ស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា​​ នឹង​​ផ្ដល់​​ប្រាក់កម្ចីចំនួន​ ៣០​លាន​​អឺរ៉ូ ដើម្បីប្រសិទ្ធភាពថាមពល និងសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ នៅកម្ពុជា។

លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​​កម្ពុជា​បាននិយាយក្នុងសេចក្តីថ្លែងការណ៏តាមរយៈ Twitter ថាបណ្ដាញ​អគ្គិសនី​ប្រសើរ​ជាង​មុន ​គឺ​ល្អ​សម្រាប់​ប្រជាជន ល្អ​សម្រាប់​សេដ្ឋកិច្ច និងល្អ​សម្រាប់​ភពផែនដី​ទាំង​មូល‍។

«ការ​វិនិយោគ​​របស់អាល្លឺម៉ង់​នេះ​គឺ​ដើម្បី​ទទួល​បាន​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រសើរ​ជាង​មុន ការ​ចំណាយ​លើ​ថាមពល​តិច​ជាង​មុន ការ​ផ្គ​ត់ផ្គង់​ថាមពល​អគ្គិសនី​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ជាង​មុន និង​ការពារ​ការ​ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង​មុន»។

ថវិការ ៣០លាន​អឺរ៉ូ​នេះ គឺជាកម្ចីដែលមានការប្រាក់តិច ​ហើយនឹង​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ប្រសើរ​ឡើង ​និង​ពង្រាយ​ថាមពល​អគ្គិសនី​នៅ​តាម​ទី​ជនបទ​ និង​រួម​ចំណែក​ដល់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​ភាយ​ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏​ដូច​ជាជួយកម្ពុជាបានអាចឈានគោលដៅ​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ត្រឹមឆ្នាំ ២០៣០។ នេះយោងតាមស្ថានទូតអាល្លឺម៉ង់។

គួរ​បញ្ជាក់​ដែរ​ថា អាល្លឺម៉ង់​បាន​ផ្ដល់​ប្រាក់កម្ចី​កាត់​បន្ថយ​ការ​ប្រាក់​ ៣០លានអឺរ៉ូ ដល់​កម្ពុជា​ម្ដង​ហើយកាល​ពី​ឆ្នាំ ២០១៨ នាំ​ឲ្យ​ទឹក​ប្រាក់​នៃ​ការ​វិនិយោគ​នេះ​កើន​ដល់ ៦០លាន​អឺរ៉ូ។ នេះយោងតាមស្ថានទូតអាល្លឺម៉ង់។

យោងតាមស្ថានទូតអាល្លឺម៉ង់ដដែល លទ្ធផល​នៃ​ការវិនិយោគ​នៅ​ឆ្នាំ២០១៨ រួម​មាន​ការ​បញ្ចូន​ថាមពល​សុទ្ធ​កើន​ឡើង​ ២០​ភាគរយ​ ជាមួយ​នឹង​បណ្តាញ​អគ្គិសនី​ប្រសើរ​ជាង​មុន និង​បាន​ជួយ​ឲ្យ គ្រួសារ​ចំនួន​ ១៥.០០០ ថែម​ទៀតមាន​អគ្គិសនី​ប្រើប្រាស់៕