ប្រជាពលរដ្ឋមួយចំនួនបង្ហាញការខកចិត្ត ក្រោយពេលផ្ទះរបស់ពួកគេដែលខិតខំបង់រំលស់ជាច្រើនឆ្នាំ ត្រូវបានបាត់បង់ ដោយក្រុមហ៊ុនបុរីរឹបអូសយកទៅវិញ អំឡុងពេលដែលពលរដ្ឋកំពុងជាប់គាំងប្រាក់ចំណូលដោយសារជួបវិបត្តិសេដ្ឋកិច្ចសកលលោក។

ពលរដ្ឋម្នាក់គឺលោក ជិន ពៅ អាយុ៤២ឆ្នាំ បានអះអាងប្រាប់ Newsroom Cambodia ថា លោកបានទិញផ្ទះមួយល្វែងនៅក្រុមហ៊ុនបុរីពីភពថ្មីកួរស្រូវ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង់រំលស់អស់រយៈពេល៣ឆ្នាំមកហើយ ពោលគឺក្នុងអំឡុងឆ្នាំ២០២០។លោកបន្ថែមថា ក្នុងមួយខែ លោកត្រូវបង់ថវិកាទៅភាគីបុរីផ្ទាល់ ចំនួនជាង៨០០ដុល្លារ ហើយត្រូវបង់រយៈពេល ១៥ឆ្នាំ ទើបទទួលបានផ្ទះដោយស្របច្បាប់។ លោករៀបរាប់បន្ដថា​ ដំបូងឡើយលោកអាចមានលទ្ធភាពបង់រំលស់ដោយសារលោកមានប្រាក់ចំណូលគ្រប់គ្រាន់ ប៉ុន្ដែក្រោយពេលផ្ទុះជំងឺកូវីដ-១៩ មក ការរកស៊ីរបស់លោកត្រូវបានជាប់គាំង។

បុរសវ័យ ៤២ឆ្នាំរូបនេះរៀបរាប់ប​ន្តទៀតថា មូលហេតុដែលលោកនៅតែតស៊ូបង់រំលស់រហូតបាន៣ឆ្នាំមកនេះ ដោយសារលោកបានលក់ទ្រព្យសម្បត្តិមួយចំនួនដើម្បីបានលុយយកទៅបង់ឱ្យម្ចាស់បុរី។ ប៉ុន្ដែក្នុងពេលថ្មីៗនេះ ពោលគឺខែកុម្ភៈ ឆ្នាំ២០២៣ លោកថា អស់លទ្ធភាពបង់តទៅទៀតហើយ ទើបភាគីក្រុមហ៊ុនបុរីបានជូនដំណឹង មកកាន់លោកដោយទុករយៈពេលឱ្យ ៣ខែដើម្បីរកថវិកាបង់បន្ត។ លុះ៣ខែក្រោយមក លោកនៅតែមិនមានលទ្ធភាពបង់បន្តនោះទេ ទើបផ្ទះរបស់លោកត្រូវបានក្រុមហ៊ុនបុរីពិភពថ្មីកួរស្រូវ២រឹបអូសយកវិញតែម្តង។

លោក ពៅ បង្ហាញការសោកស្ដាយចំពោះការបាត់បង់ផ្ទះដែលលោកខិតខំបង់រំលស់អស់រយៈពេល៣ឆ្នាំ ប៉ុន្ដែចុងក្រោយគ្មានបានអ្វីទាំងអស់។

លោកនិយាយថា៖ «ស្ដាយអូន! ផ្ទះយើងខំបង់អស់៣ឆ្នាំហើយ មិនមែនបង់តិចណា១ខែជាង៨០០ដុល្លារ អូនឯង! សាកគុណមើលជិត៣ម៉ឺនដុល្លារ។ ខ្ញុំខំប្រឹង [បង់] នឹកឃើញថាបានផ្ទះអូន! រស់នៅនឹងគេហើយតែបែរអាលាយអស់»

លោកបន្ថែមថា៖ «ពេលគេរឹបអូសគេ [ម្ចាស់បុរី] ទុកពេលឱ្យយើង៣ខែដែរ ប៉ុន្ដែអត់មានអ្នកទិញតដូច្នេះគេរឹបអូសយកគ្មានឱ្យសំណងយើងអីវិញខ្លះទេអូន! ស្ដាយពេលហ្នឹងបើយកលុយទិញដីធ្វើផ្ទះកន្លែងផ្សេងគឺល្អបាត់»

ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច រួមទាំងប្រទេសកម្ពុជាផងនោះ មានប្រជាពលរដ្ឋមួយចំនួន ក៏បានបង្ខំចិត្ដដាក់លក់ផ្ទះឡៃឡុងដើម្បីសងបំណុលទៅធនាគារដែលពួកគេជំពាក់ផងដែរ។

នៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយរូបភាពដែលមានបាញ់ថ្នាំក្រហមនៅលើទ្វារផ្ទះល្វែងមួយចំនួនដោយសរសេរអក្សរថា «ផ្ទះក្រុមហ៊ុនរឹបអូស» និង«ត្រូវរើចេញ៧ ថ្ងៃក្រោយ» ដោយមានការចែករំលែករូបភាពនេះជាបន្តបន្ទាប់។

ជាក់ស្តែងអ្នកសារពត៌មាន Newsroom Cambodia បានទៅកាន់ទីតាំងបុរីពិភពថ្មីកួរស្រូវ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ គឺមានផ្ទះល្វែងជាច្រើនបានដាក់ស្លាកថា «ផ្ទះក្រុមហ៊ុនបានរឹបអូស» ខណៈផ្ទះល្វែងមួយចំនួនទៀតសរសេរនៅមុខទ្វារផ្ទះថា «ផ្ទះលក់ជាបន្ទាន់» ឬ«ផ្ទះជួល» ជាដើម។ ចំណែកក្នុងបុរីវិញ មានសភាពស្ងាត់ជ្រងំ ឃើញមានតែផ្ទះ ប៉ុន្តែមិនសូវមានមនុស្សរស់នៅនោះទេ ដោយផ្ទះខ្លះត្រូវបានចាក់សោរទុកចោលតែម្តង។

ករណីរឹបអូសផ្ទះពីក្រុមហ៊ុនបុរីនេះ​ដែរ មានពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី ឡុង សារី  វ័យ ៣៥ឆ្នាំ ដែលបានទិញផ្ទះនៅបុរីពិភពថ្មីកួរស្រូវ១ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ប្រាប់ថា អ្នកស្រីបង់រំលស់ជាមួយម្ចាស់បុរីនេះអស់រយៈពេល ៤ឆ្នាំមកហើយ ដោយក្នុង១ខែត្រូវបង់ជាង៨០០ដុល្លារ និងត្រូវបង់រយៈពេល១៥ឆ្នាំ។

ស្រ្តីវ័យ ៣៥ឆ្នាំ រូបនេះបន្ថែមថា ម្ចាស់បុរីមិនបានយោគយល់ចំពោះអ្នកស្រីនោះទេ ទោះបីជាគាត់ព្យាយាមសុំការយោគយល់ពីភាគីក្រុមហ៊ុនបុរីជាច្រើនលើកក៏ដោយ។ អ្នកស្រី សារី បានសម្រេចចិត្ដបោះបង់ផ្ទះដែលអ្នកស្រីខំសន្សំលុយដើម្បីបង់រំលស់ជាច្រើនឆ្នាំ ដោយសង្ឃឹមថាបានផ្ទះសមរម្យរស់នៅ ប៉ុន្ដែគាត់និយាយទាំងសោកស្តាយថា បែរជាមកត្រូវអស់លុយហើយគ្មានផ្ទះនៅទៅវិញ។

អ្នកស្រីនិយាយទាំងដកដង្ហើមធំថា៖ «ហ៊ឺ!បងស្ដាយណាស់អូន​ យើងខំសន្សំលុយ មិនហ៊ានចាយផ្ដេសផ្ដាសអីទេ ដើម្បីបានផ្ទះនៅ ប៉ុន្ដែរយៈពេលយើងបង់៤ឆ្នាំនេះគឺអស់អាលីងអូនអើយ!។យើងគ្មានលុយបង់បន្ដ ខាងបុរីគេរឹបអូសយកវិញ យើងបានត្រឹមរើអីវ៉ាន់ចេញដែលជារបស់យើងទុកផ្ទះឱ្យគេ»

