អតីតកីឡាប្រដាល់គុនចម្រុះ និងអ្នកគាំទ្រប្រដាល់ បានរិះគន់ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធគុនខ្មែរដោយប្រើវិធីលើកដៃ ថាជាការរៀបចំទុកជាមុន និងមានការបង្ខំ ដែលនាំឲ្យជាប់ប្រធានដដែលៗ ចំនួន ៧អាណត្តិ ស្មើនឹងរយៈពេលជិត ៣០ឆ្នាំ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានអះអាងថាការបោះឆ្នោតនេះធ្វើឡើងត្រឹមត្រូវតាមគោលការណ៍ក្រសួង។
ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអាណត្តិថ្មីនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយលទ្ធផលលោកតែម ម៉ឺន ត្រូវបន្តជាប់ឆ្នោតជាប្រធានអាណត្តិថ្មី (២០២១-២០២៥) ហើយក៏ជាអាណត្តិទី ៧ របស់លោកផងដែរក្នុងការធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ។
សម្រាប់អាណត្តិទី៧ នេះលោកក៏បានបន្ថែមនូវសមាសភាពចំនួន ៦រូបទៀតទៅលើសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិចាស់ដែលមានចំនួន ១៣រូប ដើម្បីឆ្ពោះទៅការប្រកូតស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះបូកសរុបសមាជិកគណៈ កម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានចំនួន១៩នាក់។
ក្រោយការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មីកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅរួចរាល់ និងបានប្រកាសនូវប្រធានដឹកនាំសហព័ន្ធបន្តទៀត អ្នកគាំទ្រកីឡាប្រដាល់ជាច្រើនបានបង្ហាញការងឿងឆ្ងល់ចំពោះការរៀបចំបោះឆ្នោតដែលមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះថាការបោះឆ្នោតនេះគឺជាការរៀបចំទុកមុនដោយប្រព្រឹត្តទៅក្រោមរូបមន្តលើកដៃ ដើម្បីបង្ហាញពីការគាំទ្រក្នុងអំឡុងពេលបោះឆ្នោត។
លោកស៊ឹម ប៊ុនស្រ៊ន់ អតីតកីឡាករប្រដាល់គុនចម្រុះបានលើកឡើងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាស្ថាប័នមួយដ៏ធំ និងមានអ្នកគាំទ្ររាប់ម៉ឺននាក់ ប៉ុន្តែការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបែរជាប្រព្រឹត្តទៅដោយស្ងាត់ៗ មិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទាល់តែសោះ។
លោកក៏បានបង្ហាញការងឿងឆ្ងល់ដែរពីការបោះឆ្នោតនោះ ដោយចង់ឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញនូវរូបមន្តនៃការបោះឆ្នោតជ្រើសរើសប្រធាននេះឱ្យបានច្បាស់លាស់មុនពេលប្រតិបត្តការនោះឆ្នោតថានរណាខ្លះមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិជាបេក្ខភាពឈរឈ្មោះឱ្យគេបោះឆ្នោត។
