រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានសម្រេចអនុញ្ញាតឲ្យពលករខុសច្បាប់ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសខ្លួន ចំនួន១៥ប្រទេស រួមមានកម្ពុជាផងដែរ អាចត្រឡប់ទៅប្រទេសខ្លួនវិញ។

ប្រទេស​ម៉ាឡេស៊ីនឹង​មានការ​អនុវត្តច្បាប់តឹង​រ៉ឹងចំពោះ​ពលករបរទេសខុសច្បាប់បន្ទាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២១។ នេះបើ​យោងតាមសេចក្តីជូនដំណឹងផ្លូវការដោយស្ថានទូតកម្ពុជាប្រចាំ​ប្រទេស​ម៉ាឡេស៊ី។

សេចក្តីជូនដំណឹងរបស់​ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានបន្ថែមទៀតថា ដើម្បីអាច​ត្រឡប់​​​​មក​ប្រទេស​កំណើតវិញ ពលករខុសច្បាប់ត្រូវ​ណាត់​ជួប​ជាមួយ​អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍ម៉ាឡេស៊ី​តាម​រយៈប្រព័ន្ធអនឡាញ System Temujanji Online (STO)។

សេចក្ដីជូនដំណឹងដដែលបានបន្ថែមថា ពលករ ពលការនី ក៏ត្រូវមានឯកសារស្របច្បាប់មួយចំនួនបន្ថែមទៀតទើបអាចត្រឡប់មកប្រទេសខ្លួនបាន។

សេចក្តីជូនដំណឹងមានខ្លឹមសារដើមថា៖ «មានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរបណ្ដោះអាសន្នព្រមទាំង​សំបុត្រយន្តហោះដែលមានសុពលភាពរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃធ្វើការណាត់ជួបនៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍»។

លើសពីនេះទៀត ការផាក​​​ពិន័យជាទឹកប្រាក់គឺត្រូវធ្វើតាមរយៈប្រព័ន្ធអនឡាញផងដែរ ចំនួន ៥០០ រីងហ្គីត តាមប្រព័ន្ធធនាគារ Online ឬ Debit/Visa Card។

លោក ស្លៃម៉ាន វ៉ាន់ក្រី ភេទ ប្រុស អាយុ​២៩ឆ្នាំ​​ ជាពលករខុសច្បាប់ដែលធ្វើការនៅប្រទេសម៉ាឡេស៊ីតាំងពី​ឆ្នាំ២០១៧ បានប្រាប់ Newsroom Cambodia ថា​ លោក និងកូនខ្មែរដទៃទៀតចង់ត្រឡប់មកប្រទេសខ្មែរវិញ ​គឺ​រង់ចាំតែការបើកផ្លូវឲ្យត្រឡប់មកប៉ុណ្ណោះ។ ប៉ុន្តែលោកថា តែមានភាពលំបាកខ្លះៗចំពោះការប្រើប្រាស់ភាសា។

លោកលើកឡើងដូច្នេះថា៖ «ចាប់អារម្មណ៍ថាកូនខ្មែរចង់ទៅផ្ទះដែរ តែដោយយ៉ាប់ថាទាក់ទង ខ្លះមកគេអត់ ចេះ​​​ភាសាម៉ាឡេទៅ គេត្រូវទាក់ទងមេប៉ូលីសមេអីហ្នឹង យ៉ាប់អីចឹង។ រាល់ថ្ងៃនេះនៅប្រទេសម៉ាឡេ កូនខ្មែរបន់​ឲ្យតែគេបើកផ្លូវទៅខ្មែរហ្នឹងហើយ»។

លោក ហ្សាការីយ៉ា អាយុ ២៨ឆ្នាំ​ ជាពលករដែល​ធ្វើការនៅប្រទេសម៉ាឡេស៊ី​តាំងពីឆ្នាំ២០០៧​ ក៏មិនខុស​ពី​លោក ស្លៃម៉ាន វ៉ាន់ក្រី ដែរ លោកប្រាប់ថាចង់ត្រឡប់មកកម្ពុជាវិញ ​​​​ប៉ុន្តែនៅកម្ពុជាទទួលបានប្រាក់ខែ​តិច ហើយមិនសូវសម្បូរការងារធ្វើ។

