ខេត្តកណ្ដាល៖ សម្លេងដំខ្សាវៗលឺចេញពីរោងមួយដែលមានបុរសចំណាស់ម្នាក់ មានបង់ក្រមានៅក កំពុងអង្គុយលើកៅអីឈើ ដៃស្ដាំកាន់ញញួរ ដៃឆ្វេងកាន់ដែកដំ កំពុងឆ្លាក់ដងដាវដើម្បី​ឱ្យក្បាច់​រចនា​លេច​ចេញ​ជារូបរាង។

លោក ជា យុទ្ធា ដែលមានសក់ស្កូវ ពាក់​វែនតា វ័យ៧០ឆ្នាំរូបនេះ ប្រកបរបរជាជាងចម្លាក់ប្រាក់ស្ពាន់ ជិតពាក់កណ្ដាលជីវិតមកហើយ ដោយសារចិត្តស្រឡាញ់ការងារជាជាងចម្លាក់នេះ។ លោក​បាន​ផ្តើម​ប្រកប​របរនេះនៅផ្ទះរបស់ខ្លួន ហើយក្រោយមករបរនេះមានការរីកចម្រើន ដោយមានទទួល​បណ្ដុះ​​បណ្ដាល​​កូនជាង​ប្រហែលជាង​១០​នាក់​មកហើយ។ ទីតាំងរោងជាងឈ្មោះ ‹‹Ramo-ជាង​ចម្លាក់››​នេះ​ស្ថិត​​នៅ​​ភូមិ សាលាកាត់សក់ ឃុំ​វិហារ​​លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

ជាងចម្លាក់ប្រាក់ស្ពាន់ ស្នាដៃចាស់វស្សា ជា យុទ្ធា បានចាយពេលជិត៤០ឆ្នាំជាមួយចម្លាក់បុរាណ ដោយដកស្រង់ចេញពីក្បូរក្បាច់
រចនាប័ទ្មរបស់ខ្មែរដែលប្រតិដ្ឋលើប្រាង្គប្រាសាទនានា មកឆ្លាក់​លើវត្ថុ​ប្រើប្រាស់​ដូចជា ផ្តិល កំសៀវ កែវទឹក ដាវ និងចានស្រាក់ជាដើម។ ស្នាដៃទាំងនេះ ជាមរតកដើម្បីឱ្យ​ក្មេង​ជំនាន់ ក្រោយបានស្គាល់ និងចងចាំថាជាស្នាដៃ និងចម្លាក់របស់ដូនតាខ្មែរ។

លោក យុទ្ធា ឲ្យដឹងថា​ចម្លាក់នេះទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ និងត្រូវការ​ទាំងកម្លាំងកាយកម្លាំងចិត្ត ព្រោះការផ្ចិតផ្ចង់​ឆ្លាក់ក្បាច់រចនានីមួយៗមាន​ច្រើន​ដំណាក់កាល និងប្រើរយៈពេលយូរ។ នេះក៏ដើម្បីឱ្យ វត្ថុមួយៗដែលបានឆ្លាក់ចេញមកមានគុណភាពអាចតម្រូវចិត្តភ្ញៀវបាន។

លោក ជា យុទ្ធា ឆ្លាក់ចម្លាក់លើដងដាវ។ (រូបភាព៖ ស្អាត បុទុំម៉ា)

លោកពន្យល់ថា មុននឹង​អាច​ដា​ប់ឆ្លាក់បាន ជាដំបូងត្រូវស្លជ័រជាមុនសិន។ ការស្លជ័រនេះទៀតសោត ត្រូវការយកជ័រចុង (ជ័រឆៅ) ដាក់ជាមួយដីដំបូក​ដែលបុកម៉ត់​ខៃដូចម្ស៉ៅលាយជាមួយខ្លាញ់ត្រី ដុត​ដោយ​អុសដែលប្រើរយៈពេលដុតយ៉ាងហោចណាស់៦ម៉ោង ​ទើបជ័រនោះទន់អាចយកទៅប្រើបាន ដែល​គេហៅថាជាជ័រប្រមូល។ ជំហានបន្ទាប់ ក្រោយជ័រនោះទន់ហើយ ទើបអាចយកទៅដាក់លើ​ពុម្ព​ផ្សេងៗ​ដូចជាផ្ដិល និងកែវទឹកជាដើម។

ជ័រដែលស្លររួចទុកសម្រាប់ឆ្លាក់ចម្លាក់ (រូបភាព៖ ស្អាត បុទុំម៉ា)

លោកថា ស្រលាញ់នឹងខិតខំថែរក្សាទុកឱ្យក្មេងជំនាន់ក្រោយកុំឱ្យបាត់បង់ និងមិនស្គាល់នូវអ្វីដែល ជារបស់ខ្លួនឯង ប្រយ័ត្នតែគេយកបាត់ពិបាកថែ អ្វីដែលធ្វើបានគឺលោកចេះតែព្យាយាមទៅពិសេស ចម្លាក់ក្បូរក្បាច់នេះតែម្ដង។  

