ក្រុមយុវជនមកពីគណបក្សប្រជាជនកម្ពុជា និងបក្សក្រៅរដ្ឋាភិបាលចំនួន ៧ផ្សេងទៀត ស្នើឱ្យរាជរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់នៃកម្ចីធនាគារ និងកម្ចីក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ខណៈពួកគាត់មើលឃើញថាកំណើននៃការខ្ចីបំណុលបានកើតឡើងគួរឱ្យកត់សម្គាល់ និងបារម្ភថាបំណុលទាំងនោះនឹងក្លាយជាបន្ទុកធ្ងន់ធ្ងរ និងធ្វើឱ្យពលរដ្ឋកាន់តែមានជីវភាពយ៉ាប់យឺន។
ការស្នើនេះធ្វើឡើងដោយយុវជនមកពីគណបក្សចំនួន៨ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងកម្មវិធីអនុសាសន៍យុវជនលើគោលនយោបាយសាធារណៈកាលពីសប្តាហ៍កន្លងទៅ។
យុវជននៃគណបក្សភ្លើងទៀនដែលតំណាងឱ្យយុវជននៃគណបក្សនយោបាយទាំង៨ និងជាចៅសង្កាត់រងសង្កាត់ប៉ោយប៉ែត អ្នកស្រី ចៅ រតនៈ បានលើកឡើងថា គោលបំណងនៃការលើកយកអនុសាសន៍នេះ គឺដោយសារតែមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋខ្មែរបានធ្លាក់ខ្លួនទៅក្នុងបំណុលធនាគារ និងបំណុលក្រៅប្រព័ន្ធដោយមិនដឹងខ្លួន។ ដូច្នេះហើយអ្នកស្រី និងយុវជននៃគណបក្សផ្សេងទៀត ចង់ឱ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានពង្រឹងសេវាសាធារណៈនៅមូលដ្ឋានឱ្យបានច្បាស់លាស់មុននឹងចេញលិខិតបញ្ជាក់សើ្នសុំខ្ចីប្រាក់ និងបង្កើនចំណាត់ការផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងពីផលប៉ះពាល់នៃបំណុល ព្រោះបញ្ហានេះជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ។
អ្នកស្រីថា៖«កុំថាបញ្ហាប្រឈមរបស់ពលរដ្ឋរឿងទាក់ទងបំណុលជារឿងតូចតាច ស្តាប់ទៅអ្នកខ្លះថាជារឿងតូចតាច ធំមែនទែន! វាអាចឈានដល់ការដោះស្រាយបំណុលមិនបានសម្លាប់ខ្លួន មិនបានយើងអាចចំណាកស្រុក រត់ចោលផ្ទះ ខ្លះគាត់ទៅជាឈ្លោះគ្នាបែកបាក់ប្តីប្រពន្ធ»។
អ្នកស្រី ចៅ រតនៈបារម្ភថាការកើនឡើងនៃបញ្ហាបំណុលរបស់ពលរដ្ឋជាបន្តបន្ទាប់នេះ បាននិងកំពុងក្លាយជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ ហើយក៏នឹងរុញច្រានឱ្យពួកគេកាន់តែក្រីក្រទៅៗថែមទៀត។
អ្នកស្រីអះអាងថា៖«បញ្ហានៅថ្ងៃខាងមុខនឹងធ្វើឱ្យពលរដ្ឋកាន់តែក្រីក្រជាងហ្នឹង អត្រាដែលក្រីក្រនឹងធ្លាក់ចុះខ្លាំងជាងអាណត្តិមុនទៅទៀត»។
ជាក់ស្តែង សេចក្តីថ្លែងការណ៍មួយដែលចេញដោយអង្គការលីកាដូនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញថាកម្ពុជាជាប្រទេសដែលមានពលរដ្ឋជំពាក់បំណុលច្រើនជាងគេនៅក្នុងពិភពលោក ហើយវិបតិ្តបំណុលដែលកំពុងបន្តកើតមានឡើង និងផលប៉ះពាល់ត្រូវបានទទួលស្គាល់ដោយអគ្គលេខាធិកាអង្គការសហប្រជាជាតិ ក្រុមអង្គការសិទិ្ធមនុស្សក្នុងស្រុកនិងអន្តរជាតិ។
