(សៀមរាប) – ចម្ងាយ​ប្រហែលជាង ៣០គីឡូម៉ែត្រ​ ពីក្រុងសៀមរាប នៅភូមិមួយចំនួន​​ក្នុង​ស្រុក​បន្ទាយ​ស្រី ​នៅមិនទាន់​មាន​​ចរន្ត​​​អគ្គិសនី​ប្រើប្រាស់​នៅឡើយ ដែលធ្វើ​ឱ្យ​ពួកគាត់ត្រូវប្រើចរន្ត​អគ្គិសនីដែលបានមក​ពី​ការ​ចាប់អាគុយ​ និង​​សូឡា​ ដើម្បី​​បំភ្លឺ​នៅ​ពេល​រាត្រី ខណៈ​ប្រជាជន​ខ្លះទៀត ដែលមាន​លទ្ធភាព បាន​​ទិញម៉ាស៊ីនភ្លើងមកប្រើប្រាស់ តែត្រូវចំណាយអស់ថ្លៃសាំងច្រើន និងបង្ករជាសំឡេង​រំខាន នាពេលរាត្រី​។

មានលំនៅដ្ឋាននៅភូមិ​អូប៉ោង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកឆើត ឈន ដែល​មាន​សមាជិក​គ្រួសា​រ ៨នាក់ បានរៀបរាប់ថា​​ នៅក្នុង​ភូមិនេះ បើ​ទោះ​បី​ជា​មាន​ខ្សែ​ភ្លើង​ចូល​ដល់​ ​ក៏​ពិត​មែន ​តែមិន​ទាន់​មាន​អគ្គិសនីសម្រាប់​ប្រើប្រាស់នៅឡើយ​​ទេ។

លោកបន្តថា ផ្ទះរបស់​លោក បាន​ប្រើប្រាស់ភ្លើង​គោយន្ត សូឡា និង​អាគុយ សំរាប់​​បំភ្លឺ​ក្នុងផ្ទះ ហើយប្រើម៉ាស៊ីន​ភ្លើង​ សំរាប់បូមទឹក​ពី​អណ្តូង និង​ប្រើប្រាស់​សំរាប់​​តម្រូវ​ការ​ក្នុង​ការ​ធ្វើការ​ងារផ្សេងៗ​។

លោកឆើត ឈន បានរៀបរាប់យ៉ាងដូច្នេះថា៖​ «បើមានភ្លើង[អគ្គិសនី​]រដ្ឋមកវាស្រួល ពួកខ្ញុំប្រើភ្លើងគោយន្តនេះពេល​យើង​ចង់​ផ្សា​អី​ផ្សេងៗ​វា​ស្រួល។ ពេលខ្ញុំមានធុងបាស់អញ្ចេះ ពេលចង់ស្តាប់បើកលេងទៅ ដល់អានោះពិបាកបញ្ចេះម៉ាស៊ីនវាថ្លង់ [… ] ប្រើសូឡាអត់បានទេ ទាល់តែបញ្ចេះម៉ាស៊ីន។ សូឡា បានតែអំពូលទេ បើយើងប្រើកម្តៅរាល់ព្រឹកក៏អស់ដែរ បើ​អាគុយទៅរត់បានប៉ុន្មានទេ»។

លោកបានបន្ថែមថា ការប្រើម៉ាស៊ីនភ្លើង បូមទឹកពីអណ្តូងសំរាប់យកមកប្រើប្រាស់ប្រចាំថ្ងៃ មានតំលៃខ្ពស់ និង​អស់​​សាំងច្រើន។​ ករណីនេះ លោក​ស្នើ​ទៅអាជ្ញាធរខេត្តជួយ​ពន្លឿនការតចរន្ត​អគ្គីសនីដល់ភូមិនេះ ឱ្យ​បាន​ប្រើប្រា​ស់ឆា​ប់​ៗ​ ដើម្បីកាត់បន្ថយ​​ការចំណាយ និង​មាន​ភាព​ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។

លោកឆើត ឈន បានថ្លែងថា៖ «សំណូមពរចង់ឱ្យ​​គេដាក់ភ្លើង​ឆាប់ អាង​បានប្រើនឹងគេស្រួល ឱ្យ​តែបាន​ភ្លើង​មក​យើងធ្វើអីក៏បានដែរ យើងចង់ផ្សា យើងទិញបំពង់ខ្យល់មកទុកប៉ះកង់អីបាន វាស្រួល​អត់​ពិបាក​ទៅបញ្ឆេះម៉ាស៊ីន សព្ធថ្ងៃគេប្រើម៉ូទ័រស្រួល[…]បើបូមទឹកផង មួយខែប៉ះណា អស់សាំង១០​ទៅ២០លីត​ ព្រោះ​ប្រើ​ច្រើន​ ម៉ាលូអស់សាំង១លីត្រជាង អីម៉ាលីត្រសុទ្ធតែជាងបីពាន់ប្រាំរយ(រៀល) […] ប្រើ​បោកខោអាវ​អីផង​ប្រហែស​ភ្លេច​ខ្លួន​អស់ទឹកបោក​រលើង»។