លោក ជា យុទ្ធា ថ្លែងថា៖  ‹‹បើយើងមិនបម្រើយើងមិនធ្វើរូបភាពឱ្យចេញជាចម្លាក់ គឺថារបស់ហ្នឹង​វាត្រូវបាត់បង់។ ព្រោះយើងជាកូនខ្មែរ បើយើងមិន​បម្រើ​​នៅ​ក្នុងក្បាច់ ចម្លាក់នោះលើប្រាក់ ស្ពាន់ គឺថា​អន់​ពេក ខ្សោយពេក អ៊ីចឹងប្រទេសណាក៏គេ​ចង់បាន​ចម្លាក់​ខ្មែរដែរ››។

កាលពីកុមារភាពវ័យ១២ឆ្នាំ លោក ជា យុទ្ធា បានរៀនធ្វើតុ ទូ កៅអីជាមួយឳពុក​ដែល​ជាមុខ​របរក្នុង​គ្រួសារ។ លុះដល់ថ្នាក់ទី៩ លោកចាប់ផ្តើមគិតគូរពីជំនាញ ឬអាជីពអ្វីសម្រាប់ចិញ្ចឹម​ខ្លួននា​ពេល​អនាគត។ ​​គួបផ្សំនឹងការជំរុញ​ពីឳពុកផង និងចិត្តស្រលាញ់ផង លោកក៏សម្រេចថា​ទៅរៀនជាជាង​ចម្លាក់​​​​ជាមួយឳពុកមារ នៅរាជធានីភ្នំពេញចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៧។

អាជីពជាជាងចម្លាក់របស់លោកនេះ ត្រូវបានផ្អាកដោយសារសម័យកម្ពុជា​ប្រជាធិបតេយ្យ ឬរបប​ខ្មែរ​ក្រហម។ ប៉ុន្តែលោកសម្រេចចាប់យកអាជីពជាជាងចម្លាក់នេះជាថ្មីក្រោយការផ្តួលរលំនៃរបប ខ្មែរ​ក្រហម។

លោករៀបរាប់ថា ធ្លាប់មានប្រទេសផ្សេងៗដូចជាចិន កូរ៉េ និង អង់គ្លេសជាដើម បានចុះ មក​ដល់​ទីតាំង​របស់​លោកដោយផ្ទាល់ និងមកមើលពីរបៀបធ្វើចម្លាក់បែបបុរាណខ្មែរនេះ។ ហើយ​លោក​ថា ជន​បរទេសទាំងនោះ បានសរសើរនិងស្ញប់ស្ញែងស្នាដៃចម្លាក់ទាំងនេះ។

ដាវដែលមានចម្លាក់ដកស្រង់ចេញពីរឿងរាមកេរ្តិ៍ត្រង់ ព្រះរាមជិះហនុមានអមដោយម៉ូតផ្កាខ្មែរស្រោមលើស្រោមដាវ និងដងដាវ។ (រូបភាព៖ ស្អាត បុទុំម៉ា)
សកម្មភាពលោក ជា យុទ្ធា កំពុងលាបពណ៌ចានស្រាក់ដើម្បីរំលេចម៉ូតចម្លាក់ឲ្យផុស (រូបភាព៖ ស្អាត បុទុំម៉ា)

លោក ជា យុទ្ធា បញ្ជាក់បន្ថែមថាឧបករណ៍ប្រើប្រាស់សម្រាប់ឆ្លាក់ទាំងអស់ដូចជាដែកដាប់ ជ័រប្រមូល​សម្រាប់ចាក់ពុម្ព ដែកសម្រាប់ឈូសឈើ ញញួរ ដែកតូច ដែកធំ​សម្រាប់ចិត​ថែមថយ​រូបពេល​ឆ្លាក់​ទាំងអស់​សុទ្ធតែប្រើវត្ថុធាតុដើមរបស់ខ្មែរពីបុរាណ ហើយអ្នកឆ្លាក់ក៏សុទ្ធតែជាខ្មែរដែរ។

លោក ​គាំ ពិសី វ័យ​៣៩​ឆ្នាំ ជា​កូន​ជាង​ធ្វើការ​នៅ​រោងជាង Ramo-ជាង​ចម្លាក់ ​ដែល រស់នៅ​ជិតខាង​ម្ចាស់​រោងជាង។ លោកបានរៀនឆ្លាក់នេះតាំងពីវ័យជាង១០ឆ្នាំ​មក​ម្ល៉េះ កាល​នោះលោក​នៅជា​សិស្ស​បឋម​សិក្សា​នៅឡើយ។ 

