អាជីវករមួយចំនួននៅរាជធានីភ្នំពេញ បានធ្វើត្អូញត្អែរអំពីការធ្លាក់ចុះនៃចំណូលរបស់ខ្លួនពី ការប្រកបរបរលក់ដូរចិញ្ចឹមជីវិត ដោយសារតែប៉ះពាល់ដោយការផ្ទុះឡើងជាសហគមន៏នូវមេរោគកូវីដ១៩។
អ្នកស្រី ខ្វាន់ចន្ទ័ តម្រាពៅ ដែលជាស្ត្រីមេម៉ាយរស់នៅជាមួយនឹងកូន៣នាក់ ហើយកំពុងប្រកបរបរលក់បន្លែចល័តនៅក្នុងផ្សារដើមគរ បានប្រាប់ Newsroom Cambodia ថា អ្នកស្រី និងអាជីវករដ៍ទៃទៀត មានការបារម្មណ៍យ៉ាងខ្លាំងចំពោះការរាតត្បាតនៃជម្ងឺនេះ ដែលជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់អាជីវកម្មរបស់ពួកគាត់។
អ្នកស្រីបាននិយាយថា៖ «ដល់កូវីដដងនេះវេទនាណាស់លោក អត់មានលុយចំណូល កូនរៀនអង្គការ អត់មានលុយឲ្យផ្ទះជួល»។
អ្នកផ្ទុកជំងឺកូវីដ ១៩ ដែលបានរកឃើញវិជ្ជមានបន្ទាប់ពីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៏សហគមន៏ ២៨ វិច្ឆិកា» មានចំនួន៤០នាក់ ខណៈដែលក្រសួងមហាផ្ទៃ សាលារៀនមួយចំនួន កន្លែងហាត់កីឡា និងផ្សារមួយចំនួន ត្រូវបានបិទបណ្តោះអាសន្ន ដើម្បីការពារការរីករាលដាលកាន់តែខ្លាំង។
អ្នកស្រីបានត្អូញត្អែរថាការលក់ដូរត្រូវបានធ្លាក់ចុះ ដែលបណ្តាលឲ្យមានការខ្វះខាតថវិកា ក្នុងការផ្គត់ផ្គង់ទៅដល់ជីវភាពគ្រួសាររបស់គាត់ផ្ទាល់ ហើយបានជំរុញឲ្យគាត់មានការព្រួយបារម្មណ៍ជាខ្លាំងចំពោះទីជម្រកជ្រោកកោន និងការសិក្សាកូនៗរបស់គាត់ផងដែរ ដែលរូបគាត់ផ្ទាល់ជាអ្នកទទួលបន្ទុកតែម្នាក់ឯង។
អ្នកស្រី ផៃ ធារី អាជីវករលក់ដូរបន្លែដូចគ្នានេះដែរ បានសម្តែងការភ័យខ្លាច និងមិនពេញចិត្តចំពោះការបង់ថ្លៃកន្លែងលក់ដូរ ពេញថ្លៃដោយមិនមានការអនុគ្រោះ ឬបញ្ចុះតម្លៃឡើយ ទោះបីជម្ងឺកូវីដ ១៩ បានរាតត្បាតនិងប៉ះពាល់ដល់អាជីវកម្មរបស់គាត់ក៍ដោយ។
អ្នកស្រីបានបន្តថា ចំណូលដែលបានមកស្តួចស្តើងនោះត្រូវបានបែងចែកទៅជួយជីវភាពគ្រួសារផង និងបង់ថ្លៃកន្លែងធ្វើអាជីវកម្មផង ដែលនាំឲ្យគាត់មានភាពលំបាកជាខ្លាំងមួយកម្រិតទៀត។
អ្នកស្រី សូរ សាអង ដែលជាអាជីវករលក់ដូរចំណីអាហារនៅក្បែររមណីយដ្ធានវត្តភ្នំ បានលើកឡើងអំពីការឡើងថ្លៃនៃតម្លៃទំនិញ ដែលបណ្តាលមកពីឈ្មួញកណ្តាលតម្លើងតម្លៃស្រេចតែការនឹកឃើញរបស់ពួកគេចង់បាន។
អ្នកស្រីបន្តទៀតថា នៅពេលដែលមានការកើនឡើងនូវចំនួននៃការឆ្លងទៅដល់មនុស្សក្នុងប្រទេស វាបានធ្វើឲ្យការលក់ដូរមានភាពស្ងាត់ជ្រងំ ទោះបីជាបានដាក់អាល់កុលសម្រាប់លាងដៃសម្លាប់មេរោគក៍ដោយ ក៍មិនមានអតិថិជនច្រើនកុះករដូចពីមុនឡើយ។
គាត់បានបន្ថែមថា៖ «វាទូទៅទាំងពិភពលោកទៅហើយ វាមិនមានតែប្រទេសខ្មែរទេ គ្រាន់តែបញ្ហាចំបង យើងខ្លាំងបំផុតគឺសេដ្ធកិច្ចតែម្តង ហើយអាជ្រួលច្របល់កូវីដអញ្ជឹងហើយ ឥវ៉ាន់វាឡើងថ្លៃដែរ ដូចថាឥវ៉ាន់ឈ្មួញកណ្តាលហ្នឹងវាមិនថេរ អាយើងពិបាកសេដ្ធកិច្ចហើយ ឥវ៉ាន់វាឡើងចុះតាមតែគេថាទៀត»៕