សេចក្តីថ្លែងការណ៍សរសេរថា៖«ប្រទេសកម្ពុជាជាប្រទេសដែលមានបំណុលមីក្រូហិរញ្ញវត្ថុក្នុងមនុស្សម្នាក់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយទំហំបំណុលជាមធ្យម គឺច្រើនជាងបីដងនៃចំណូលជាមធ្យមរបស់ពលរដ្ឋកម្ពុជា»។
ពលរដ្ឋជំពាក់បំណុលធនាគារម្នាក់ដែលកំពុងរស់នៅបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យ គឺអ្នកស្រី ជា ពិសី បានរៀបរាប់ថា កាលពីឆ្នាំ២០២១ អ្នកស្រីបានរកសេវាកម្ចីពីធនាគារមួយកន្លែងចំនួន ៨ ៥០០ដុល្លារ ដោយដាក់ប្លង់ដីផ្ទះរបស់ម្តាយបង្កើតជាទ្រព្យធានា ដើម្បីបង់ផ្តាច់បំណុលចាស់ប្រមាណ៥ ០០០ដុល្លារទៀត ខណៈដែលថវិកានៅសល់អ្នកស្រីយកទៅចំណាយក្នុងការរកស៊ីបន្តិចបន្តួច ប៉ុន្តែត្រូវរងការខាតបង់។
ស្រ្តីវ័យ៤៣ឆ្នាំរូបនេះបន្តថា គិតមកទល់ខែមិថុនា ឆ្នាំ២០២៣នេះ អ្នកស្រីបានខកខានបង់សងធនាគារប្រមាណ ៩ខែមកហើយ ដោយសារតែគ្មានលទ្ធភាពគ្រប់គ្រាន់ ព្រោះត្រូវពឹងផ្អែកលើស្វាមីដែលជាចុងភៅទាំងស្រុង ដោយអ្នកស្រីត្រូវស្នាក់នៅផ្ទះមើលចៅ ខណៈកូនៗសុទ្ធតែមិនមានការងារច្បាស់លាស់។ ជាពិសេសគឺត្រូវចំណាយប្រចាំថ្ងៃ បង់ថ្លៃបន្ទប់ជួល ហើយថែមទាំងព្យាបាលកូនស្រីពៅដែលគ្រោះថ្នាក់ចរាចរណ៍បាក់ជើងថែមទៀត។
អ្នកស្រីថា៖«កាលហ្នឹងមួយរយៈហ្នឹង ខ្ញុំវាវេទនាកូនគ្រោះថ្នាក់ចរាចរណ៍បាក់ជើងផង លុយផ្ទះ(បន្ទប់ជួល) លុយអីគ្រប់សព្វទៀត ធ្វើឱ្យខ្ញុំពិបាក»។
ក្រោយខកខានបង់សងធនាគារនេះ អ្នកស្រី ជា ពិសី ឱ្យដឹងថាភាគីធនាគារបានចុះទៅថតរូបភាពប្លង់ដីផ្ទះដែលបានដាក់ធានាជាច្រើនដង និងបានហៅអ្នកស្រី និងស្វាមីឱ្យទៅជួបនៅទីស្នាក់ការធនាគារផ្ទាល់កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ដើម្បីសួរនាំពីការបង់សងធនាគារវិញ ហើយថែមទាំងបានប្រាប់ឱ្យផ្តិតមេដៃទាំង២នាក់ ដោយមិនបញ្ជាក់ពីមូលហេតុប្រាប់អ្នកស្រី និងស្វាមីផងដែរ។
ការណ៍នេះស្រ្តីដែលកំពុងជាប់បំណុលធនាគារជាង ៨ពាន់ដុល្លារដដែលបារម្ភពីការរឹបអូសប្លង់ដីដែលដាក់ធានា ព្រោះការប្រាប់ឱ្យផ្តិតមេដៃដោយមិនបានបញ្ជាក់ពីមូលហេតុ ស្របពេលដែលអ្នកស្រីមិនចេះអក្សរទៀតនោះ។
អ្នកស្រីបញ្ជាក់ថា៖«គ្រាន់តែចូលទៅដល់ភ្លាម គាត់អត់មាននិយាយអីច្រើនទេ គ្រាន់តែគាត់សួរថាបងឯងអាចបង់ខែណាវិញ ហើយបង់ប៉ុន្មានមានលទ្ធភាព។ ដល់ពេលគ្រាន់និយាយពីរបីម៉ាត់អ៊ីចឹងហើយ គាត់យកក្រដាសឱ្យផ្តិតមេដៃ ហើយក៏ផ្តិតទាំងប្តីទាំងប្រពន្ធ ដល់ផ្តិតហើយបានសួរលោកគ្រូផ្តិតធ្វើអី គាត់ថាអត់អីទេ»។