លោក​ ពិសី​ រៀបរាប់ពីការតស៊ូនៅពេលលោកចាប់ផ្តើមរៀនឆ្លាក់​ក្បាច់ដែល​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​សម្រាប់​អ្នក​ជំនាន់​ក្រោយនេះ​ថា៖ «ពិបាក​ពេល​ដំបូង យើងវ៉ៃ[ឆ្លាក់]​អត់​ត្រូវ ឥឡូវ​លែងអី​ហើយ​វ៉ៃ​[ឆ្លាក់]​អត់​មើល​ក៏បាន​ដែរ វ៉ៃ[ឆ្លាក់]​​មើល​តែ​ដែក​ទេ ញញួរ​លែង​មើល​ហើយ។ កាលមុន​មើល​ទាំង​ពីរ​វា​យឺត ជួនកាល​វ៉ៃ[ឆ្លាក់]​​​ខុស​ចំ​ថ្ងាស»។

លោក ​ពិសី ​បន្ថែម​ទៀត​ថា ចំពោះ​ការ​ធ្វើ​ចម្លាក់​នេះត្រូវ​ការ​ទី​កន្លែង​មួយ​ដែល​ស្ងប់ស្ងាត់ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើ​អារម្មណ៍​បាន​ល្អ និង​ផ្ចិតផ្ចង់​ទៅ​លើ​ការងារ​ដែល​កំពុង​ធ្វើ។

លោក​រៀបរាប់​បន្ត​ថា ការងារ​ចម្លាក់​ដែល​លោក​ធ្វើ​រាល់ថ្ងៃ​នេះ​ជា​ចម្លាក់​ក្បាច់​អង្គរ ដែល​ការ​ឆ្លាក់ក្បាច់​នានា គឺ​ធ្វើ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន ហើយ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើនថ្ងៃ​ក្នុង​ការ​រចនា ប៉ុន្តែ​លោក​នៅ​តែ​ចង់​បន្ត​ធ្វើ​ការងារ​ដែល​លោក​ស្រលាញ់​។

លោក​និយាយ​ថា៖ «និយាយ​ទៅ​ឱ្យ​តែ​ភ្នែក​នៅ​ភ្លឺ ឱ្យតែ​ភ្នែក​នៅ​មើល​ឃើញ នៅអាចធ្វើបាន យើង​ចេះ​តែ​ធ្វើ​ទៅ»។

លោក គាំ ពិសី អាយុ ៣៩ឆ្នាំ កំពុងតែឆ្លាក់ចម្លាក់រូបគ្រុឌ (រូបភាព៖ ស្អាត បុទុំម៉ា)

ចំណែក​កូនជាង​ចម្លាក់​ដែល​ជា​អ្នករស់​នៅ​ជិតខាងដូចគ្នា​ម្នាក់​ទៀត គឺលោក ​ស្រស់ ចំរើន វ័យ៣៩​ឆ្នាំ ។ ​លោក ស្រស់ ចំរើន ​ធ្លាប់​បោះបង់​ការងារ​​ជាង​ចម្លាក់​នេះ​ម្តង​ហើយកាល​ពីប៉ុន្មាន​ឆ្នាំ​មុន ដើម្បី​ទៅ​ធ្វើការ​ផ្នែក​ចុងភៅ​ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ត្រឡប់​មក​ធ្វើការងារ​ចម្លាក់​នេះវិញ​ដោយសារក្តី​ស្រលាញ់។  លោក​​មាន​បំណង​​ស្នង​តំណែង​ការងារ​ចម្លាក់​​ទាំងអស់​ពី​ម្ចាស់​រោងជាង​ដែល​មាន​វ័យ​កាន់​តែ​ចាស់ ខណៈ​តំបន់​ដែល​​លោក​កំពុង​រស់​នៅ​មិន​មាន​អ្នក​ចេះ​ធ្វើ​ចម្លាក់​នេះ​ច្រើន​ទេ។

លោក ស្រស់ ចំរើន ថ្លែងយ៉ាងដូច្នេះ៖ «ការងារ​ជា​ជាង​ចម្លាក់​នេះ គឺលែង​បោះបង់​ទៀតហើយ ពីព្រោះ​ខ្ញុំ​ស្រលាញ់​​ការងារ​នេះ​ដោយ​ខ្លួនឯង និង​ចង់​បន្ត​ធ្វើ​ជា​រៀង​រហូត។ ឃើញអ៊ំចាស់ៗហើយ យើងចាប់​អា​ហ្នឹង​ទៅ ដើម្បីស្នងគាត់កុំឱ្យបាត់បង់ព្រោះនៅយើងនេះមិនសូវជាមានជាងធ្វើទេ››។