រីឯ ពលរដ្ឋ​ម្នាក់ទៀតរស់​នៅភូមិអូប៉ោងនេះដែរ ​អ្នក​ស្រីយៀត យន់ ដែលកំពុងទន្ទឹង​រង់​ចាំ​មើលការតភ្ជាប់ចរន្តអគ្គិសនី ទៅដល់ភូមិរបស់គាត់នោះ បាននិយាយថា អ្នកស្រី​ធ្លាប់បាន​ដាក់ពាក្យស្នើរសុំអគ្គិសនី​ប្រើប្រាស់ម្តង​​ហើយ​ តែ​មិន​ទាន់​បាន​។

គ្រួសារអ្នកស្រី ប្រើអាគុយតូច និងសូឡា ដើម្បីបំភ្លឺក្នុងផ្ទះនៅពេលរាត្រី តែត្រូវត្បិតត្បៀតខ្លាំង ក្នុងការប្រើប្រាស់ ​ដោយសារ​ថាមពល​មិនសូវមានគ្រប់គ្រាន់ ហើយ​បើចង់យកទឹកមកប្រើប្រាស់ ត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកពីអណ្តូង។

អ្នកស្រីយៀត យន់ បាននិយាយ​ថា៖ «ពិបាកមែនទែន ងងឹត ជួនថ្ងៃណាអាគុយ ពេលមេឃវាអាប់មក អាគុយវាអត់ចាប់ វាអស់ទៅ សូឡាតែអត់ត្រូវកម្តៅក៏អត់ភ្លើងដែរ មានបានចាប់អាគុយផ្ទាល់ ដល់ហូបបាយហើយរួច មានដែល​​ហ៊ានប្រើ ខ្ជះខ្ជាយអីមកពីអត់មានកំដៅ  [… ] ប្រើអំពូល មួយពី មានអីដាក់អំពូលច្រើន កង្ហាអត់ មានកង្ហាមិនហ៊ានប្រើ អាគុយតូចដែរ»។

ពាក់ព័ន្ធនឹងករណីនេះ អភិបាលរង​ខេត្តសៀមរាប លោកលី សំរិទ្ធ បានទទួល​ស្គាល់​ថា ​តំបន់នៅ​តាម​ទីជន​បទមួយចំនួន​ក្នុងខេត្តនេះ ​ពិត​ជាពុំ​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​មែន​ ដោយ​សារ​កម្លាំង​អគ្គិសនី​មិន​អាច​មាន​គ្រប់​គ្រាន់​សម្រាប់ផ្គត់​ផ្គង់​បាន។

លោកលី សំរិទ្ធ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាបានដឹងថា​ ប្រជាជននៅភូមិ អូប៉ោង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប ពួកគាត់ពិតជាមានការខ្វះខាតអគ្គិសនីប្រើប្រាស់មែន ដោយសារតែ​ពួកគាត់គឺជាអ្នកចំណូលថ្មី ដូចនេះ ក្នុង​នាមយើងជាអ្នកដឹកនាំ យើងត្រូវតែជួយកន្លែងណាដែលចាំបាច់មុនសិន ហើយប្រទេស​របស់​យើង​មិន​ដូចជា​ប្រទេស​ជប៉ុន​ទេ។ ប្រទេសជប៉ុនទាញយកអគ្គិសនីតាមរយៈនុយក្លែអ៊ែរ ចំណែកប្រទេសយើងទាញ​យក​អគ្គិសនី​តាម​រយៈវារី​អគិ្គសនី»។

លោកបានមានប្រសាសន៍បន្ត​ថា៖ «ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀត ដើម្បីធ្វើយ៉ាងណាសម្រេច ឱ្យ​​បាននូវគោលដៅជាយុទ្ធសាស្រ្តចំនួនពីរ គឺ ទី១. ដល់ឆ្នំា២០២០ ភូមិទំាងអស់ទូទំាងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងទី២.ដល់ឆ្នំា២០៣០ យ៉ាង​ហោច ៩០% នៃគ្រួសារទំាងអស់ទូទាំងព្រះរាជា​ណាចក្រកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាពដូច​អគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់»។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ថា សម្រាប់​ស្រុកបន្ទាយ​ស្រី​ មាន​ប្រជាពលរដ្ឋ​​មិនដល់១០ភាគរយទេ ដែលនៅមិនទាន់មាន​បណ្តាញអគ្គិសនីប្រើប្រាស់​។

