មូលនិធិគន្ធបុប្ផាកម្ពុជាស្តីពីយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»ដែលប្រើប្រាស់ពេលវេលាប្រមាណមួយខែពេញអាចកៀរគរ រកថវិកាបានជាង២ ០០០ ០០០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការប្រចាំថ្ងៃនៃមន្ទីរពេទ្យគន្ធបុប្ផា ខណៈមន្ទីរពេទ្យដែលមានវ័យចំណាស់មួយនេះ ក៏នឹងត្រូវប្រឈមចំពោះការចំណាយដែលមានចំនួនកាន់តែមានកំណើនខ្ពស់ជាងមុន គួបផ្សំនឹង តម្រូវការចាំបាច់របស់អ្នកជំងឺចេះតែបន្តកើនឡើងមិនឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។
ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ បានឱ្យដឹងថា យុទ្ធនាការដែលមានឈ្មោះថា«១ម៉ឺនរៀល១ម៉ឺននាក់»ដែលមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំឡើងនេះ អាចរកថវិកាសរុបបានជាង២ ០០០ ០០០ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់ទៅនៃយុទ្ធនាការនេះ។ ជាមួយគ្នានេះ លោកថាថវិកាដែលទទួលបាននេះនឹងអាចជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ និងសង្គ្រោះជីវិតកុមាររាប់ពាន់នាក់ក្នុងមន្ទីរពេទ្យ។
មិនតែប៉ុណ្ណោះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្គត់ផ្គង់តម្រូវការចំណាយរបស់មន្ទីរពេទ្យប្រកបដោយចីរភាព លោកសម្រេចបូកញ្ចូលថវិកាដែលទទួលបានពីការបរិច្ចាកផ្សេងៗជាកញ្ចប់រួមមួយ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ កុំឱ្យស្មុគស្មាញក្នុងការទទួលខុសត្រូវចំពោះការចាត់ចែងការចំណាយ។
លោកបន្តថា៖«យើងមានយន្តការនៅក្នុងការគ្រប់គ្រងយ៉ាងល្អ មិនឱ្យមានការបារម្ភ ប៉ុន្តែក្នុងនោះក៏មានទិដ្ឋភាពងាយស្រួលក្នុងការបង្ហូរថវិកាចេញដែរបង្ហូរចេញដើម្បីធានាថាតម្រូវការមន្ទីរពេទ្យមានធនធានគ្រប់គ្រាន់ »។
របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថាសម្រាប់ឆ្នាំ ២០២៣នេះ អ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យមានជាង ៣ ០០០នាក់ក្នុងមួយថ្ងៃ។ចំនួននេះ មានការកើនឡើងប្រមាណពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២កន្លងទៅ។
តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាស្តីពីយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ដែលទើបបិទបញ្ចប់ទៅកាលពីថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៣ថ្មីៗនេះ បង្ហាញថាមន្ទីរពេទ្យទទួលបានថវិកាពីសប្បុរសជន តាមរយៈសកម្មភាពនេះបានជាង ២ ០០០ ០០០ដុល្លារអាអាមេរិក។ថវិកាទាំងនេះ យកមកដើម្បីបម្រើឱ្យសេចក្តីត្រូវការ និងទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យសម្រាប់សង្គ្រោះកុមារនៅកម្ពុជា។
