ភ្លៀងមួយមេកាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅបានបង្កឱ្យមានជំនន់ទឹកភ្លៀងភ្លាមៗ នៅរាជធានី​​ភ្នំ​ពេ​ញ​​ដែលបណ្តាល​​ឱ្យ​យានយន្តជាច្រើនគ្រឿងត្រូវរង់ការខូចខាត ហើយផលជះនេះក៏​​បណ្តាល​ឱ្យ​​ទ្រ​​​​​ព្យ​​​សម្បត្តិជាច្រើន របស់ប្រជាពលរដ្ឋត្រូវខាតបង់ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀង​​ទឹកបន្តហក​​ឡើង​​​​ខ្ពស់​​ដែលរំខាន​​​ដ​ល់​​​ការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។

រមកកង់បី កំពុងបើកនៅលើទឹកដក់តាមផ្លុវក្រោយភ្លៀងរួច។ (រូបភាព៖ ប៉ា តុងចិន)

ពលរដ្ឋជាជាងកាត់ដេរម្នាក់រស់នៅក្នុងបន្ទប់ជួលទំហំទទឹង៣ និងបណ្តោយ៥ម៉ែត្រ ស្ថិតក្នុងភូមិត្នោ​ត​​ជ្រុំ១ សង្កាត់បឹងទំពុន២ គឺអ្នកស្រី​ ភឿន ស៊ីណេត បានរៀបរាប់ថា នេះជាលើកទី១ហើយដែ​​ល​អ្នកស្រីជួបជំនន់ទឹកភ្លៀងធំបែបនេះ ដោយត្រូវខកខានរកចំណូល ៣ថ្ងៃ ទម្រាំទឹកស្រក និង​បា​​​ច​​​​​​ទឹកចេញ​​​ពី​ផ្ទះ​អស់។ មិនតែប៉ុណ្ណោះ ស្ត្រីវ័យ ៤២ឆ្នាំរូបនេះបន្តថា ការជន់លិចដោយភ្លៀងមួយមេធំនេះ បាន​​បង្កការខូតខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលធ្វើឱ្យបាត់បង់ចំណូល​​ថែ​ម​​​ទៀត ។

ដោយសារជំនន់ទឹកភ្លៀងមួយមេធំនេះ អ្នកស្រី ភឿន ស៊ីណាត ឱ្យដឹងថា រូបគេត្រូវចំណាយ​​លុយ​​ដើ​​ម្បី​ជួលជុលម៉ូតូប្រមាណ ១០០ ០០០ រៀល ហើយសម្ភារៈក្នុងផ្ទះក៏ត្រូវខូចខាតដែរ។

អ្នកស្រីបន្តថា៖«យើងធ្លាប់រករាល់ថ្ងៃ ដល់ពេលលេចផ្ទះអ៊ឹចឹងទៅ ខាន ២ថ្ងៃ ព្រោះភ្ញៀវម៉េចមកបើទឹកលិចអ៊ឹចឹង។ ហើយខូចម៉ូតូទៀត ចង់និយាយថាទឹកចូលប្រេងម៉ាស៊ីនចូលអី ត្រូវធ្វើអស់បួនដប់ម៉ឺន »។

ក្រៅពីត្រូវបាត់បង់ចំណូល និងខូចខាតទ្រព្យសម្បត្តិហើយ អ្នកស្រី ភឿន ស៊ីណាត ឱ្យដែរថាកូន​​ៗ​​របស់​​អ្នកស្រី ក៏ត្រូវខកខានក្នុងសិក្សារយៈពេល ២ថ្ងៃថែមទៀត ដោយសារតែទឹកលិ​​ចចូល​​សា​​លា​​​​រៀន​​។

