ស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា នឹងផ្ដល់ប្រាក់កម្ចីចំនួន ៣០លានអឺរ៉ូ ដើម្បីប្រសិទ្ធភាពថាមពល និងសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ នៅកម្ពុជា។
លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបាននិយាយក្នុងសេចក្តីថ្លែងការណ៏តាមរយៈ Twitter ថាបណ្ដាញអគ្គិសនីប្រសើរជាងមុន គឺល្អសម្រាប់ប្រជាជន ល្អសម្រាប់សេដ្ឋកិច្ច និងល្អសម្រាប់ភពផែនដីទាំងមូល។
«ការវិនិយោគរបស់អាល្លឺម៉ង់នេះគឺដើម្បីទទួលបានការប្រើប្រាស់ថាមពលអគ្គិសនីប្រសើរជាងមុន ការចំណាយលើថាមពលតិចជាងមុន ការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលគួរឱ្យទុកចិត្តជាងមុន និងការពារការចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន»។
ថវិការ ៣០លានអឺរ៉ូនេះ គឺជាកម្ចីដែលមានការប្រាក់តិច ហើយនឹងជួយធ្វើឱ្យមានការប្រសើរឡើង និងពង្រាយថាមពលអគ្គិសនីនៅតាមទីជនបទ និងរួមចំណែកដល់កម្ពុជាក្នុងការកាត់បន្ថយនូវការភាយចេញឧស្ម័នផ្ទះកញ្ចក់ក៏ដូចជាជួយកម្ពុជាបានអាចឈានគោលដៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅត្រឹមឆ្នាំ ២០៣០។ នេះយោងតាមស្ថានទូតអាល្លឺម៉ង់។
គួរបញ្ជាក់ដែរថា អាល្លឺម៉ង់បានផ្ដល់ប្រាក់កម្ចីកាត់បន្ថយការប្រាក់ ៣០លានអឺរ៉ូ ដល់កម្ពុជាម្ដងហើយកាលពីឆ្នាំ ២០១៨ នាំឲ្យទឹកប្រាក់នៃការវិនិយោគនេះកើនដល់ ៦០លានអឺរ៉ូ។ នេះយោងតាមស្ថានទូតអាល្លឺម៉ង់។
យោងតាមស្ថានទូតអាល្លឺម៉ង់ដដែល លទ្ធផលនៃការវិនិយោគនៅឆ្នាំ២០១៨ រួមមានការបញ្ចូនថាមពលសុទ្ធកើនឡើង ២០ភាគរយ ជាមួយនឹងបណ្តាញអគ្គិសនីប្រសើរជាងមុន និងបានជួយឲ្យ គ្រួសារចំនួន ១៥.០០០ ថែមទៀតមានអគ្គិសនីប្រើប្រាស់៕