អាជីវករ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើ​​​ត្អូញ​ត្អែរ​អំពី​ការ​ធ្លាក់​ចុះ​នៃចំណូលរបស់ខ្លួនពី ​ការប្រកប​របរ​​លក់​ដូរ​ចិញ្ចឹម​ជីវិត​ ដោយសារតែ​ប៉ះ​ពាល់ដោយការផ្ទុះឡើងជាសហគមន៏នូវមេរោគ​កូវីដ​១៩​។

អ្នក​ស្រី​ ខ្វាន់​ចន្ទ័​ តម្រា​ពៅ​ ដែល​ជា​ស្ត្រី​មេម៉ាយ​រស់​នៅ​ជាមួយនឹង​កូន​៣​នាក់​ ហើយ​កំពុង​ប្រកប​របរ​លក់​បន្លែ​ចល័ត​នៅ​ក្នុង​ផ្សារ​ដើម​គរ​ បាន​ប្រាប់​ Newsroom Cambodia ថា ​​អ្នក​ស្រី​​ និង​អាជីវករ​ដ៍ទៃ​ទៀត​ មាន​ការបារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រាតត្បាត​នៃ​ជម្ងឺ​នេះ​ ដែល​ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​ជា​ច្រើន​ដល់​​អាជីវកម្ម​របស់​ពួក​គាត់​​។​

អ្នក​ស្រី​បាន​និយាយថា​៖ «ដល់​កូវីដ​ដង​នេះ​វេទនា​ណាស់​លោក​ អត់​មាន​លុយ​ចំណូល​ កូន​រៀន​អង្គការ​ អត់​មាន​លុយ​ឲ្យ​ផ្ទះ​ជួល​»​។

អ្នកផ្ទុកជំងឺកូវីដ ១៩ ដែលបានរកឃើញវិជ្ជមាន​​បន្ទាប់ពីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៏សហគមន៏ ២៨ វិច្ឆិកា» មានចំនួន៤០នាក់ ខណៈដែលក្រសួងមហាផ្ទៃ សាលារៀនមួយចំនួន កន្លែងហាត់កីឡា​ និងផ្សារមួយចំនួន ត្រូវបានបិទបណ្តោះអាសន្ន ដើម្បីការពារការរីករាលដាលកាន់តែខ្លាំង។

អ្នក​ស្រី​បាន​ត្អូញ​ត្អែរ​ថា​ការ​លក់​ដូរ​ត្រូវ​បាន​ធ្លាក់​ចុះ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ខ្វះ​ខាត​ថវិកា ​ក្នុង​ការ​ផ្គត់​ផ្គង់​ទៅ​ដល់​ជីវភាព​គ្រួសារ​របស់​គាត់​ផ្ទាល់​ ហើយបាន​ជំរុញ​ឲ្យ​គាត់​មាន​ការ​ព្រួយបារម្មណ៍​ជា​ខ្លាំង​ចំពោះ​​ទី​ជម្រក​ជ្រោក​កោន​ និង​ការ​សិក្សាកូន​ៗ​របស់​​គាត់​ផង​ដែរ​ ដែល​រូប​គាត់​ផ្ទាល់​ជា​អ្នក​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​។​

អ្នក​ស្រី​ ផៃ​ ធារី​ អាជីវករ​លក់​ដូរ​បន្លែ​ដូច​គ្នា​នេះ​ដែរ ​បាន​សម្តែង​ការ​ភ័យ​ខ្លាច​ និង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង់​ថ្លៃកន្លែង​លក់​ដូរ​ ពេញ​ថ្លៃ​ដោយ​មិន​មាន​ការ​អនុគ្រោះ ​​ឬ​បញ្ចុះ​តម្លៃ​ឡើយ ទោះ​បី​ជម្ងឺ​កូវីដ​ ១៩ បាន​រាត​ត្បាតនិង​​ប៉ះ​ពាល់​ដល់​អាជីវកម្ម​របស់​គាត់​ក៍​ដោយ​។

អ្នក​ស្រី​បាន​បន្ត​ថា​ ចំណូល​ដែល​បាន​មក​ស្តួច​ស្តើង​នោះ​ត្រូវ​បាន​បែង​ចែក​ទៅ​ជួយ​ជីវភាព​​គ្រួសារផង ​និង​បង់​ថ្លៃ​កន្លែង​ធ្វើ​អាជីវកម្ម​ផង​ ដែល​នាំ​ឲ្យ​គាត់​មាន​ភាព​លំបាក​ជា​ខ្លាំង​មួយ​កម្រិត​ទៀត​។​​

អ្នកស្រី សូរ​ សា​អង​ ដែល​ជា​អាជីវករ​លក់​ដូរ​ចំណី​​អាហារ​​នៅ​ក្បែរ​រមណីយដ្ធាន​វត្ត​ភ្នំ​ បាន​លើក​ឡើង​អំពី​ការ​​ឡើង​ថ្លៃ​នៃ​តម្លៃ​ទំនិញ ​ដែល​បណ្តាល​មក​ពី​ឈ្មួញកណ្តាល​តម្លើង​តម្លៃ​ស្រេច​តែ​ការ​នឹក​ឃើញ​របស់​ពួក​គេ​ចង់​បាន​។​

អ្នក​ស្រី​បន្ត​ទៀត​​ថា ​នៅ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ចំនួន​នៃ​ការ​ឆ្លងទៅ​ដល់​មនុស្ស​ក្នុង​ប្រទេស​​ វាបានធ្វើ​ឲ្យការ​លក់​ដូរ​មាន​ភាព​ស្ងាត់​ជ្រងំ​ ទោះ​បី​ជា​​បាន​ដាក់​អាល់​កុល​សម្រាប់​​លាងដៃ​​​សម្លាប់​មេរោគ​​ក៍​ដោយ​ ក៍​មិន​មាន​អតិថិជន​ច្រើន​កុះ​ករ​ដូច​ពី​មុន​ឡើយ​។​

គាត់​បាន​បន្ថែម​ថា​៖ «វា​ទូទៅ​ទាំង​ពិភព​លោក​ទៅ​ហើយ​ វា​មិន​មាន​តែ​ប្រទេស​ខ្មែរ​ទេ​ គ្រាន់​តែបញ្ហា​ចំបង​ យើង​ខ្លាំង​បំផុត​គឺ​សេដ្ធកិច្ច​តែ​ម្តង ហើយ​អា​ជ្រួល​ច្របល់​កូវីដ​អញ្ជឹង​ហើយ ​ឥវ៉ាន់​វា​ឡើង​ថ្លៃ​ដែរ​ ដូច​ថា​ឥវ៉ាន់​ឈ្មួញ​កណ្តាល​ហ្នឹង​វា​មិន​ថេរ​ អា​យើង​ពិបាក​​សេដ្ធកិច្ច​ហើយ ​ឥវ៉ាន់​វា​ឡើង​ចុះ​តាម​តែ​គេ​ថា​ទៀត​​​»​៕