ជុំវិញបញ្ហាខាងលើនេះ ប្រធានអគ្គីសនីខេត្តសៀមរាប លោកគង់ ផល្លា បានបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងថា៖ «ខ្ញុំមិនអាចមានសមត្ថកិច្ចក្នុងការផ្តល់បទសំភាសន៏បានទេ»។

យោងតាមរបាយ​ការណ៍​ឆ្នាំ​២០១៩ ដែល​ចេញ​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៩​ អគ្គិសនី​កម្ពុជា ​អាច​ផ្គត់​ផ្គង់​បាន​ដល់​ពលរដ្ឋ​ជិត ​៣លាន​នាក់​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​កម្ពុជា មាន​​ជាង ​១៥,៣លាន​​នាក់។

ប្រធានទីប្រឹក្សានៃគំរោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចនៃ​ក្រសួងពាណិជ្ជកម្ម លោកអ៊ុង តារារ័ត្នមុនី មាន​ប្រសាសន៍ថា អគ្គិសនី ​គឺ​ចាំ​បាច់​ខ្លាំង​បំផុត​សម្រាប់​ប្រជាកសិករ និង​អ្នក​បង្កើត​អាជីវកម្ម​ទាំង​អស់​នៅ​កម្ពុជា ដោយ​ថា ​វា​បាន​ជួយ​សម្រួល​ច្រើន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ និង​ថ្លៃ​ចំណាយ​ដែល​មិន​ចាំ​បាច់​មួយ​ចំនួន​។

លោក​បន្តថា ការ​ពង្រីក​សេវា​អគ្គិសនី​ដល់​មូល​ដ្ឋាន​របស់​ពលរដ្ឋ នឹង​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋ និងអាច​បង្កើន​នូវ​ឱកាស​អាជីវកម្ម​ដល់​ពលរដ្ឋ​ផងដែរ។

ទាក់ទងនឹងរឿងនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល​នៃក្រសួងរ៉ែ និងថាមពល លោកវិចទ័រ ហ្សូនា បានមានប្រសាសន៍ថា កន្លងមក ក្រសួងមានផែនការកំណត់ថា ក្នុង២០២០កន្លងទៅនេះ កម្ពុជានឹងអាចផ្គត់ផ្គង់ភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ប៉ុន្តែផ្ទុយទៅវិញ ឆ្នាំ២០២១ទៅហើយ នៅតែមិនទាន់មាន​គ្រប់គ្រាន់​នៅឡើយ។

ប៉ុន្តែយ៉ាងណាក្តី ក្រសួងមានផែនការឱ្យប្រជាពលរដ្ឋកម្ពុជា មានថាមពលអគ្គិសនីប្រើប្រាស់សម្រេចឱ្យបាន ៩៧,៤% ទូទាំងប្រទេស ក្នុងចំណោម ១៤ ១៦៨ ភូមិ។ នៅសល់ជាង ៤០០ភូមិទៀត ដែលមិនទាន់មានភ្លើងប្រើប្រាស់។ តាមផែនការរបស់ក្រសួង និងរដ្ឋាភិបាល ក្នុងរយៈពេលបីឆ្នាំទៀត ទើបសំរេចគោលដៅបាន១០០%។

លោកបន្តថា ថាមពលអគ្គិសនីកម្ពុជាបច្ចុប្បន្ន មានប្រភពពីក្នុងស្រុកមានចំនួន ៨៥% ដែលបានមកពីវារីអគ្គិសនី ធ្យូងថ្ម ថាមពលសូឡា ថាមពលបាយយ៉ូម៉ាក់ និងប្រភពនាំចូលពីប្រទេសជិតខាងប្រមាណជា ១៥%។

ត្រឡប់​ទៅកាន់គ្រួសារ អ្នកស្រី យៀត យន់ វិញ អ្នកខេត្តសៀមរាបរូបនេះ រំពឹងថា នឹងទទួលបានចរន្ត​អគ្គិសនីប្រើប្រាស់​ឆាប់ៗនេះ​ ពោលគឺនៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។

អ្នកស្រីមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំចង់បានភ្លើងមុនចូលឆ្នាំ តែអត់ទាន់ឃើញដាក់ គេដាក់តែបង្គោល ចូលឆ្នាំខ្មែរ ត្រូវការសប្បាយមានភ្លើងមានអី »៕