិយាល័យអត់មានខ្ទង់អីអាហ្នឹងទេ! មានតែសាលារៀនចំណេះដឹងទូទៅដែលអាចជួយ ក៏ប៉ុន្តែបើសិនជាក្នុងករណីអង្គការហ្នឹង គាត់សប្បុរសជនជួយ ឬដៃគូអភិវឌ្ឍន៍អ៊ីចឹងទៅ ពេលដែលគាត់មានថវិកាហ្នឹងទៅ គាត់នឹងអាចធ្វើរបងហ្នឹងបាន»។

យ៉ាងណា វិលមកលោក ផាន់ ណារ័ត្ន វិញ ចាត់ទុកការស្ម័គ្រចិត្តបង្កើតសមាគម និងបង្រៀនកុមារនៅក្នុងមូលដ្ឋានខាងលើនេះ គឺជាការរៀនបន្ថែម និងចែករំលែកចំណេះដឹងដែលលោកមានទៅឱ្យកុមារទាំងនោះ ដោយលោកថាទោះបីជាកាលៈទេសៈណាក៏ដោយ ក៏លោកនៅតែស្ម័គ្រចិត្តបន្ត។

នាយកប្រតិបត្តិសមាគម«ទុកចិត្ត»ដដែលក៏សំណូមពរឱ្យមានការបង្កើតសមាគម ឬកម្មវិធីអប់រំដល់កុមារនិងយុវជននៅតាមទីជនបទ ព្រោះលោកថា ការបង្កើតសកម្មភាពបែបនេះគឺជារឿងមួយដ៏ល្អ ទោះបីមិនមានអ្នកណាឃើញ ប៉ុន្តែលោកថាជាប្រទេសមួយដែលអភិវឌ្ឍទៅបាន លុះត្រាតែប្រជាជន និងយុវជនមានការចេះដឹងច្រើន។

អតីតផលិតករភាពយន្តមានដើមកំណើតពីខេត្តក្រចេះរូបនេះថា ទោះធ្លាប់បំពេញការងារដែលមានប្រាក់ខែខ្ទង់ពាន់ដុល្លារ ហើយងាកមកបំពេញការងារដែលចំណាយកម្លាំងកាយ និងចិត្ត ទាំងមិនទទួលបានប្រាក់បៀវត្សសូម្បីតែមួយរៀលក្តី ប៉ុន្តែលោកមិនដែលស្តាយក្រោយនោះទេ ដោយមានអារម្មណ៍ថាជាក្តីសុខមួយសម្រាប់ជីវិតរបស់លោក។ ទន្ទឹមនោះ លោកចាត់ទុកថា ភាពរីករាយ និងភាពជោគជ័យរបស់កុមារ និងយុវជនក្នុងមូលដ្ឋានជាប្រាក់បៀវត្សរបស់លោក។

លោកមានប្រសាសន៍ថា៖«ស្នាមញញឹមរបស់ប្អូនៗជាប្រាក់ខែរបស់ខ្ញុំ។អ៊ីចឹងទោះបីជាខ្ញុំរស់នៅបច្ចុប្បន្នអត់មានលុយមួយរយលុយខ្មែរក៏ដោយ ប៉ុន្តែខ្ញុំគិតថាហាក់បីដូចជាមានលុយច្រើនដែរ»៕