កំពុងជាន់ម៉ាស៊ីនដេរខោបណ្តើរ និងរៀបរាប់បណ្តើរប្រភពដដែល និយាយថា សកម្មភាពរើឥវ៉ាន់ល​​ក់​​ដូ និងសម្ភារៈក្នុងផ្ទះ រួម​ទាំងសកម្មភាពបណ្តើរយានយន្តពាសពេញផ្លូវនៅល្ងាចថ្ងៃទី៣កក្កដា​​នោះ​ បានដិតជាប់ទៅនឹងអារ​​​ម្មណ៍របស់អ្នកស្រីដោយមិនអាចបំភ្លេចបាន ខណៈពេលនោះមានកា​ក​សំណល់សំរាមអណ្តែតមកពីគ្រប់ទិសទី ដែលគួរឱ្យបារម្ភពីសុខភាពរស់នៅ។

អ្នកស្រីបន្តថា៖«ជួនកាលគ្នាទើបមកនៅអត់ដឹង លិចមុង លិចភួយ លិចខ្នើយអ៊ឹចឹងទៅ ហើយសំ​​រាមអីអណ្តែតពេញទឹកពេញដីពេលមេឃភ្លៀង»។

ជាងជួសជុលម៉ូតូម្នាក់ទៀត រស់នៅក្បែរផ្សារបឹងកេងកង លោក ចន សិរីរតនៈ ឱ្យដឹងថា ក្រោ​​យ​​​​ភ្លៀ​​​​​ង​មួយមេធំរួចហើយ មានម៉ូតូជាច្រើនគ្រឿងយកមកបញ្ឈរត្រៀប​​គ្នា ដើម្បីឱ្យលោកជួសជុល ដែ​​ល​​បណ្តាលមកពីទឹកលិច។លោកបានបញ្ជាក់ថា ម៉ូតូនីមួយៗដែលធ្វើដំណើរកាត់ទឹករួច ត្រូវចំ​​​ណា​យថវិកាជួលជុលចាប់ពី ១០០ ០០០រៀលឡើង។ការជួសជុលភាគច្រើន គឺត្រូវផ្លាស់ប្តូរគ្រឿងបន្លា​ស់ថ្មីមួយចំនួន និងប្តូរប្រេងម៉ាស៊ីនចេញ។

លោកបន្តថា៖«មួយគ្រឿង១០ដុល្លារជាង ម៉ូតូណាដែលឆ្លងដល់អាគុយវាឡើងទៅដល់២០ដុល្លារជា​ង​ »។

មិនខុសគ្នាដែរ ជាម្ចាស់ផ្ទះជួលដែលកំពុងរៀបចំបូមទឹកចេញពីមុខផ្ទះរបស់ខ្លួន គឺលោក ទុំ សម្បត្តិ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានបង្កផលប៉ះពាល់ជាច្រើន និងបានបង្ខំឱ្យពល​​រដ្ឋ​​ត្រូវបិទទ្វារផ្ទះដែលធ្លាប់រកស៊ី ព្រោះតែផ្នែកខ្លះនៃផ្ទះដូចជាទ្វារជាដើម ត្រូវបាក់ដួលដោយសារតែ​​ជំ​​ន​ន់​ទឹកភ្លៀងនេះ។

លោកបន្តថា៖«ប៉ះពាល់ណាស់! គ្នារកស៊ីអត់បាន គ្នាទៅណាបើលិច រកទទួលទានអត់បានផង ៣ថ្ងៃបិទទ្វារជាប់ ។ បិទទ្វារទៅឡានខ្លះគ្មានយោគយល់ទេ បើកធ្វើឱ្យរលកបាក់ទ្វារគ្នាអស់ បាក់ត្រចៀកទ្វារ បែកកញ្ចក់ទ្វារគ្នាអស់»។

បុរសវ័យ​ ៧៥ឆ្នាំរូបនេះស្នើឱ្យរដ្ឋាភិបាលជួយពង្រីកលូ ឬលើកផ្លូវនៅតំបន់នោះឱ្យខ្ពស់ជាងបច្ចុ​ប្ប​ន្ន ដើម្បីបញ្ចៀសការជន់លិច ខណៈលោកអះអាងថា ជំនន់ទឹកភ្លៀងលើកនេះមានកំណើន​​ខ្ពស់​​ជា​ង​​ឆ្នាំមុនៗដល់ទៅ៣ដង ។