មិនត្រឹមតែមានបំណុលធនាគារនេះប៉ុណ្ណោះទេ ប៉ុន្តែគ្រួសារបស់អ្នកស្រី ពិសី ក៏កំពុងតែជាប់បំណុលក្រៅប្រព័ន្ធចំនួន១លានរៀល ដែលត្រូវបង់ការប្រាក់ជាង១០ម៉ឺនរៀលក្នុងមួយសប្តាហ៍ដែលមិនអាចខកខានបានផងដែរ។
ជុំវិញករណីនេះ យុវជននៃគណបក្សភ្លើងទៀន និងជាចៅសង្កាត់រងសង្កាត់ប៉ោយប៉ែត អ្នកស្រី ចៅ រតនៈ លើកឡើងថាកម្ចីក្រៅប្រព័ន្ធក៏ជាបញ្ហាប្រឈមខ្លាំងសម្រាប់ពលរដ្ឋដែរ ព្រោះតែអត្រាការប្រាក់ខ្ពស់ខ្លាំង។
«វាជាបញ្ហាប្រឈមរបស់ពលរដ្ឋយើង នៅក្នុងមូលដ្ឋានរបស់យើងផ្ទាល់ហ្មង ហើយបញ្ហាដែលគាត់ចង[ការ]ប្រាក់ក្រៅប្រព័ន្ធហ្នឹង ធ្វើឱ្យគាត់ហ្នឹងមានអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យបញ្ហាប្រឈមប៉ះពាល់ដល់ពួកគាត់ខ្លាំងមែនទែនដោយសារតែពេលសងបកទៅវិញ គាត់អត់មានលទ្ធភាព»។
ស្រដៀងគ្នា ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា កម្ចីក្រៅព័ន្ធ ដែលជាការខ្ចីរវាងពលរដ្ឋនិងពលរដ្ឋ ជាបញ្ហាដ៏ធំដែលធ្វើឱ្យអ្នកខ្ចីអាចបាត់បង់ទ្រព្យបញ្ចាំលឿនជាងកម្ចីធនាគារ ព្រោះតែការប្រាក់ថ្លៃ។
លោកអះអាងថា៖«ការប្រឈមហ្នឹងធំណាស់! ប្រឈមជាមួយនឹងគាត់អាចនឹងបាត់បង់ទ្រព្យសម្បត្តិលឿនៗជាងធនាគារទៅទៀត»។
លោកបានអះអាងថា បច្ចុប្បន្នបញ្ហាបំណុលសម្រាប់ពលរដ្ឋនៅកម្ពុជានឹងកាន់តែកើនឡើង ហើយពលរដ្ឋក៏កាន់តែក្រីក្រ ខណៈសេដ្ឋកិច្ចសង្គមក៏កាន់តែធ្លាក់ចុះដែរ ប្រសិនបើមិនមានការដោះស្រាយទាន់ពេលវេលាលើការផ្តល់ប្រាក់កម្ចី និងការផ្តល់សេវាធានារ៉ាប់រងសង្គមផ្សេងៗដល់ពលរដ្ឋ។
លោកមានប្រសាសន៍ថា៖«បើសិនជាអត់មានដំណោះស្រាយទេ បញ្ហាវាកាន់តែលំបាក ហើយប្រជាពលរដ្ឋជំពាក់បំណុលគេហ្នឹងកាន់តែកើនឡើងច្រើន ហើយចំណាកស្រុកកាន់តែច្រើន ហើយគ្រឹះសេដ្ឋកិច្ចជាតិអាចមានបញ្ហាដែរ»។
របាយការណ៍របស់អង្គការការពារសិទិ្ធមនុស្សលីកាដូ និងសមាគមធាងត្នោតស្តីពី«ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅបានរកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ពលរដ្ឋកម្ពុជាបានកើនកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល។
ដោយឡែក ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍របស់ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅបានបង្ហាញថា ពលរដ្ឋកម្ពុជា១៦៧,០០០នាក់ បាននិងកំពុងលក់ដីសងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្នុងនោះគិតជាមធ្យមរយៈពេល១៦នាទីមានពលរដ្ឋខ្មែរ១គ្រួសារលក់ដីសងបំណុល។
