(តាកែវ): អាជ្ញាធរខេត្តតាកែវ នៅថ្ងៃសុក្រនេះ ព្យាយាមហាមឃាត់ប្រជាពលរដ្ឋជាង៥០នាក់ ដែលធ្វើដំណើរទៅចូលរួមពិធីបុណ្យខួប៤ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នៅស្រុកកំណើត។
លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លើកឡើងថា ក្រុមប្រជាពលរដ្ឋជាង៥០នាក់ ដែលជាយុវជន និងសមាជិកសមាគមរបស់លោក បានធ្វើដំណើរពីរាជធានីភ្នំពេញ ដោយរថយន្តក្រុងមួយគ្រឿង និងកង់បីឥណ្ឌាជាង១០គ្រឿងដើម្បីចូលរួមពិធីបុណ្យខួបគម្រប់៤ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី។ លោកបន្តថា ខណៈក្រុមពលរដ្ឋទាំងនោះធ្វើដំណើរមកដល់ចំណុចផ្សារអង្គតាសោម នាម៉ោងប្រមាណជា៩កន្លះព្រឹក អាជ្ញាធរបានហាមឃាត់មិនឲ្យធ្វើដំណើរទៅមុខ ដោយលើកហេតុផលថា ជាបញ្ជាពីថ្នាក់លើ ដើម្បីត្រួតពិនិត្យសុខភាព។
លោក វ៉ន់ ពៅ បន្ថែមថា ក្រោយការត្រួតពិនិត្យសុខភាពដោយវាស់កម្តៅ និងចុះឈ្មោះអស់ជាងបីម៉ោង អាជ្ញាធរនៅតែបន្តឃាត់រថយន្តក្រុង និងកង់បីឥណ្ឌាទាំងនោះមិនឲ្យធ្វើដំណើរទៅមុខដដែល ទើបពលរដ្ឋសម្រេចធ្វើដំណើរដោយថ្មើរជើងមកកាន់រោងពិធី ដែលមានចម្ងាយប្រមាណជា១០គីឡូម៉ែត្រពីផ្សារអង្គតាសោម។
លោកបញ្ជាក់ទាំងដែលកំពុងដើរតាមផ្លូវថា៖ «នេះជារឿងអយុត្តិធម៌សម្រាប់លោក កែម ឡី ពេកហើយ ដែលត្រូវបាញ់សម្លាប់នៅកណ្តាលទីក្រុង ហើយយើងជាប្រជាពលរដ្ឋដឹងគុណ លោកបណ្ឌិត កែម ឡី បែរជាគេរារាំងមិនឲ្យយើងធ្វើដំណើរ អីចឹងវាជារឿងអយុត្តិធម៌សម្រាប់យើងដែលជាអ្នកដឹងគុណលោកបណ្ឌិត កែម ឡី»។
ក្នុងពិធីបុណ្យគម្រប់ខួប៤ឆ្នាំនៃការស្លាប់របស់លោក កែម ឡី នៅព្រឹកនេះ គេឃើញមានអាជ្ញាធររាប់សិបនាក់ស្លៀកពាក់ស៊ីវិល អង្គុយឃ្លាំមើលនៅខាងមុខ និងក្នុងរោងពិធី ដោយខ្លះថតរូបភាព និងវីដេអូរបស់អ្នកចូលរួម និងអ្នកសារព័ត៌មាន។ ចំណែកនៅតាមដងផ្លូវនៃផ្ទះពិធីនោះ មានអាជ្ញាធរចម្រុះប្រមាណជា១០០នាក់ រាយបណ្តាក់គ្នាដោយកន្លែង។
បើតាមបងស្រី របស់លោក កែម ឡី គឺអ្នកស្រី កែម ថាវី បានថ្លែងថាអាជ្ញាធរទាំងនោះ គឺសមត្ថកិច្ចស្រុក និងខេត្ត។
អ្នកស្រី ចក់ សុភាព នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា ការរារាំងរបស់អាជ្ញាធរទៅលើពលរដ្ឋដែលជាយុវជន និងសមាជិកសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការបំពានលើសិទ្ធិពលរដ្ឋក្នុងការជួបជុំ សិទ្ធិក្នុងការបញ្ចេញមតិ និងជាការបំពានលើសិទ្ធិប្រពៃណី ក្នុងការចូលរួមពិធីបុណ្យខួបគម្រប់៤ឆ្នាំរបស់លោកបណ្ឌិត កែម ឡី ផងដែរ។ អ្នកស្រីបន្ថែមថា សកម្មភាពទាំងនេះមិនមែនជាលើកទីមួយនោះទេ ដូច្នេះអ្នកស្រីថា ហាក់ដូចជាបង្ហាញពីចេតនាក្នុងការទប់ស្កាត់របស់រាជរដ្ឋាភិបាល។
អ្នកស្រីបញ្ជាក់ថា៖ «វាជារូបភាពមួយដែលបង្ហាញថា រដ្ឋាភិបាលមានចេតនាក្នុងការទប់ស្កាត់មិនឲ្យមានការជួបជុំ មិនឲ្យមានការចូលរួមក្នុងការប្រារព្ធ អឺ ! រំឮកនូវវីរៈភាពរបស់លោកបណ្ឌិត កែម ឡី»។
Newsroom Cambodia មិនអាចទាក់ទងលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការខេត្តតាកែវ បានទេ។
កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌចំការមនក៏បានហាមឃាត់យុវជន និងព្រះសង្ឃជាង២០អង្គនាក់ មិនឲ្យដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ នារាជធានីភ្នំពេញផងដែរ៕