ចំណែក ប្រធានមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា លោក គី សង់ទី បានណែនាំថា នៅរដូវភ្លៀងនេះ ប្រ​​សិន​​​​បើ​បរិស្ថានជុំវិញផ្ទះមានទឹកដក់ អាចនឹងក្លាយជាជម្រកមូសខ្លា ហើយប្រឈមនឹង​​ជំងឺគ្រុន​ឈាម​​។

លោកបន្តថា៖«កាលណាទឹកដក់ គឺធ្វើឱ្យមានសំបុកមូសហើយ។​ សំបុកមូសហ្នឹងជា​​​ចំណុច​សំ​ខា​ន់​​​ត្រូវប្រយ័ត្ន នៅតាមផ្ទះត្រូវសម្អាតឡើងវិញ ហើយធ្វើម៉េចកុំឱ្យទឹកដក់យូរ វាធ្វើ​​ឱ្យ​មាន​​ហ្វូងមូ​​ស​​ខ្លា​​កើតច្រើន ខាំកូនចៅ អាចបណ្តាលឱ្យមានគ្រុនឈាម»។

ចំណែក នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ​ សំអាត មើល​​ឃើ​ញ​​​ថា ជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានប៉ះពាល់ដល់បរិស្ថាន និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ដែល​​លោកបារម្ភថាងាយនឹងប្រឈមបញ្ហាសុខភាព ប្រសិនបើទឹកទាំ​ងនោះមាន​​ប្រភព​​ពីតំ​បន់​​ក​ខ្វ​​ក់​​​។ ដូច្នេះលោកថាតម្រូវឱ្យអាជ្ញាធរយកចិត្តទុកដាក់ក្នុងការរំដោះទឹកឱ្យបានលឿនបំផុត និងគួរតែពិនិត្យលទ្ធភាពផ្សេងៗ ដើម្បីបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

លោកបន្ត​ថា៖«ខ្ញុំគិតថាបើទឹកហ្នឹងនៅតែបន្តលិចយូរ អាហ្នឹងវាប៉ះពាល់ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ យើងឃើញហើយតាំងពីមុខរបស់គាត់ តាំងពីការរស់នៅ ទាំងបរិស្ថាន អនាម័យអីផ្សេងៗដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ហើយបើសិនជាមានជំងឺវាកាន់តែខាតបង់ចំពោះពួកគាត់»។

ត្រឡប់មកអ្នកស្រី ភឿន ស៊ីណាត វិញ អ្នកស្រីចាត់ទុកថា ជំនន់ទឹកភ្លៀងដែលហក់លឿន និងមិនងាយស្រកទៅវិញបែបនេះ ដោយសារតែការអភិវឌ្ឍន៍លុបកន្លែងធ្លាប់ជាកន្លែងស្តុកទឹកមួ​​យ​​​​​​ចំនួន ហើ​​យជំ​​នួស​​វិញដោយការសាងសង់អាគារធំៗ​ ដែលធ្វើឱ្យទឹកមិនអាចហូរចេញដូចមុនបា​​នលឿន ហើយបែរជាទឹកត្រូវធ្លាក់មករកតំបន់ដែលមានភូមិសាស្ត្រទាបវិញ។

អ្នកស្រីបន្តថា៖«ដល់ពេលគេអភិវឌ្ឍ គេលុបបឹងលុបអីអ៊ឹចឹងទៅហា គេធ្វើផ្ទះធ្វើអីទៅ អាយើងទា​​ប​​​ហ្នឹងវាហូរមកយើង វាអត់»។

ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី កេះ ណា អះអាងថាការជន់លិចនេះ ដោយសារមិនមានកន្លែងស្តុកទឹក ខណៈការអភិវឌ្ឍន៍ភាគច្រើនលុបបឹងធម្មជាតិដែលធ្លាប់រំដោះទឹក នៅក្នុង​​ទី​​​​ក្រុងភ្នំពេញ។អ្នកស្រីបន្ថែមថា ពីមុនមានបឹងស្តុកទឹកច្រើនកន្លែង តំបន់នោះមិនដែលមានការជន់លិចនោះទេ ពោលគឺក្រោយភ្លៀងរួច ទឹកក៏ហូរទៅអស់​។

