(តាកែវ): អាជ្ញាធរ​ខេត្តតាកែវ នៅ​ថ្ងៃសុក្រ​នេះ ព្យាយាម​ហាម​ឃាត់​​ប្រជាពលរដ្ឋ​​​​ជាង៥០នាក់ ដែល​ធ្វើ​​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យខួប​៤ឆ្នាំ​នៃ​ការស្លាប់​របស់​លោកបណ្ឌិត​ កែម ឡី នៅ​ស្រុក​កំណើ​ត​។

លោក វ៉ន ពៅ ប្រធាន​សមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លើកឡើង​ថា ក្រុម​ប្រជាពលរដ្ឋជាង៥០នាក់ ​ដែល​ជា​យុវជន និង​សមាជិក​សមាគម​របស់​លោក បាន​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ដោយ​រថយន្ត​ក្រុង​មួយ​គ្រឿង និង​​កង់បីឥណ្ឌា​ជាង​១០​គ្រឿង​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ខួប​គម្រប់​៤​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម ឡី។ លោក​បន្ត​ថា ខណៈ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្សារ​អង្គតាសោម នា​ម៉ោង​ប្រមាណជា​៩​កន្លះ​ព្រឹក​ អាជ្ញាធរ​បាន​ហាមឃាត់​​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​​លើក​ហេតុផល​ថា ជា​បញ្ជា​ពី​ថ្នាក់លើ ដើម្បី​​​ត្រួត​​ពិនិត្យ​​សុខភាព។​

លោក​ វ៉ន់ ពៅ បន្ថែមថា ក្រោយ​ការ​ត្រួត​ពិនិត្យ​សុខភាពដោយ​វាស់​កម្តៅ និង​ចុះ​ឈ្មោះ​អស់​​ជាង​បី​ម៉ោង អាជ្ញាធរ​នៅ​តែ​បន្ត​ឃាត់​​​រថយន្ត​ក្រុង និង​កង់បីឥណ្ឌា​ទាំង​នោះ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខដដែល ទើប​ពលរដ្ឋ​សម្រេច​ធ្វើដំ​ណើរ​ដោយ​ថ្មើរ​ជើង​មក​កាន់​រោង​ពិធី ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​​១០​គីឡូ​ម៉ែត្រ​ពី​ផ្សារ​អង្គតាសោម​។

លោកបញ្ជាក់​ទាំង​ដែល​កំពុង​ដើរ​តាម​ផ្លូវ​​ថា៖ «នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក កែម​ ឡី ពេក​ហើយ ដែល​ត្រូវ​បាញ់​​សម្លាប់​នៅ​កណ្តាល​ទីក្រុង ហើយ​យើង​ជា​ប្រជាពលរដ្ឋ​ដឹង​គុណ លោក​បណ្ឌិត កែម ឡី បែរ​ជា​គេ​រារាំង​មិន​ឲ្យ​យើង​ធ្វើ​ដំណើរ អីចឹង​វា​ជារឿង​អយុត្តិធម៌​សម្រាប់​យើង​ដែល​ជា​អ្នក​ដឹង​គុណ​លោក​បណ្ឌិត កែម ឡី»។

ក្នុង​ពិធី​បុណ្យ​គម្រប់ខួប​៤ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ កែម ឡី នៅព្រឹក​នេះ គេឃើញ​មាន​អាជ្ញាធរ​រាប់សិប​នាក់​ស្លៀកពាក់​ស៊ីវិល អង្គុយ​ឃ្លាំមើល​នៅ​ខាង​មុខ និង​ក្នុង​រោង​ពិធី ដោយ​ខ្លះ​ថត​រូបភាព និង​វីដេអូ​របស់​អ្នក​ចូលរួម និង​អ្នកសារ​ព័ត៌មាន​។ ចំណែក​នៅ​តាម​ដង​ផ្លូវ​នៃ​ផ្ទះ​ពិធីនោះ មាន​អាជ្ញាធរ​​ចម្រុះ​​ប្រមាណជា​១០០​នាក់ រាយបណ្តាក់គ្នាដោយ​កន្លែង​។

បើតាមបងស្រី របស់លោក កែម​ ឡី គឺអ្នកស្រី​ កែម ថាវី បានថ្លែងថាអាជ្ញាធរទាំងនោះ គឺសមត្ថកិច្ចស្រុក និងខេត្ត​។ ​

អ្នកស្រី ចក់ សុភាព​ នាយិកា​រប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា ការរារាំង​របស់​អាជ្ញាធរ​ទៅលើ​ពលរដ្ឋ​ដែល​ជា​​យុវជន និង​សមាជិក​សមាគម​ឯករាជ្យ​ប្រជា​ធិប​តេយ្យ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ការបំពាន​លើ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការជួប​ជុំ សិទ្ធិ​ក្នុងការបញ្ចេញមតិ និង​ជា​ការបំពាន​លើ​សិទ្ធិ​ប្រពៃណី​ ក្នុងការ​ចូលរួម​ពិធី​បុណ្យ​ខួបគម្រប់​៤ឆ្នាំ​របស់​លោក​បណ្ឌិ​ត កែម ឡី ផងដែរ។ អ្នកស្រី​បន្ថែមថា សកម្មភាព​ទាំង​នេះមិនមែន​ជា​លើក​ទីមួយ​នោះ​ទេ ដូច្នេះអ្នកស្រី​ថា ​ហាក់​ដូចជា​បង្ហាញ​ពី​ចេតនា​ក្នុង​ការទប់ស្កាត់​របស់​រាជ​រដ្ឋាភិបាល។

អ្នកស្រី​បញ្ជាក់​ថា៖ «​វាជារូបភាពមួយ​ដែល​បង្ហាញថា រដ្ឋាភិបាល​​មាន​ចេតនា​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការជួប​ជុំ​ មិន​ឲ្យ​មាន​ការចូលរួម​ក្នុង​ការប្រារព្ធ អឺ ! រំឮក​នូវ​វីរៈភាព​របស់​លោក​បណ្ឌិត កែម ឡី»។

Newsroom Cambodia មិនអាច​ទាក់ទង​លោក អ៊ូច​ ភា អភិបាល​ខេត្តតាកែវ និង​លោ​ក សុខ សំណាង ស្នងការ​ខេត្តតាកែវ បានទេ​។

កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌចំការមន​ក៏​បាន​​​​​ហាមឃាត់​​​យុវជន​ និង​​ព្រះ​សង្ឃ​ជាង​​២០​​អង្គនាក់ មិន​​ឲ្យ​​ដាក់​កម្រង​ផ្កា​​​គោរព​វិញ្ញាណក្ខន្ធ​​​លោក​​បណ្ឌិត កែម ឡី នៅ​​​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​​កាល់​តិច ស្តុប​​បូកគោ​ នា​រាជធានី​ភ្នំពេញ​ផង​ដែរ៕