ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃឲ្យចូលបម្រើការងារជាធម្មតាវិញ ក្រោយពេលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងទទួលបានលទ្ធផលអវិជ្ជមានពីបានធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ លើកទី៣រួចរាល់។
យោងតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ លេខ០០២ បបជ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។
យោងតាមការផ្សាយលើទំព័រ Facebook ផ្លូវការរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» បានបញ្ចប់ការធ្វើចត្តាឡីស័ក និងតេស្តអវិជ្ជមាននៃវីរុសកូវីដ១៩លើកទី៣នេះរួចរាល់ និងអាចអនុញ្ញាតឲ្យចេញ-ចូលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃវិញបានជាធម្មតា។
ដោយឡែកក្រសួងបានបញ្ជាក់ថា ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី២រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះផងដែរ អគ្គនាយកប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តវិធានការការពារជំងឺកូវី១៩ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល៕