ក្រសួង​មហា​ផ្ទៃ​​នៅ​ថ្ងៃ​អង្គារនេះ​ បាន​​ជូន​ដំណឹង​ដល់​​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​​ដែល​បម្រើ​ការងារ​​នៅ​ទីស្តី​ការ​​ក្រសួង​​មហា​ផ្ទៃ​​ឲ្យ​​ចូល​​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ ក្រោយ​ពេល​បាន​បញ្ចប់​ការ​ធ្វើ​ចត្តា​ឡីស័ក​ និងទទួល​បានលទ្ធ​​ផលអ​វិជ្ជមាន​ពី​​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​​​ជំងឺ​កូវីដ​​១៩ លើក​ទី​៣​រួច​រាល់​​​។

​​យោង​តាម​បទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ​ លេខ​​០០២​ បបជ​ ចុះ​ថ្ងៃ​ទី​​៧​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ផ្អាក​ការ​ចូល​មក​បំពេញ​ការងារ​ជា​បណ្តោះ​អាសន្ន​ ចំពោះ​មន្ត្រី​រាជ​ការ​ដែល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទី​ស្តី​ការ​ក្រសួង​មហា​ផ្ទៃ​។​

​យោង​តាម​​ការ​ផ្សាយ​លើ​​ទំព័រ ​Facebook ផ្លូវ​ការ​​របស់​ក្រសួង​​មហា​ផ្ទៃ​​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​ មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រី​នគរបាល​ជាតិ​ និង​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​ ដែល​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​​ និង​ដោយ​ប្រយោល​ក្នុង ​«​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា»​ បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​​ និង​តេស្ត​អវិជ្ជមាន​នៃ​វីរុស​កូវីដ​១៩លើក​ទី​៣​នេះ​រួចរាល់​ និង​អាច​អនុញ្ញាត​​ឲ្យ​ចេញ​-ចូល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​វិញ​បាន​ជា​ធម្មតា​។

ដោយ​ឡែក​ក្រសួង​បាន​បញ្ជាក់​ថា​ ចំពោះ​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជ​ការ​ស៊ីវិល​ មន្ត្រី​នគរបាល​ជាតិ​ និង​មន្ត្រី​ពន្ធនាគារ​ ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​វីរុស​កូវីដ១៩​ លើកទី២​រួចរាល់​ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ហ្មត់ចត់​បំផុត​ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ជាមួយ​គ្នា​នោះ​ផង​ដែរ​ អគ្គនាយក​​ប្រធាន​អង្គ​ភាព​ចំណុះ​ក្រសួងមហាផ្ទៃ​ទាំង​អស់​ ត្រូវ​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវី១៩​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ហ្មត់​ចត់​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ជា​ពិសេសការ​ពាក់ម៉ាស់​ ការ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​៕