ធនធាន​មនុស្ស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ធនធាន​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការជំរុញប្រទេសឲ្យមានការ​​អភិវឌ្ឍ និងរីកចម្រើន។ កត្តា​នេះ​ដើរ​តួ​សំខាន់​លើ​ស​​កត្តា​ដទៃ ​ដោយសារ​តែ​ការរីក​ចម្រើន​ផ្នែក​ផ្សេង​ទៀត ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស​ដែរ​ដើម្បី​គ្រប់គ្រង ឬ​រៀបចំ​ដំណើរការ​ផ្សេងៗ​ឲ្យ​មាន​ភាព​រលូន និងមាន​ប្រសិទ្ធ​ភាព។  ការបណ្ដុះ​ធនធាន​មនុស្ស​នេះ​ទៀត​សោត គឺ​ត្រូវ​ពង្រឹងតាំងពីថ្នាក់​បឋមរហូតដល់ កម្រិតខ្ពស់។ ប៉ុន្តែបច្ចុប្បន្ននេះយើង​​​​​សង្កេតឃើញ​ថាការបោះបង់ចោលការសិក្សារបស់កុមារគឺដល់កម្រិតមួយដែលគួរឲ្យយើ​​ងកត់សម្គាល់។

តាមការសង្កេតកន្លងមកឃើញថាភាគច្រើនសិស្សានុសិស្សដែល​បោះ​បង់ការសិក្សាគឺនៅថ្នាក់អនុវិទ្យាល័យនិងថ្នាក់វិទ្យាល័យចន្លោះពីថ្នាក់ទី ៧ ដល់ទី ១២។ ការឈប់ពីការសិក្សារបស់ពួកគេមកពីកត្តាសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

កត្តាដំបូងបំផុតគឺជីវភាព​ ដោយសារតែភាពលំបាកលំបិនក្នុងជីវិតរស់នៅប្រចាំថ្ងៃ នាំឲ្យពួកគេសម្រេចចិត្ត​ឈប់រៀនទាំងវ័យក្មេង ម្យ៉ាងដោយសារគ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយទៅលើសម្ភារៈសិក្សា សម្លៀក​បំពាក់ ការចំណាយនៅសាលារៀនក្នុងការទិញចំណីអាហារជាដើម។ ក្នុងកាលៈទេសៈនេះ ​នាំ​ឲ្យ​ពួកគេបង្ខំ ចិត្តឈប់រៀនហើយងាកទៅជួយការងារឪពុកម្តាយ ឬ​ស្វែក​រក​ការងារដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ។

ឪពុកម្តាយ ឬអាណាព្យាបាលក៏ជាអ្នកដើរតួនាទីសំខាន់ផងដែរសម្រាប់ការណែនាំ ផ្តល់ដំបូន្មានទៅដល់​​កូនៗ ។ ប៉ុន្តែដោយ​សារកម្រិតយល់ដឹងរបស់ពួកគាត់នៅកម្រិត មិនបានគិតពិចារណាឲ្យបានវែងឆ្ងាយពីអនាគតរបស់ពួកគេ ហើយទៀតសោតពួកគាត់យល់ថាការរៀនសូត្រច្រើនមិនបានផ្តល់អ្វីដល់ពួកគាត់ច្រើនទេ ថែមទាំងចំណាយលុយជាច្រើនទៅវិញសម្រាប់ការសិក្សា។

វ័យសិក្សានៅអនុវិទ្យាល័យជាវ័យដែលពួកគេមិនទាន់មានការគិតស៊ីជម្រៅ ការពិចារណា ឬបទពិសោធន៍​ច្រើននៅក្នុងជីវិតនោះទេ គឺងាយស្រួលក្នុងការស្តាប់យោបល់ពីអ្នកជុំវិញខ្លួនឬការអូសទាញផ្សេងទៀត។ បូកផ្សំជាមួយនឹងបច្ចុប្បន្នមានទីផ្សារការងារមួយចំនួនដែលពួកគេអាចធ្វើការបានដោយពុំចាំបាច់មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រទី១២​អ្វីឡើយ ដូចជាការងារនៅក្នុងរោងចក្រ ឬកម្មករ សំណង់ជាដើម។

មធ្យោបាយធ្វើដំណើរទៅសាលារៀន ឬគ្មានសាលារៀនក៏ជាបញ្ហាមួយដែរសម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល គ្មានឱកាសទទួលយកចំណេះដឹង ការអប់រំដែលខ្លួនចង់ទទួលបាន។

គុណវិបត្តិនៃការបោះបង់ចោលការសិក្សារបស់ពួកគេនេះមានទាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងគឺចំណេះដឹង ការពិចារណារបស់ពួកគេនៅមានកម្រិតងាយស្រួលជឿជាក់អ្នកដទៃ និងបញ្ហាសុខភាព ព្រោះតែការធ្វើការហួសកម្លាំងទាំងដែលនៅវ័យក្មេងនៅឡើយ។

ការងារភាគច្រើនរបស់ពួកគេគឺដោយប្រើកម្លាំងបាយដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ តែការប្រើកម្លាំងបាយអាចធ្វើទៅបានតែអំឡុងពេលវ័យមាំមួនប៉ុណ្ណោះ នោះនាថ្ងៃអនាគតពួកគេអាចប្រឈមនឹងភាពអត់ការងារធ្វើ។ ជីវភាពគ្រួសាររបស់ពួកគេអាចនឹងមានគ្មានស្ថេរភាពតទៅទៀត។ កាលណាមនុស្សជួបការលំបាកច្រើន ខ្វាយខ្វល់ច្រើនអំពីជីវភាពរបស់ពួកគេ ការចូលរួមបញ្ចេញមតិ សកម្មភាពចូលរួមសង្គមនានា គឺនៅមានកម្រិតទាបដែលមិនអាចឲ្យសង្គមរីកចម្រើនលឿនបានទេ។

បើយោងទៅតាមទិន្នន័យរ​បស់ក្រសួង​អប់រំ យុវជន និងកីឡា ​ឆ្នាំ ២០១៧-២០១៨ អត្រា​សិស្ស​បោះបង់​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​មាន​ចំនួន ១៦,៦ ភាគរយ ស្រី​មាន ១៤,២ ភាគរយ ​នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​មាន ១៩,៧ ភាគរយ ស្រី​មាន ១៧ភាគរយ ៕