នៅថ្ងៃទី៨ ខែមិថុនា Newsroom Cambodia បានទំនាក់ទំនងលេខទូរសព្ទដែលមាននៅលើផ្ទាំងផ្សព្វផ្សាយបុរីពិភពថ្មីកួរស្រូវ២ ដោយហៅចូលជាច្រើនលើកប៉ុន្តែមិនមានអ្នកទទួល។

លុះនៅថ្ងៃទី៩ ខែមិថុនា Newsroom Cambodia បានព្យាយាមទំនាក់ទំនងលេខទូរសព្ទដែលមាននៅលើទំព័រហ្វេសបុកបុរីពិភពថ្មីកួរស្រូវ២ មានស្រ្តីម្នាក់បានទទួលទូរសព្ទ ដោយអះអាងថាជា​បុគ្គលិកផ្នែកទីផ្សារ ប៉ុន្តែប្រព័ន្ធទូរសព្ទត្រូវបានកាត់ផ្តាច់ ក្រោយពេលសុំការឆ្លើយតបករណីរឹបអូសផ្ទះអតិថិជន។ នៅថ្ងៃដដែល អ្នកសារពត៌មានបានព្យាយាមទំនាក់ទំនងជាបន្តទៀតប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។

ស្របពេលនៃការកើតមានការរឹបអូសផ្ទះពីភាគីម្ចាស់បុរី និងការបង្ខំចិត្តដាក់លក់ផ្ទះឡៃឡុងដោះបំណុលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារអន្តរាគមន៍សុំការយោគយល់ពីភាគីធនាគារ និងម្ចាស់បុរី ជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ និងអាចារិនី នៅសាលប្រជុំកោះពេជ្យ លោកបានអំពាវនាវសុំការអនុគ្រោះពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំរឹបអូសទ្រព្យសម្បត្តិ របស់ពលរដ្ឋដែលកំពុងជួបបញ្ហាធ្លាក់ចំណូលពិតប្រាកដ ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលលោក។

ដោយឡែក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងពិធីជួប​សំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់ការរឹបអូសផ្ទះពីអតិជន ដោយតម្រូវឱ្យមានការសម្របសម្រួលរៀបចំការបង់រំលស់ឡើងវិញ។

លោកថា៖ «បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ ឯអ្នកដែលទិញក៏ត្រូវមានការទទួលខុសត្រូវ ត្រូវតែសងគេ តែគ្រាន់តែគេកាត់បន្ថយថាមួយខែ ៥០០ [ដុល្លារ]ឱ្យមកនៅ៣០០ [ដុល្លារ] តែត្រូវតែបង់កុំឱ្យដល់៣០០[ដុល្លារ] អាងតែឮនាយរដ្ឋមន្រ្តី [ស្រែក] មិនខ្ចីបង់ ក៏អត់បានដែរ»។

​បន្ថែមលើនេះលោក ហ៊ុន សែន បានប្រាប់ទៅមន្ត្រីរបស់លោកឱ្យស្រាវជ្រាវពីករណីក្រុមហ៊ុនបុរីដែលបានរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដោយកំណត់ចំនួនទិន្នន័យជាក់លាក់មួយដើម្បីឱ្យលោកបានត្រួតពិនិត្យបន្ថែម។

ជុំវិញករណីនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានពន្យល់អំពីបញ្ហាប្រឈមរបស់ពលរដ្ឋបង់រំលស់ផ្ទះជាមួយបុរីថា ការប៉ះពាល់វិបត្ដិនេះមិនថាតែនៅកម្ពុជាទេ គឺទូទាំងសកលលោកទៅហើយ។ លោកថា សម្រាប់កម្ពុជាគឺនៅតែមានសេដ្ឋកិច្ចល្អប្រសើរ គ្រាន់តែថាមានភាគរយតិចតួចប៉ុណ្ណោះសម្រាប់បញ្ហានេះ។

លោកថា៖ «មិនថាកម្ពុជាទេ សឹងតែពេញពិភពលោកទៅហើយ ដែលជួបវិបត្ដិសកលនេះ។សម្រាប់កម្ពុជាគឺមានតិចតួចទេ វាមិនប៉ះពាល់ធ្ងន់ធ្ងរឡើយ»