ការសិក្សាដដែលបានបញ្ជាក់ទៀតថា ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលគឺក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថាបច្ចុប្បន្ននេះកម្ចីធនាគារបានជួយដល់ការធ្វើអាជីវកម្ម និងតម្រូវការជាច្រើនដល់ប្រជាពលរដ្ឋ ប៉ុន្តែក្នុងនោះក៏ផ្តល់វិបត្តិជាច្រើនដល់ពលរដ្ឋដែរ ទាំងបំណុលក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ យ៉ាងណាលោកថា នៅតែមិនទាន់មានការសិក្សាថាមានតួលេខពលរដ្ឋជាក់លាក់ណាមួយនៅឡើយដែលកំពុងមានវិបត្តិជាប់បំណុលនេះ ប៉ុន្តែលោកថាប្រសិនបើពលរដ្ឋនៅតែបន្តមានបញ្ហានេះតទៅទៀត នោះជាបញ្ហាសម្រាប់សេដ្ឋកិច្ចកម្ពុជា។
លោកមានប្រសាសន៍ថា៖«កាលណាយើងមានបញ្ហាកើតមានអ៊ីចឹងហើយគឺមានវិបត្តិ ហើយកាលណាវិបត្តិហ្នឹងវាច្រើនទៅៗ នោះគឺជាភាពវឹកវរមួយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសង្គម»។
ទោះជាបែបនេះក្តី លោកអះអាងថាដើម្បីចូលរួមដោះស្រាយ និងកាត់បន្ថយបញ្ហានេះបាន លុះត្រាតែប្រជាពលរដ្ឋទទួលសេវាកម្ចីឱ្យសមស្របទៅនឹងប្រភពចំណូលរបស់ខ្លួន ពោលគឺប្រាកដថាប្រាក់ដែលត្រូវបង់សងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញគឺជាថវិកាមួយផ្នែកតូចនៃប្រាក់ចំណូល។ លោកបន្តថា រដ្ឋមានតួនាទីត្រឹមតែពង្រឹងច្បាប់ និងអប់រំណែនាំប្រជាពលរដ្ឋពីផលលំបាកប៉ុណ្ណោះ ទោះបីជារដ្ឋមានថវិកា ក៏មិនមានតួនាទីក្នុងការលូកលាន់ទៅក្នុងកិច្ចការរបស់ពលរដ្ឋ និងស្ថាប័នផ្តល់ប្រាក់កម្ចីដែរ គឺមានតែការសំណូមពរប៉ុណ្ណោះ ព្រោះជាកិច្ចសន្យាឯកជន។
លោកថា៖«នៅក្នុងលក្ខខណ្ឌកិច្ចសន្យា យើងដឹងស្រាប់ហើយថាគេអាចមានសិទ្ធិសព្វបែបសព្វយ៉ាងក្នុងការកំណត់ ឬក៏ដាក់ទោស ឬក៏ផ្តាច់ ធ្វើអីសព្វបែបយ៉ាងទាំងអស់មកលើកូនបំណុលរបស់ខ្លួន»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថាកម្ចីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ប្រជាពលរដ្ឋសំអាងលើតែទ្រព្យធានា ប៉ុន្តែមិនមានការសិក្សា និងផ្តល់យោបល់ពីផែនការនៃការប្រើប្រាស់កម្ចីឱ្យបានច្បាស់លាស់នៅឡើយ។ ដូច្នេះលោកថាដើម្បីដោះស្រាយបញ្ហាបំណុលបាន លុះត្រាតែភាគីរដ្ឋាភិបាល និងស្ថាប័នផ្តល់ប្រាក់កម្ចីសិក្សាពីផែនការអាជីវកម្មឱ្យបានលម្អិត ចៀសវាងការពិនិត្យមើលតែទ្រព្យធានា ហើយបង្កបញ្ហាប្រឈមដល់ពលរដ្ឋពេលដែលត្រូវសងត្រឡប់ទៅវិញ ដោយត្រូវលក់ទ្រព្យសម្បត្តិ ចំណាកស្រុក រួមទាំងមានបញ្ហាដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមដែរ។