អ្នកស្រីបន្តថា៖«វាអត់កន្លែងស្តុកទឹក ដោយសារឥឡូវគេអភិវឌ្ឍអស់ទៅ ដឹងធ្វើម៉េច។ វាគ្មានកន្លែ​​ង​​ដាក់ទឹក ដល់អ៊ឹចឹងវាមិនចាល់(ទឹក)។អត់ទេ! តែមួយមេ ហើយវាគ្រាន់តែរាំង គឺវាអស់ដែរហើយ តែម្តងនេះអត់ងាយស្រកហ្មងហាស »។

អតីតរដ្ឋមន្ត្រីក្រសួងដែនដី និង​​ជាអតីស្ថាបត្យករដ៏ល្បីល្បាញ ក្នុងសម័យសង្គមរាស្រ្តនិយម គឺលោ​ក ​វណ្ណ ម៉ូលីវណ្ណ ធ្លាប់លើកឡើងថា ដើម្បីកុំឱ្យមានទឹកជំនន់ដោយទឹកភ្លើង ​​បឹង​​មួយចំនួន​​ដែល​​មា​ន​​​​​​នៅ​​ក្នុង​​ភូមិ​​​សាស្ត្ររាជធានីភ្នំពេញ គឺមិនត្រូវលុបទេ។បើតាម អតីតស្ថាបត្យករជើង​​ចាស់រូប​​នេះ នៅ​​ពេលណាបឹងទាំងនោះ ត្រូវលុប វានឹងធ្វើឱ្យរាជធានីភ្នំពេញទាំងមូល នឹងត្រូវលិចលង់ ពេ​​ល​​​​មា​​ន​​ភ្លៀងម្តងៗ។គេសង្កេតឃើញថា បឹងមួយចំនួន ដែលជាកន្លែងរំដោះទឹក ក្នុងក្រុងភ្នំពេញ ត្រូវ​​បាន​​ចាក់​លុបជាបន្តបន្ទាប់ ក្រោមហេតុផលអភិវឌ្ឍ ដូចជាបឹងកក់ បឹងទំពុន បឹងពោងពាយ បឹង​ប៉ាយា​ប ​បឹងស្នោ បឹងក្រពើ និងបឹងតាមោកជាដើម។

ការលើកឡើងរបស់លោក វណ្ណ ម៉ូលីវណ្ណ នេះវាហាក់ស៊ីគ្នាទៅនឹងរបាយ​​ការណ៍ស្រាវ​​ជ្រាវ រប​​ស់​​អង្គការសង្គមស៊ីវិលចំនួនបីស្ថាបន មានអង្គការ លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គ​​ការធា​ត​​ត្នោ​ត​​។តាមរយៈការចេញផ្សាយនូវរបាយការណ៍រួមគ្នា ដែលមានចំណងជើងថា «ការបាត់បង់​​បឹង​​ទំ​​ពុ​ន» កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ បានបង្ហាញថា ប្រជាពលរដ្ឋ​ជាង​ ១​លាន​នាក់កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹង​ទំពុន ឬបឹង​ជើក​ឯក និង​បង្ក​អសន្តិ​សុខ។

របាយការណ៍​បញ្ជាក់​ថា៖«​បើ​គ្មាន​តំបន់​បឹង​ទាំង​នោះទេ​ ប្រជាជន​ជាង​មួយ​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​នឹង​ប្រឈម​ការកើន​ឡើង​ទឹ​កជំនន់​ »។

ដោយឡែក របាយការណ៍របស់សមាគម​ធាងត្នោតដែលបានចេញផ្សាយ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ​រកឃើញ​ថា បឹង​ធម្មជាតិ​ចំនួន​១៦ ត្រូវ​បាន​លុប​ទាំងស្រុង ហើយ​បឹង​ចំនួន ​១០​ទៀត កំពុង​ចាក់​លុ​​ប​​​ខ្លះៗ ក្នុងចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦នៅ​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន ដែ​ល​​ការពារ​ដោយ​អនុក្រឹត្យ ក៏កំពុង​ប្រឈម​នឹងការ​ចាក់​លុប​ដូចគ្នា​ដែរ។