យ៉ាងណាក្តី នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា ដោយសារតែវិបត្ដិសេដ្ឋកិច្ចសកលផង និងវិបត្ដិជំងឺកូវីដ-១៩ផង ទើបធ្វើឱ្យពលរដ្ឋបាត់បង់ប្រាក់ចំណូល។ លោកបន្ដថា ដើម្បីដោះស្រាយបញ្ហានេះបានមានតែពលរដ្ឋដែលបង់រំលស់ជាមួយក្រុមហ៊ុនបុរីជជែកគ្នា ដោយយកការយោគយល់ និងវិធីសាស្ដ្រឈ្នះៗមកដោះស្រាយទើបល្អ។

លោកថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិលចង់ឃើញការដោះស្រាយពីម្ចាស់បុរី និងពលរដ្ឋដែលបង់រំលស់មានការយោគយល់គ្នា។ កុំព្យាយាមបង្កភាពមិនល្អដាក់គ្នា​។ ខ្ញុំគិតថាគ្មានអីល្អជាងជជែកគ្នាទេ»

ជំងឺកូវីដ-១៩ ដែលបានផ្ទុះចេញពីប្រទេសចិន កាលពីចុងឆ្នាំ២០១៩ គឺជាមេរោគកាចសាហាវមួយដែលទាញសេដ្ឋកិច្ចពិភពលោកឱ្យដាំក្បាលចុះ រួមទាំងប្រទេសកម្ពុជាផងដែរ។

នៅកម្ពុជាការឆ្លងយ៉ាងរហ័សនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះគឺចាប់ពីមានការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងឆ្នាំ២០២១ ដែលជាការរាលដាលចូលក្នុងសហគមន៍លើកទី៣។ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍លើកចុងក្រោយនេះ ធ្វើឱ្យមានអ្នកជំងឺឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ ហើយបានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការហាមមនុស្សចេញពីផ្ទះ ដើម្បីកាត់បន្ថយការឆ្លងនៃវីរុសនេះ។ ហេតុការណ៍នេះ បានបង្កអោយពលរដ្ឋមួយចំនួនបាត់បង់ចំណូលស្ទើរតែទាំងស្រុង ដែលធ្វើឱ្យពួកគេប្រឈមការជំពាក់បំណុលធនាគារកាន់តែវ័ណ្ឌកថែមទៀត។

ក្រសួង​​សហ​ព័ន្ធ​អាល្លឺម៉ង់​ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​)​ បានចេញរបាយការណ៍សិក្សាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយបង្ហាញថា មានប្រជាពលរដ្ឋកម្ពុជា ជិត ១៧ម៉ឺននាក់ (១៦៧ ០០០នាក់) បានលក់ដី និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ដដែលបញ្ជាក់ថា គិតជាមធ្យមរយៈពេល ១៦នាទីម្តងមានពលរដ្ឋខ្មែរ ១គ្រួសារបានលក់ដីដើម្បីសងទៅម្ចាស់បំណុល។

ក្នុងរបាយការណ៍សរសេរថា៖ «ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន»

យ៉ាងណាក្តី សម្រាប់លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បានឱ្យយោបល់ថា ក្នុងដំណាក់កាលនៃប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចបែបនេះ ក្រុមហ៊ុនបុរី និងអតិថិជនត្រូវមានការយោគយល់គ្នាឱ្យបានខ្ពស់ទើបអាចឆ្លងកាត់ដំណាក់កាលលំបាកនេះបាន។

លោកថា៖ «បញ្ហាដែលកើតឡើងរវាងអ្នកទិញផ្ទះ បង់រំលស់ ហើយនិងក្រុមហ៊ុនអចលនទ្រព្យលក់ផ្ទះល្វែងតាមបុរីរបស់ខ្លួនច្បាស់ជាមានដំណោះស្រាយ ដំណោះស្រាយទី១ ផ្អែកលើមូលដ្ឋាននៃការយោគយល់ ហើយបន្ទាប់មកការយោគយល់មួយដែរ ឈានទៅឈ្វេងយល់ពីគ្នាទៅវិញទៅមក រវាងការលំបាករបស់អ្នកលក់និងអ្នកទិញ»