លោក ស៊ឹម ប៊ុនស្រ៊ន់៖ «ខ្ញុំយល់ថាការបោះឆ្នោតនេះគួរតែបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយសារតែស្ថាប័នប្រដាល់គឺជាស្ថាប័នដ៏ធំ ហើយមានការគាំទ្រច្រើនពីមហាជនសព្វថ្ងៃ ហើយការបោះឆ្នោតនេះគួរតែឱ្យទូលំទូលាយហើយគួរតែមានការចូលរួមពីអ្នកកាសែតពីអ្នកព័ត៌មាន ពីស្ថាប័នពាក់ព័ន្ធផ្សេងៗអីចឹង»។
យ៉ាងណាក្តី អតីតកីឡាករប្រដាល់ក្នុងទ្រុងលោកស៊ឹម ប៊ុនស្រ៊ន់ បានបន្ថែមថា ជារឿងមួយល្អប្រសើរសម្រាប់កីឡាកម្ពុជាមួយនេះ ប្រសិនបើសហព័ន្ធកីឡាប្រដាល់គុនខ្មែររៀបចំការបោះឆ្នោតដោយមានបេក្ខភាពឈរឈ្មោះជាប្រធានច្រើនគឺកាន់តែល្អ ព្រោះនឹងមានជម្រើសក្នុងការដឹកនាំវិស័យកីឡាមួយនេះ ខណៈលោកថា បេក្ខភាពឈរឈ្មោះបោះឆ្នោតជាប្រធានបច្ចុប្បន្នមានតែម្នាក់។
លោកស៊ឹម ប៊ុនស្រ៊ន់៖ «ការបោះឆ្នោតឈរឈ្មោះតែម្នាក់នេះគឺអត់ប្រយោជន៍ ចឹងកន្លែងនឹងគឺអត់ត្រឹមត្រូវគឺវាមានលក្ខណៈរៀបចំទុកមុន។ ខ្ញុំគិតថាមានតែម្យ៉ាងទេគឺបោះឆ្នោតឱ្យត្រឹមត្រូវហើយមានអ្នកឈរឈ្មោះ២ ទៅ ៣នាក់ក្នុងការដឹកនាំសហព័ន្ធ ហើយអ្នកឈរឈ្មោះជាប្រធានសហព័ន្ធហ្នឹងគឺត្រូវជាបុគ្គលមួយដែលមានទស្សនៈវិស័យក្នុងការដឹកនាំកីឡាករ ដោះស្រាយបញ្ហាសម្រាប់កីឡាករ សម្រាប់កម្មវិធីផ្សេងៗ រឿងបែបហ្នឹងគឺជាការល្អ»។
ស្រដៀងគ្នានេះដែរ លោកប៉ក់ សម្បត្តិ ជាអ្នកតាមដានប្រដាល់គុនខ្មែរបានលើកឡើងដែរថា តាមរយៈការសង្កេតមើល ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីពេលថ្មីៗនេះគឺមានលក្ខណៈរៀបចំទុកជាមុនដោយមិនមានគម្រោងក្នុងការផ្លាស់ប្តូរប្រធានដឹកនាំនោះឡើយ។ លោកចង់ឱ្យមានការផ្សាយទូលំទូលាយដើម្បីឱ្យមានការទទួលស្គាល់ពីភាពច្បាស់លាស់ និងពិតប្រាកដពីមហាជនដែលថាស្រលាញ់វិស័យគុនខ្មែរ។
លោកប៉ក់ សម្បត្តិ៖ «តាមខ្ញុំគិតគឺមានគម្រោងពីមុនហើយស្រេច និងការរៀបចំហើយអត់មានឱ្យដឹងឮអីគម្រោងទុកមុនការផ្លាស់ប្តូរអីសោះ ព្រោះអីយើងធ្វើនឹងគឺធ្វើទាំងបង្ខំនិយាយចំ ព្រោះគាត់ធ្វើចឹងគេមិនអាចទទួលយកបានទេ ព្រោះសម្រាប់ខ្ញុំត្រូវតែមានអ្នកកាសែតដឹងលឺ ប្តូរសហព័ន្ធមួយៗគឺត្រូវតែមានការដឹងលឺគ្រប់ខេត្ត»។
លោកប៉ក់ សម្បត្តិបានបន្ថែមថា លោកចង់ឃើញមានបេក្ខភាពច្រើនក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានសហពន្ធប្រដាល់គុនខ្មែរដើម្បីជាជម្រើស និងផ្លាស់ប្តូរការដឹកនាំសម្រាប់វិស័យមួយនេះ។ លោកបានលើកឡើងដែរថាវិស័យនេះមិនសូវជាមានការរីកចម្រើននោះទេនៅប៉ុន្មានអាណត្តិចុងក្រោយនេះ ដោយសារការដឹកនាំបែបដដែលៗ និងមិនមានអ្វីថ្មីសម្រាប់ដឹកនាំកីឡាប្រដាល់គុនខ្មែរនេះទេ។
