ក្នុងនាម​ជា​ប្រជាជាតិ​នៃ​ប្រទេសមួយ​គឺ​ចាំបាច់​ណាស់​ត្រូវ​មានគំនិត​ជាតិនិយម ដើម្បី​រួម​ចំណែក​​​ក្នុ​ងការ​ការពារ​វប្បធម៌​ជាតិ ទឹកដី ទ្រព្យសម្បត្តិ​ជាតិ  ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​តម្លៃ​របស់​ប្រទេសជាតិ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។

សម្រាប់​​យុវជន​មួយ​ចំនួន​យល់​ថា ប្រសិន​​បើ​​​មានគំនិត​ជាតិនិយម​ជ្រុល​ នោះ​មិនមាន​អ្វី​ចំណេញ​​ចំពោះ​ជាតិ​មាតុភូមិ​នោះទេ ប៉ុន្តែ​វា​អាច​នាំមក​នូវ​បញ្ហា​ជាច្រើន​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​ទៅវិញ​​។

តើ​មូល​ហេតុអ្វី​បានជា​គំនិត​ជាតិនិយម​ជ្រុល​បង្ក​ជា​បញ្ហា​ចំពោះ​ជាតិ​?

លោក ធូ រិទ្ធិ និស្សិតប្រវត្តិសាស្ត្រ ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​និយាយថា ជាតិ​និយម​អាច​​ធ្វើឲ្យចម្រើន​ដល់សង្គម ហើយ​ក៏​អាច​ធ្វើឲ្យសង្គមជួបបញ្ហាដែរ។ លោក​បន្ត​ថា បើ​តាម​ការ​សង្កេត​របស់​លោក ជាតិ​និយម​សម្រាប់​សង្គម​កម្ពុជា​​បច្ចុប្បន្ន​ កើត​ចេញ​ជាមួយ​នឹង​បរទេស និយាយ​ឲ្យ​ចំ​គឺ​វៀតណាម។ លោក​ថា ការបណ្តុះ​គំ​និត​ឲ្យ​មាន​ការរើសអើង​ជនជាតិ​វៀតណាម បាន​ជំរុញ​ឲ្យ​យើង​ប្រជាជន​ចេះ​តែ​នាំ​គ្នា​ខឹង​គេ ហើយ​ភ្លេច​មើល​សង្គម​ខ្លួន​ឯង​ថា​ស្ថិត​នៅ​កម្រិ​ត​ណា។

«ជាតិនិយម​មួយ​ទៀត​គឺ​ការស្រឡាញ់​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ គឺជា​រឿង​ប្រសើរហើយ ប៉ុន្តែ​បើ​ធ្វើ​ជ្រុល​ហួស​ហេតុ​ពេក​ក៏​មិន​ល្អ​ដែរ ព្រោះដំ​ណាក់​កាល​នេះ​គឺជា​សម័យ​កាល​សកល​ភាវូបនីយ​កម្ម យើង​ត្រូវ​តែ​បើក​ទូលាយ មើល​ឲ្យ​បាន​ឆ្ងាយ និង​ទទួល​យក​អ្វី​ដែល​ល្អៗ​មក​កែ​សម្រួល។  សរុប​មក ជាតិ​និយម​គឺជា​អាវុធ​មុខ​ពីរ​អញ្ចឹង។ ប្រសិនបើ​យើង​មិន​ចេះ​ប្រើ​វា​ឲ្យ​ចំ​កាលៈទេសៈ​ទេ​នោះ នោះ​វា​នឹង​មាន​គ្រោះថ្នាក់»។