លោកថា៖«ជាទូទៅគឺមើលតែទ្រព្យបញ្ចាំ អត់មើលផែនការអាជីវកម្ម។ ដល់កាលណាមើលតែទ្រព្យបញ្ចាំ គឺធ្វើឱ្យរឿងបំណុលហ្នឹងចេះតែកើនឡើង[…] បើសិនជាយើងបង្វែរពីថាទ្រព្យបញ្ចាំ ហើយទៅមើលពីផែនការអាជីវកម្មឱ្យច្បាស់លាស់ ហើយជាក់លាក់ ហើយទៅធ្វើការតាមដាន និងវាយតម្លៃពីអាជីវកម្មរបស់គាត់ជាប្រចាំ»។
វិលមក អ្នកស្រី ចៅ រតនៈ បានសំណូមពរឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោម ជួយពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីផលវិបាកសិន ព្រោះអ្នកស្រីថាពលរដ្ឋមិនសូវបានយល់ដឹងពីការប្រាក់កម្ចីទេ គឺចង់បានតែម្យ៉ាងគឺឱ្យតែបានថវិកាមកដល់ដៃ ដូច្នេះមានតែអាជ្ញាធរទេដែលមានឥទ្ធិពលក្នុងការណែនាំពួកគាត់។
អ្នកស្រីសំណូមពរថា៖«បើរាជរដ្ឋាភិបាល ឬមួយអាជ្ញាធរគាត់យកចិត្តទុកដាក់ពាក់ព័ន្ធបញ្ហានេះ [ការពន្យល់ពលរដ្ឋ] ខ្ញុំជឿថាកាត់បន្ថយច្រើន[…] ខ្ញុំជឿថានៅពេលអាជ្ញាធរនិយាយទៅកាន់ប្រជាពលរដ្ឋៗទទួលយកបានច្រើនជាង អ្នកសាមញ្ញដែលមិនមែនជាអាជ្ញាធរ»។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាកម្ចីប្រាក់ក្រៅប្រព័ន្ធនោះទេ ដោយសារតែមិនស្ថិតនៅក្រោមច្បាប់ការពារ ទាំងអ្នកផ្តល់ និងអ្នកទទួលសេវា។ មួយវិញទៀត លោកថារដ្ឋាភិបាលមិនមានតួនាទីក្នុងការលូកដៃចូលទៅក្នុងកិច្ចការរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីនោះទេ ប៉ុន្តែបើតាមគោលការណ៍របស់រដ្ឋ មុននឹងចុះអាជ្ញាបណ្ណបង្កើតធនាគារ ត្រូវកំណត់ឱ្យជួយសង្គម មិនមែនបង្កើតបញ្ហាសង្គមនោះទេ។
លោកថា៖«ធនាគារត្រូវតែចូលរួមក្នុងការអភិវឌ្ឍសង្គម មិនមែនបង្កើតម្ចាស់បំណុល បង្កើតអ្នកជាប់បំណុលរត់ចោលស្រុក មានជីវភាពវេទនា ដោយសារធនាគារនោះទេ»។
មិនតែប៉ុណ្ណោះ លោក ផៃ ស៊ីផាន បានសំណូមពរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជុំវិញការទទួលសេវាកម្ចីនេះ ចៀសវាងក្លាយទៅជាកូនបំណុលដែលមិនអាចដកខ្លួនរួច។
លោកបញ្ជាក់ថា៖«សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា មុននឹងចុះហត្ថលេខាលើកុងត្រា ឬការខ្ចីបុលហ្នឹង ត្រូវពិចារណាឱ្យច្បាស់លាស់ កុំចាញ់បោកដោយគេពន្យល់ ដោយការអូសទាញយើងឱ្យក្លាយជាអ្នកជាប់បំណុលរើខ្លួនមិនរួច ហើយបើសិនជាយើងជួបនូវបញ្ហាហ្នឹង សូមមេត្តាប្តឹងមកធនាគារកណ្តាលរបស់កម្ពុជា»៕