របាយការណ៍នេះបង្ហាញទៀត​ថា បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ជា​បឹង​មួយ​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំ​​ពេ​ញ មាន​ទំហំជាង ៣​ពាន់ ២​រយ (៣២៣៩)​ហិកតារ និង​មាន​ប្រជាជន​រស់នៅ​ជុំវិញ​បឹង​ចំ​នួន ៣​​១៩ គ្រួសារ​។បឹង​នេះ អាច​ការពារ​ទឹកជំនន់ អាង​ស្តុក​ទឹក​ស្អាត​លក្ខណៈ​ធម្មជាតិ ធនធាន​ត្រី និ​ង​​​​​​​បក្សី​ជាដើម ក៏នឹងត្រូវបាត់ឈ្មោះជាបឹង ក្នុងពេលខាងមុខ ដូចបឹងផ្សេងទៀតដែរ។

របាយការណ៍អង្កេតមួយផ្សេងទៀត របស់សមាគមធាងត្នោតដដែលបានបង្ហាញថា គិតមកត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ​ត្រូវបានកាត់យ៉ាងហោចណាស់ ៥៦ដង ដែលមានទំហំសរុប ២ ១៥២,៦២ហិកតារ ឬប្រមាណជិត៧០ភាគរយ នៃផ្ទៃបឹងទាំងមូល។

នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក សឿង សារ៉ន ឱ្យដឹងថា តាមយៈការស្រាវជ្រាវ​​រប​​ស់​​ស​​​មាគម​​បានបង្ហាញថា មូលហេតុដែលរាជធានីភ្នំពេញ​​ងាយរងនូវទឹកជំនន់ដោ​យសារតែអា​កា​​ស​​ធាតុប្រែប្រួល និងការអភិវឌ្ឍផ្សេងៗដែលខ្វះការសិក្សា។ជាពិសេសគឺការលុងអាងស្តុកទឹក និង​កា​​រ​​ធ្វើប្រព័ន្ធលូចង្អៀត ឬស្ទះដោយសារកាកសំណល់សំរាមជាដើម។

លោកបន្ថែមថា ប្រសិនបើបឹងធំៗចំនួន២ នៅតែមានការលុបជាបន្តទៀត នោះរាជធានីភ្នំពេញ​​នឹង​​ងា​​យប្រ​ឈមបញ្ហាទឹកជំនន់។

លោកបន្តថា៖«រាជធានីភ្នំពេញនឹងអាចប្រឈមនូវជំនន់ទឹកភ្លៀង ទឹកជំនន់ ប្រសិនបើបន្តលុបបឹង ឬ​​អា​​ងស្តុកទឹកសំខាន់ៗ ដូចជាបឹងតាមោក បឹងទំពុន ដែលជាអាងស្តុកទឹក២​​ធំជាងគេក្នុងរាជធា​​នី​​ភ្នំ​​​​ពេញ»។

មន្ត្រីជាន់ខ្ពស់សមាគមធាងត្នោតដដែលអះអាងថា ដើម្បីបញ្ចៀសបញ្ហាទឹកជំនន់នេះ អាជ្ញាធរពាក់​ព័ន្ធ​​​ត្រូវតែអនុវត្តទៅតាមអ្វីដែលរដ្ឋាភិបាលកំណត់នៅក្នុងអនុក្រឹត្យនានា ដើម្បីកំណត់ទំហំ និងវា​យ​​​ត​​ម្លៃពីផលប៉ះពាល់ មុននឹងអភិវឌ្ឍ។មួយវិញទៀត គឺត្រៀមថវិកាបម្រុង​​ដើម្បីរៀប​ចំប្រ​ព័ន្ធ​​លូ ​និង​​ស្ថានីយ៍បូមទឹកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

