ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញអ្នកផ្ទុកមេរោគកូវីដចំនួន២នាក់បន្ថែមទៀត ដែលនាំឲ្យមានការកើនទ្បើងសរុបចំនួន ៣២នាក់ ពី់់៉ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

ការកឃើញវិជ្ជមានចុងក្រោយនេះ បាននាំឱ្យកម្ពុជាមានអ្នកផ្ទុកមេរោគនេះកើនទ្បើងដល់ ៣៤៨នាក់។ នេះតាមការប្រកាសជាព័ត៌មានក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។

អ្នកឆ្លងជំងឺកូវីដ ១៩នេះ មានបុរសជនជាតិខ្មែរឈ្មោះ អ៊ី តារា អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្យំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូទ្បា ភេទប្រុស អាយុ ២២ឆ្នាំ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ-១៩នៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០។

រីឯករណីមួយទៀត ជាស្ត្រីជនជាតិខ្មែរឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គាត់ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ដែលបានចូលក្នុងហាង Zando បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ជិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបាននិយាយថា​ ពួកគាត់ទាំងពីរនាក់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

គិតត្រឹមព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បើយោងតាមក្រសួងសុខាភិបាល មានអ្នកឆ្លងសរុប ៣៤៨នាក់ អ្នកជាសះស្បើយចំនួន ៣០៦ នាក់ ដោយក្នុងនោះ​មានអ្នកឆ្លងក្នុងសហគមន៍ចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