ចំណែក លោក ផល់ ភេត្រា និស្សិតប្រវត្តិសាស្ត្រ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២ បាននិយាយថា ក្នុងនាម​ជា​ប្រជាជាតិ​នៃ​ប្រទេសមួយ​​ គឺ​ចាំបា​ច់​​ណាស់​​ត្រូវ​មាន​គំនិត​​ជាតិ​និយម ដើម្បី​​រួម​ចំណែក​ក្នុងការ​ការពារ​​វប្បធម៌​​ជាតិ ទឹកដី ទ្រព្យសម្បត្តិ​ជាតិ ការពារ​​​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​តម្លៃ​របស់​ប្រទេសជាតិ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។ លោក​ថា ប៉ុន្តែ​ប្រសិន​បើ​មានគំនិត​ជាតិនិយម​ជ្រុល នោះ​នឹង​មក​នូវ​បញ្ហា​ជាច្រើន​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​ទៅវិញ​។

«ជាតិនិយម​ជ្រុល គឺជា​គំនិត​ជ្រុលនិយម​មួយ​ដែល​ស្ថិតនៅក្នុង​គំនិត​របស់​បុគ្គល​ដែល​តែងតែ​មើលទៅ​​ជាតិ​សាសន៍​របស់ខ្លួន​ល្អ​ជាង​ជាតិ​សាសន៍​ផ្សេងៗ​ជានិច្ច​។ មាន​ន័យថា មិន​ព្រម​បើក​ចិត្ត​ទទួល​អ្វី​ដែលថ្មីសម្រាប់ជាតិសាសន៏របស់ខ្លួន នោះបុគ្គលនោះនឹងមិនរីកចម្រើននោះទេ។ ផ្ទុយ​ទៅវិញនឹងធ្វើឱ្យប្រទេសជាតិកាន់តែវឹកវរថែមទៀត។ ជាក់ស្ដែង​នៅ​សម័យ​កម្ពុជា​ប្រជា​ធិប​តេយ្យ ឬ​ហៅថា​សម័យ​ខ្មែរ​ក្រហម ដោយសារ​គំនិត​ជាតិ​និយម​ជ្រុល​ទើប​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ស្លាប់អស់ជា​២លាននាក់ និងខូចខាតសម្បត្តិសាធារណៈជាច្រើនទៀត»។

រីឯចំណែកលោក សុខ ចន្ត្រាវុធ  និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស ប្រវត្តិសាស្ត្រ បាន​និយាយថា ការប្រកាន់ជាតិនិយមជ្រុល​ អាច​បង្កនូវរឿងមិនល្អជាច្រើនសម្រាប់ជាតិមួយ ហើយ​នឹងឈានទៅដល់ការរើសអើងជាតិសាសន៍​ ហើយ​មាន​បង្ក​អសន្តិសុខ​មួយ​ចំនួន​ផង​ដែរ។ លោក​បន្ត​ថា ការប្រកាន់នូវជាតិនិយមដោយ​មិនច្រានចោល​ជាតិសាសន៍​ដទៃ ហើយ​បណ្ដុះ​ម​នុស្សឲ្យយ​ល់ពីវប្បធម៌ ប្រពៃណី និង​បូរណភាពទឹកដី​របស់ខ្លួនក្នុ​ងគោ​លដៅ​អភិរក្ស​ប្រកប​ដោយ​បញ្ញា​​ថ្លឹងថ្លែង​ដោយហេតុ និង​ផល នោះទើប​ជារឿងដែលប្រសើរបមផុត។​

«អ្វីដែលខ្ញុំភ័យបារម្ភនោះនៅពេលដែលយើងស្រឡាញ់ជាតិ តែ​ការស្រឡាញ់​របស់​យើង​អត់​មាន​មូលដ្ឋាន​នៃ​ចំណេះ កង្វះនូ​វមនសិការត្រឹមត្រូវ។ កាលណាដែលយើងដឹកនាំ ឬ​សាប​ព្រួស​នូវ​ផ្នត់​គំនិត​ណា​មួយ បាន​ត្រឹម​តែការបង្ក​ជម្លោះតែ​ប៉ុណ្ណោះ បើសិនជា​យើង​ជា​មនុស្ស​ប្រកាន់​ពេក​នោះ»៕​