ធនធានមនុស្សត្រូវបានគេចាត់ទុកថា ជាធនធានមួយដ៏សំខាន់បំផុតក្នុងការជំរុញប្រទេសឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។ កត្តានេះដើរតួសំខាន់លើសកត្តាដទៃ ដោយសារតែការរីកចម្រើនផ្នែកផ្សេងទៀត ក៏ត្រូវពឹងផ្អែកទៅលើធនធានមនុស្សដែរដើម្បីគ្រប់គ្រង ឬរៀបចំដំណើរការផ្សេងៗឲ្យមានភាពរលូន និងមានប្រសិទ្ធភាព។ ការបណ្ដុះធនធានមនុស្សនេះទៀតសោត គឺត្រូវពង្រឹងតាំងពីថ្នាក់បឋមរហូតដល់ កម្រិតខ្ពស់។ ប៉ុន្តែបច្ចុប្បន្ននេះយើងសង្កេតឃើញថាការបោះបង់ចោលការសិក្សារបស់កុមារគឺដល់កម្រិតមួយដែលគួរឲ្យយើងកត់សម្គាល់។
តាមការសង្កេតកន្លងមកឃើញថាភាគច្រើនសិស្សានុសិស្សដែលបោះបង់ការសិក្សាគឺនៅថ្នាក់អនុវិទ្យាល័យនិងថ្នាក់វិទ្យាល័យចន្លោះពីថ្នាក់ទី ៧ ដល់ទី ១២។ ការឈប់ពីការសិក្សារបស់ពួកគេមកពីកត្តាសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
កត្តាដំបូងបំផុតគឺជីវភាព ដោយសារតែភាពលំបាកលំបិនក្នុងជីវិតរស់នៅប្រចាំថ្ងៃ នាំឲ្យពួកគេសម្រេចចិត្តឈប់រៀនទាំងវ័យក្មេង ម្យ៉ាងដោយសារគ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយទៅលើសម្ភារៈសិក្សា សម្លៀកបំពាក់ ការចំណាយនៅសាលារៀនក្នុងការទិញចំណីអាហារជាដើម។ ក្នុងកាលៈទេសៈនេះ នាំឲ្យពួកគេបង្ខំ ចិត្តឈប់រៀនហើយងាកទៅជួយការងារឪពុកម្តាយ ឬស្វែករកការងារដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ។
ឪពុកម្តាយ ឬអាណាព្យាបាលក៏ជាអ្នកដើរតួនាទីសំខាន់ផងដែរសម្រាប់ការណែនាំ ផ្តល់ដំបូន្មានទៅដល់កូនៗ ។ ប៉ុន្តែដោយសារកម្រិតយល់ដឹងរបស់ពួកគាត់នៅកម្រិត មិនបានគិតពិចារណាឲ្យបានវែងឆ្ងាយពីអនាគតរបស់ពួកគេ ហើយទៀតសោតពួកគាត់យល់ថាការរៀនសូត្រច្រើនមិនបានផ្តល់អ្វីដល់ពួកគាត់ច្រើនទេ ថែមទាំងចំណាយលុយជាច្រើនទៅវិញសម្រាប់ការសិក្សា។
វ័យសិក្សានៅអនុវិទ្យាល័យជាវ័យដែលពួកគេមិនទាន់មានការគិតស៊ីជម្រៅ ការពិចារណា ឬបទពិសោធន៍ច្រើននៅក្នុងជីវិតនោះទេ គឺងាយស្រួលក្នុងការស្តាប់យោបល់ពីអ្នកជុំវិញខ្លួនឬការអូសទាញផ្សេងទៀត។ បូកផ្សំជាមួយនឹងបច្ចុប្បន្នមានទីផ្សារការងារមួយចំនួនដែលពួកគេអាចធ្វើការបានដោយពុំចាំបាច់មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រទី១២អ្វីឡើយ ដូចជាការងារនៅក្នុងរោងចក្រ ឬកម្មករ សំណង់ជាដើម។
មធ្យោបាយធ្វើដំណើរទៅសាលារៀន ឬគ្មានសាលារៀនក៏ជាបញ្ហាមួយដែរសម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល គ្មានឱកាសទទួលយកចំណេះដឹង ការអប់រំដែលខ្លួនចង់ទទួលបាន។
គុណវិបត្តិនៃការបោះបង់ចោលការសិក្សារបស់ពួកគេនេះមានទាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងគឺចំណេះដឹង ការពិចារណារបស់ពួកគេនៅមានកម្រិតងាយស្រួលជឿជាក់អ្នកដទៃ និងបញ្ហាសុខភាព ព្រោះតែការធ្វើការហួសកម្លាំងទាំងដែលនៅវ័យក្មេងនៅឡើយ។
ការងារភាគច្រើនរបស់ពួកគេគឺដោយប្រើកម្លាំងបាយដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ តែការប្រើកម្លាំងបាយអាចធ្វើទៅបានតែអំឡុងពេលវ័យមាំមួនប៉ុណ្ណោះ នោះនាថ្ងៃអនាគតពួកគេអាចប្រឈមនឹងភាពអត់ការងារធ្វើ។ ជីវភាពគ្រួសាររបស់ពួកគេអាចនឹងមានគ្មានស្ថេរភាពតទៅទៀត។ កាលណាមនុស្សជួបការលំបាកច្រើន ខ្វាយខ្វល់ច្រើនអំពីជីវភាពរបស់ពួកគេ ការចូលរួមបញ្ចេញមតិ សកម្មភាពចូលរួមសង្គមនានា គឺនៅមានកម្រិតទាបដែលមិនអាចឲ្យសង្គមរីកចម្រើនលឿនបានទេ។
បើយោងទៅតាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០១៧-២០១៨ អត្រាសិស្សបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិមានចំនួន ១៦,៦ ភាគរយ ស្រីមាន ១៤,២ ភាគរយ នៅកម្រិតមធ្យមសិក្សាទុតិយភូមិមាន ១៩,៧ ភាគរយ ស្រីមាន ១៧ភាគរយ ៕