ដោយឡែក ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សង់ទី បានឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផា មានអ្នកជំងឺប្រមាណតែជាង ១ ០០០នាក់ទេក្នុងមួយថ្ងៃ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះវិញ អ្នកជំងឺបានកើនឡើងជាង ៣ ០០០នាក់ក្នុងមួយថ្ងៃ ដោយក្នុងនោះកុមារដែលសម្រាកព្យាបាលក្នុងពេទ្យមានជាង២ ០០០នាក់ក្នុងមួយថ្ងៃ។ប្រភពដដែលបញ្ជាក់ថា ការកើនឡើងនេះ ដោយសារតែជារដូវកាលដែលពលរដ្ឋខ្មែរសម្រុកបញ្ជូនកូនចៅ មកមន្ទីរពេទ្យ ក្រោយពេលកម្ពុជាបើកប្រទេសឡើងវិញបន្ទាប់ពីជួបវិបត្តិជំងឺកូវីដ-១៩។
លោកបន្តថា៖«កើនឡើងច្រើន! កើនឡើងច្រើនដូចកាលពីសម័យកូវីដ មួយថ្ងៃចូលជាង ៣០០០នាក់ ហើយកុមារគេងក្នុងពេទ្យមានជាង ២ ០០០នាក់ក្នុងមួយថ្ងៃ»។
បើតាមប្រធានមន្ទីរពេទ្យគន្ធបុប្ផា ការកើនឡើងនៃអ្នកជំងឺនេះបានធ្វើឱ្យតម្រូវការចំណាយប្រចាំថ្ងៃក្នុងឆ្នាំ២០២៣ កើនដល់ទៅ១១ ០០០ ០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។តួលេខនេះ បើធៀបនឹងការចំណាយ កាលពីឆ្នាំ២០២២ វិញមានចំនួន១០ ០០០ ០០០ ដុល្លារអាមេរិក។
ទាក់ទងប្រតិបត្តិការ នៃការចំណាយសរុបក្នុងឆ្នាំ២០២២ មានចំនួន ៣៨លានដុល្លារអាមេរិក។ក៏ប៉ុន្តែខ្ទង់ចំណាយ សម្រាប់ឆ្នាំ ២០២៣ នេះវិញ មានការប៉ាន់ប្រមាណថា ទំហំនៃការចំណាយសម្រាប់ទ្រទ្រង់ដល់សកម្មភាពប្រចាំថ្ងៃ អាចនឹងលើសឆ្នាំចាស់ ប្រមាណ១០ភាគរយ។
យ៉ាងណា ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សង់ទី អះអាងថា ការកើនឡើងនៃអ្នកជំងឺនឹងមិនមានជាបញ្ហាចោទសម្រាប់មន្ទីរពេទ្យនោះទេ ដោយសារថវិកាដែលទទួលបានពីសប្បុរសជន តាមរយៈមូលនិធិផ្សេងៗដូចជាមូលនិធិគន្ធបុប្ផាជាដើម គឺអាចដោះស្រាយបាន។ក្រៅពីនេះ ថវិកាបរិច្ចាគពីមហាជន ទោះបីតិច ឬច្រើន គឺសុទ្ធតែបានរួមចំណែកសង្គ្រោះអាយុជីវិតកុមាររាប់ពាន់នាក់ ដែលកំពុងទទួលការការព្យបាល នៅទីនេះ។
លោកបន្តថា៖«គ្រប់ថវិកាទាំងអស់ ទោះតូច ឬធំ! យើងនិយាយឱ្យខ្លីសូម្បីមួយដុល្លារសុទ្ធតែបានចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារ »។
មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨។រដ្ឋបានប្រកាស ដាក់ប្រាក់វិភាគទានដំបូងគេដែលជាថវិការបស់រដ្ឋចូលមូលនិធិនេះចំនួន១០ ០០០ ០០០ដុល្លារអាមេរិក។ហើយជាបន្តបន្ទាប់មក រដ្ឋាភិបាលបានប្រកាសក្នុងការផ្តល់ថវិកាចំនួន ៥ ០០០ ០០០ ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដើម្បីជួយទ្រទ្រង់ឱ្យមន្ទីរពេទ្យនេះអាចនៅដំណើរការបាន។
