(ភ្នំពេញ)៖ ក្រោយពីជំនន់ទឹកភ្លៀងបានលិចលង់សង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញអស់មួយរយៈពេលមក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ទឹកដែលលិចនៅផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួននៅតំបន់រង្វង់មូលកួរស្រូវ ក៏ដូចជាតំបន់ជិតៗនោះ ចាប់ផ្តើមស្រកចុះបន្តិច។ ប្រជាពលរដ្ឋមួយចំនួនដែឡបានជម្លៀលទៅកាន់ទីទួលសុវត្ថិភាព ក៏បានសម្រេចចិត្តចូលមកស្នាក់នៅ បោសសម្អាត និងរៀបចំទុកដាក់សម្ភារៈដែលខូចខាតឡើងវិញ។
កំពុងបោសជូតសម្អាតផ្ទះ និងរបស់របរដែលខូចខាតដោយសារទឹកជំនន់ជន់លិចផ្ទះ លោក រស់ សុភក្រ្ត័ អាជីវករលក់ទូរសព្ទ័ដៃ រស់នៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ និយាយថា ពេលទឹកបានស្រកបន្តិច លោកក៏បានមកមើលការខុសត្រូវព្រមទាំងការខូចខាតនៅផ្ទះវិញ។ លោកបន្តថា លោកបានចាកចេញពីផ្ទះអស់រយៈពេលជាង៥ថ្ងៃមកហើយ ហើយលោកក៏បានផ្អាកអាជីវកម្មមួយរយៈដែរ ដោយសារទឹកមានសភាពជន់លិច ហើយគួចខ្លាំងនៅចំណុចមុខផ្ទះរបស់លោក ចាប់តាំងពីថ្ងែទី១៣ ខែតុលាមក។
អ្នកលក់ទូរស័ព្ទវ័យ៣៥ឆ្នាំរូបនេះបន្ថែមថា ក្រោយពេលទឹកស្រកផ្ទះរបស់លោកមានសភាពស្អុយខ្លាំង ហើយទូរដែលធ្វើពីកុងផ្លាកេក៏បៀមទឹក ដែលលោកថា អាចហើប ឬខូចខាតទាំងស្រុង និងមិនទាន់អាចចាប់ផ្តើមរកស៊ីបានភ្លាមៗនៅឡើយ។
លោកថា៖ «ផ្ទះដល់ពេលទឹកចូលប៉ុន្មានថ្ងៃហ្នឹងឡើងស្អុយដល់ក ព្រោះអាហ្នឹងមិនមែនទឹកល្អណា មានសំរាមអណ្តែតផងអីផង ហើយទូឈើធ្វើពីកុងផ្លាកេក៏ជក់ទឹក ថ្ងៃក្រោយនឹងហើបហើយ»។
ចំណែកអ្នកស្រី សេង វណ្ណ អ្នកលក់គោដុតនៅម្តុំរង្វង់មូលកួរស្រូវ បានរៀបរាប់ទាំងកំពុងលាងសម្ភារៈលក់ដូរថា អ្នកស្រីទើបតែបានចូលមកសម្អាតនៅថ្ងៃនេះព្រោះទឹកទើបតែស្រកបានខ្លះ។ ស្រ្តីកូន២ វ័យ២៥ឆ្នាំរូបនេះ បន្តថា ក្រោយទឹកលិច អ្នកស្រីបានចាកចេញពីផ្ទះតាំងពីថ្ងៃទី១៣ ហើយបានផ្អាកមុខរបរលក់គោដុតប្រមាណជិតមួយសប្តាហ៍ ដោយមិនមានចំណូលអ្វីទាំងអស់។ អ្នកស្រីថា សម្ភារៈដែលខូចខាតមានដូចជាទូរទឹកកកចំនួន២គ្រឿង ព្រមទាំងរបស់របរ ចានឆ្នាំងដែលត្រូវធ្វើអាជីវកម្ម បានអណ្តែតទៅតាមទឹកអស់ជាច្រើនផងដែរ។
អ្នកស្រីនិយាយថា៖ «មិនដឹងបានលក់ដូរថ្ងៃណា ថ្ងៃណីទេ ទោះបីទឹកស្រកបានបន្តិចមែន តែមិនទាន់អាចលក់ដូរបាននៅឡើយទេ ណាមួយរបស់របរខូចខាតច្រើន ត្រូវទិញថ្មីទៀត ថ្ងៃហ្នឹងគ្រាន់តែមកបោសជូតសិន ព្រោះខាននៅមួយអាទិត្យហើយ» ។
អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បដិសេធមិនផ្តល់សម្ភាសន៍ដោយប្រាប់ថា កំពុងជាប់រវល់។
បើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោបានបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងលិចទឹកដើម្បីចូលរួមជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះ ចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ត ដោយជួយរៀបចំ និងដឹកជញ្ជូនសម្ភារៈ ព្រមទាំងជួយដុសលាងបោសសម្អាតផ្ទះសម្បែង និងជូនពលរដ្ឋដែលត្រឡប់ចូលរស់នៅវិញជាដើម។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ។ ប៉ុន្តែលោកបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៨ ខែតុលាថា មិនមាននរណាម្នាក់បាត់បង់ជីវិតក្នុងទឹកជំនន់នៅខណ្ឌដង្កោនោះទេ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចេញនៅថ្ងៃទី២០ ខែតុលានេះ បញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សស្លាប់ដោយទឹកជំនន់មានចំនូន៣៤នាក់នៅទូទាំងប្រទេស៕