បើទោះបែបណា គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមិន​​ទា​ន់​​​​ចេញរបាយការណ៍ ជាផ្លូវការណាមួយអំទំហំនៃការខូចខាត ដែលបណ្តាលមក​​ពីជំនន់​​ទឹក​​ភ្លៀ​​ង​​នេះ​នៅឡើយទេ។

ដោយឡែក ប្រធានមន្ទីរសាធារណការ​​ និង​​ដឹក​ជញ្ជូន លោក សាំ ពិសិដ្ឋ​ បដិសេធមិនឆ្លើយតប ដោយអះអាងថាជាប់រវល់ រួចក៏ផ្តាច់ទូរស័ព្ទទៅ។

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២៣ អភិបា​​ល​​រា​ជធានីភ្នំពេញ លោក ឃួង ស្រេង ចាត់ទុកការជន់លិចភ្នំពេញ​​នេះថា ជា​​គ្រោះ​មហន្តរាយ​​​​​​មួ​យ​​ដែ​​ល​មិនធ្លាប់មាន ហើយលោកការហក់ឡើងនៃ​​កម្ពស់ទឹករហូតដល់​​ជា​​ង១៥០មីលីម៉ែត្រ  ដោ​​យ​​សារ​​តែ​ស្ថានភាពភ្លៀងខ្លាំងពេក ធ្វើឱ្យលូមិនអាចមានលទ្ធ​​ភាពបង្ហូរទឹកចេញ​​​​ទាន់ពេល ហើយក៏​​មិន​​ទា​​ន់​​អា​​ច​​​​​ធ្វើស្ថានីយ៍រំដោះទឹកធំជាងបច្ចុប្បន្នបានដែរ។

លោកបន្តថា៖«ទឹកជំនន់នេះយើងមិនអាចឃាត់មិនឱ្យលេចទាន់ទេ ហើយយើងក៏មិនអាចធ្វើស្ថា​​នី​​​​​យ៍​​​​កម្រិតនេះ​​បានដែរ ដោយសារប្រឡាយចាស់យើ​​ងមានស្រាប់ហូរលើប្រឡាយហ្មង ទឹកវាខ្លាំង​​​​ពេ​​​​ហូរលើប្រឡាយហ្មង លេចអាចផ្លូវជាប់ប្រឡាយហ្នឹងហ្មង»។

ក្រៅពីនេះ អភិបាលក្រុងភ្នំពេញរូបនេះអះអាងថា នឹងបន្តសិក្សាពីបញ្ហានេះបន្ថែមទៀត ដើម្បីទប់​​ស្កាត់​បញ្ញា​នេះ​ ​​តាមរយៈការធ្វើប្រឡាយ និងការពង្រីកទំហំម៉ាស៊ីនបូមជាដើម។

របាយការណ៍ដែលចេញដោយ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា បង្ហាញថា ជំ​ន​ន់​ទឹកភ្លៀងលើកនេះ បណ្តាលឱ្យខណ្ឌចំនួន ៥ត្រូវលិចលង់ធ្ងន់ជាងគេ ដូចជា ខណ្ឌសែនសុខ ខ​ណ្ឌ​​មានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ស្របពេលជាមួយគ្នានេះ រ​​បស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី៥ ដ​ល់​​​​​១១ ខែកក្ក​​​ដា ឆ្នាំ២០២៣ កម្ពុជានឹងទទួលរងឥទ្ធិព​លពីប្រព័ន្ធសម្ពាធទាបគួបផ្សំ​​នឹង​ខ្យល់មូ​​សុ​​ង​​​​​​និរតី​​ក្នុ​ង​​កម្រិ​​តខ្សោ​យ ដែ​​​ល​​​អាចបង្កឱ្យតំបន់មួយចំនួន​​មានភ្លៀងធ្លាក់ក្នុងកម្រិត​​ខ្សោយទៅ​​មធ្យ​​ម​ លាយឡំដោ​​យផ្គរ រន្ទះ និង​​ខ្យល់កន្ត្រាក់ដែរ៕