ចំណែកលោកប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាព បានលើកឡើងថា ការបោះឆ្នោតដែលសុចរិត និងត្រឹមត្រូវគឺជាការបោះឆ្នោតតាមរយៈសន្លឹកឆ្នោតដោយសម្ងាត់ និងធានាថាអ្នកចូលរួមបោះឆ្នោតទទួលបានសិទ្ធិបញ្ចេញមតិគ្រប់គ្រាន់ក្នុងការបោះឆ្នោតនោះ។
លោកបន្តថាការបោះឆ្នោតតាមរយៈការលើកដៃមិនអាចឆ្លុះបញ្ចាំងថាជាការបោះឆ្នោតមួយដែលត្រឹមត្រូវ និងយុត្តិធម៌នោះទេ ព្រោះអ្នកបោះឆ្នោតអាចនឹងរងនូវសម្ពាធពីភាគីណាមួយ និងព្រួយបារម្ភនូវបញ្ហាផ្សេងៗនៃការបង្ហាញសន្លឹកឆ្នោតជាសាធារណៈតាមរយៈការលើកដៃ។
លោកថា៖ «ការបោះឆ្នោតដែលធានាបាននូវសុចរិតភាពបានទាល់តែជាការបោះឆ្នោតមួយដែលធានាថាលទ្ធផលគឺឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតនឹង ហើយដើម្បីធ្វើអញ្ចឹងបានទាល់តែការបោះឆ្នោតនឹងធ្វើឡើងដោយសម្ងាត់។ ជាគោលការណ៍យុត្តិធម៌ និងតម្លាភាពនិងប្រជាធិតេយ្យនៃការបោះឆ្នោតក្នងក្របខ័ណ្ឌស្ថាប័នតូចក៏ដោយគឺគេធានាថាការបោះឆ្នោតនឹងគឺធ្វើឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ហើយឆ្លុះបញ្ចាំងពីឆន្ទៈអ្នកបោះឆ្នោត អញ្ចឹងការបោះឆ្នោតដោយលើកដៃប្រហែលជាមិនឆ្នុះបញ្ចាំងនូវឆន្ទៈអ្នកបោះឆ្នោតពិតប្រាកដទេ»។
គួររំលឹកថា មនុស្សមួយចំនួនផ្សេងទៀតក៏បានរិះគន់ការបោះឆ្នោតនេះផងដែរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ច្រានចោលការចោទប្រកាន់ទាំងនេះដែរ ហើយថាការបោះឆ្នោតនេះធ្វើឡើងត្រឹមត្រូវតាមគោលការណ៍ក្រសួង។
លោកថា៖ «យើងត្រូវធ្វើយូរហើយ ប៉ុន្តែវាអត់បានធ្វើចេះតែពន្យារដោយសារតែកូវីដ ដល់ចឹងយើងមិនអាចធ្វើគឺវាអត់កើត ចឹងត្រូវតែធ្វើតាមគោលការណ៍របស់ក្រសួង»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនិន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបកស្រាយថា អ្នកដែលមានតួនាទីចូលរួមបោះឆ្នោតរួមមានប្រមាណចន្លោះពី៥០ ទៅ ៦០នាក់ ដែលជាគណៈកម្មការប្រតិបត្តិចាស់ និងសមាគមនៅតាមរាជធានី-ខេត្តដែលមានការចូលរួមប្រកួតដោយពេញសិទ្ធិ។
លោកបានអះអាងថាការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធថ្មីគឺបោះឆ្នោតដោយមិនមានការបង្ខិតបង្ខំនោះទេ ពោលគឺធ្វើឡើងទៅតាមមតិភាពច្រើន និងឆ្លងកាត់ការប្រជុំជាបន្តបន្ទាប់ដោយបានបង្ហាញពីបេក្ខភាពដែលឈរឈ្មោះឱ្យគេបោះឆ្នោតកាលពីមុនរៀបចំការបោះឆ្នោតនេះផងដែរ។
លោកថា៖ «វាគ្មាននរណាទៅបង្ខំអីកើតទេឱ្យលើកដៃទេ មុននឹងធ្វើក៏មានការប្រជុំឯកភាពគ្នានៅក្នុងថ្នាក់ដឹកនាំមុនបោះឆ្នោត គណៈកម្មការប្រតិបត្តិទាំងអស់ក៏បានប្រជុំចឹងគ្មានរណាទៅបង្ខំឱ្យលើកដៃ»៕