លោក​បន្ត​ថា ចំពោះ​ក្បាច់​ចម្លាក់​មាន​ច្រើន​ប្រភេទដែលលោកនៅបន្តសិក្សាស្វែងយល់ និងរៀនឆ្លាក់។ ចំណែ​កចម្លាក់ខ្លះទៀត ជាការកម៉្មង់ផ្ទាល់​ពីអតិថិជន។

លោក ស្រស់ ចំរើន អាយុ ៣៩ឆ្នាំ កំពុងឆ្លាក់ចម្លាក់ម៉ូតផ្កាភ្ញីលើផ្តិល (រូបភាព៖ ស្អាត បុទុំម៉ា)

យោងតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ការ​លក់ដូរ​ចម្លាក់​ដែល​រំលេច​ពី​ស្នាដៃ​បែបខ្មែរនាពេល​​បច្ចុប្បន្ន ហាក់​មាន​កំណើន​ឡើង​ជាងមុន។ ក្រសួងបន្ថែមថា ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្តីពី​វប្បធម៌ ដែល​លើក​ស្ទួយ​គ្រប់​វិស័យ វប្បធម៌ និងសិល្បៈ រួម​ទាំង​ផ្នែក​ចម្លាក់​ផង​ដែរ ដើម្បី​អភិរក្ស​​នូវ​ចម្លាក់​ដែល​ជាស្នាដៃ​បែបខ្មែរ។

ក្រសួង​ឱ្យ​ដឹង​ថា៖ «ការ​កើន​ឡើង​នេះ គឺ​ដោយសារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​យន្តការ​បើក​ប្រទេសឡើង វិញ​ក្រោយ​វិបត្តិកូវីដ-១៩​យ៉ាងមាន​ប្រសិទ្ធភាព ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរណ៍​ចូល​មកប្រទេស​កម្ពុជា​​​កើន​ឡើង។ កត្តា​សំខាន់​មួយទៀត គឺ​ដោយសារ​តាម​បណ្តា​តូប​សាជីវកម្ម​នីមួយៗ មាន​មធ្យោបាយ​​ផ្ទាល់ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទូលំទូលាយ​ជាងមុន»។

បន្ថែមពីនេះ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​  ក៏កំពុងបន្ត​យន្តការ​បណ្តុះបណ្តាល​ក្បួន​ខ្នាត​ក្បាច់ចម្លាក់ ក្នុងនោះរួមមានការរៀបចំ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធផ្សេង និងការ​រៀបចំ​សម្រួច​មុខងារ​ថ្មី យក​វិស័យ​សិល្បៈសូនរូប និង សិប្បកម្ម​ធ្វើ​ជា​មូលដ្ឋាន​នៃ​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិតផងដែរ។

ថ្វីដៃចម្លាក់ប្រកបដោយភាពផ្ចិតផ្ចង់ និងរំលេចនូវក្បូរក្បាច់រចនាខ្មែរនេះ ធ្វើឲ្យលោក ជា យុទ្ធា ទទួល​បាន​​គោរមងារ«ទេពហត្ថកោសល្យ ជា យុទ្ធា» ពីព្រះមហាក្សត្រនៅក្នុងឆ្នាំ ២០២១ និង ទទួលពាន​កិតិ្តយស​​ចម្លាក់ប្រាក់ស្ពាន់ពីក្រសួងពាណិជ្ជកម្មនៅ២០២២ផងដែរ។

គ្រឿងចម្លាក់  ពានកិត្តិយស និងគោរមងារដែលទទួលបានពីក្រសួងពាណិជ្ជកម្ម និងព្រះមហាក្សត្រតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្ប:។ (រូបភាព៖ ស្អាត បុទុំម៉ា)

លោក ជា យុទ្ធា ចង់មើលឃើញយុវជនជំនាន់ក្រោយបន្តថែរក្សាកេរ្តិ៍ដំណែលខ្មែរតាមការរៀនសូត្រ ស្វែងយល់ ឬធ្វើ​ចម្លាក់ទាំងនេះ។

​លោក ជា យុទ្ធាដែលជាគ្រូ និងជាជាងចម្លាក់ក្បាច់ខ្មែរថ្លែងថា៖‹‹ខ្ញុំចង់ឱ្យកូនចៅកូន​ក្មួយស្រករក្រោយ​ខិតខំអភិរក្សរៀនសូត្រចម្លាក់ល្អៗ​ដើម្បី​ដក​ស្រង់​​ពី​ប្រាង្គប្រាសាទ​នៅប្រាសាទអង្គររបស់យើង ដើម្បីឱ្យ​បាន​​ក្បា​ច់ចម្លាក់ល្អឡើងៗ ដើម្បី​យើង​រក្សា​នូវ​វប្បធម៌ខ្មែរយើង ទុកបន្ដទៅថ្ងៃក្រោយ››៕