មូលនិធិគន្ធបុប្ផា្ពកម្ពុជានេះ បានចាប់ដំណើការជាលើកដំបូងរបស់ខ្លួន កាលពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង ៣០០ ០០០ ដុល្លារអាមេរិក។ដោយឡែកសម្រាប់យុទ្ធនាការដែលប្រើពេលប្រមាណ ៣០ថ្ងៃ កៀរគរថវិកាជាលើកទី២ និងដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ១មិថុនាផងដែលចាប់ផ្តើមពីចុងខែ ឧសភា និងទើបបិទបញ្ចប់ទៅ កាលពីថ្ងៃទី ៣០ មិថុនា ក្រោមឈ្មោះថា«១ម៉ឺនរៀល ១ម៉ឺននាក់ » អាចរកថវិកាបានជាង ២ ០០០ ០០០ ដុល្លារអាមេរិក។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង យល់ឃើញថា ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងជួយឧបត្ថម្ភគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ផានេះបន្តទៀត លុះត្រាតែមានការគ្រប់គ្រងការចំណាយឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ប្រភពបន្តថា អ្វីដែលគេព្រមបរិច្ចាគថវិកា នោះក៏ព្រោះតែគេមើលឃើញពីប្រព័ន្ធគ្រប់គ្រង និងការព្យាបាលនៃមន្ទីរពេទ្យនេះមានប្រសិទ្ធភាពល្អ។ម្យ៉ាងវិញទៀត តាមរយៈគោលការណ៍ «១ម៉ឺនរៀល ១ម៉ឺននាក់» បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងប្រសិទ្ធិភាព ទើបបង្ខំចិត្តឱ្យសប្បុរសជន ហ៊ានលះបង់ធនធាន ក្នុងន័យដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យផង និងសង្រ្គោះជីវិតកុមារផង។
លោកបន្តថា៖«ការជួយទៅដល់គន្ធបុប្ផាគឺជាការជួយបង្កើនជំនឿចិត្តរបស់ប្រជាពលរដ្ឋទៅលើវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឱ្យមានការបន្តជួយទៅលើគន្ធបុប្ផាបន្ថែមទៀត ។ទាល់តែមានការជួយការគ្រប់គ្រងការចាយវាយហ្នឹងឱ្យមានតម្លាភាព ឱ្យបានជាប្រយោជន៍ទៅដល់មន្ទីរពេទ្យកាន់តែខ្លាំង! ហើយនិងមានប្រសិទ្ធភាពជាក់លាក់ហ្នឹង។ ខ្ញុំគិតថានឹងមានការចូលរួមចំណែកកាន់តែច្រើនទៀត ហើយក៏ធ្វើឱ្យគន្ធបុប្ផាអាចកាត់បន្ថយបានការខ្វះខាតថវិកា ឬក៏អាចគ្រប់តាមការចំណាយ »។
មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារ ឈានមុខគេនៅកម្ពុជា និងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២។ចាប់តាំងពីដាក់ឱ្យដំណើរការ មន្ទីរពេទ្យនេះ បានដើរតួនាទីក្នុងការព្យាបាលកុមាររាប់នាក់ ដោយឥតគិតថ្លៃ ហើយចំណាយជាមធ្យម ៤០ ០០០ ០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញរបាយការណ៍របស់ខ្លួន កាលពីដើម ខែតុលា ឆ្នាំ២០២២ បង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំនៃប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ ព្យាបាលកុមារ និងស្រ្តីមានផ្ទៃពោះនៅផ្នែកពិគ្រោះជំងឺក្រៅបានជាង២១ ០០០ ០០០ករណី ក្នុងនោះមានអ្នកជំងឺជាកុមារជិត១៩ ០០០ ០០០ ករណី។ របាយការណ៍បន្ថែមទៀតថា មន្ទីរពេទ្យមួយនេះបានព្យាបាលកុមារដែលសម្រាកក្នុងមន្ទីរពេទ្យបានជាង ២ ០០០ ០០០ នាក់ សម្រាលកូនបានជាង ៣៦០ ០០០នាក់ និងព្យាបាលដោយការវះកាត់ ជំងឺបេះដូងពីកំណើតបានជាង ៦ ០០០នាក់។ក្រៅពីនេះ មន្ទីរពេទ្យ មានបុគ្គលិកកំពុងបម្រើការចំនួន ២ ៤៩៩នាក់៕