លោកលើកឡើងថា៖ «សម្រាប់ខ្ញុំចង់ត្រឡប់ទៅមាតុភូមិកំណើតវិញ តែបញ្ហាមួយដែលឲ្យពិបាកការងារ​ប្រទេស​​​កម្ពុជាមិនសូវមាន ណាមួយប្រាក់តិច»។

លោក ឌី ថេហូយ៉ា ជាមន្ត្រីផ្នែកកម្មវិធីទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់បាននិយាយថា រាជរដ្ឋាភិបាលគួរតែមានការសម្របសម្រួលដល់ពលករខុសច្បាប់ដូចជាថ្លៃសំបុត្រយន្តហោះ ការចំណាយផងដែរនៅពេលប្រជាពលរដ្ឋជួបបញ្ហា។

លោក ឌី ថេហូយ៉ា បានបន្តថា រាជរដ្ឋាភិបាលក៏គួរមានការចរចារណាមួយជាមួយប្រទេសម៉ាឡេស៊ី​ បើសិនជាពួកគាត់​​​​​មិនអាចត្រឡប់មកប្រទេសកម្ពុជាវិញដោយមានឧបសគ្គណាមួយ  មុនពេលដែលម៉ាឡេស៊ី​រឹតបន្តឹង​​​​ច្បាប់​​ចំពោះពលករខុសច្បាប់ ។

លោកបានលើកឡើងដូច្នេះថា៖ «បើសិនជាមានការសម្របសម្រួលក្រោមគោលនយោបាយរដ្ឋាភិបាលដោយការ​ផ្តល់ មាន​​ន័យ​សម្រួលឲ្យគាត់ត្រឡប់មកវិញដោយទិញសំបុត្រយន្តហោះ ការចំណាយចាយវាយផ្សេងៗ​វា​ជា​ការល្អ»។

«ប្រសិនបើគាត់មិនទាន់បានត្រឡប់មកវិញទេ គាត់មានឧបសគ្គអ្វីផ្សេងៗអីជាដើមចឹង ហើយគាត់នៅ​ផុតកំណត់នៃការដាក់កំហិតតនៃប្រទេសម៉ាឡេស៊ី    ប្រទេសកម្ពុជា​គួរតែមាន​ការចរចារផ្នែកណាមួយ​ដើម្បីឲ្យ​មានការសម្របសម្រួលកុំឲ្យគាត់ត្រូវបានគេចោទប្រកាន់ overstayed ( ស្នាក់នៅហួសកំណត់) អីជាដើម ហើយ​គាត់នឹងប្រឈមផ្លូវច្បាប់»។

លោកបន្តថា មូលហេតុដែលពលករចំណាកស្រុកទាំងខុសច្បាប់គឺដោយជឿការផ្សព្វផ្សាយរបស់ភ្នាក់ងារ ឬ​មេ​ខ្យល់ដោយពុំបានដឹងព័ត៌មានច្បាស់លាស់។ ម៉្យាងទៀតគឺជីវភាពខ្វះខាត ពលករត្រូវចំណាយច្រើនដើម្បី​បាន​​ទៅស្រុកគេ ហើយត្រូវចំណាយពេលក៏យូរថែមទៀត។  

លោកលើកឡើងថា៖ «ទីមួយកត្តាអូសទាញ សំដៅទៅលើប្រព័ន្ធនៃការផ្សព្វផ្សាយ​របស់ភ្នាក់ងារ​ជ្រើសរើស​ឬមួយគេហៅមេខ្យល់ហ្នឹង គាត់មានឥទ្ធិពលទៅលើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហើយគាត់ជ្រើសរើស គាត់​​អត់បានព័ត៌មានត្រឹមត្រូវច្បាស់លាស់ល្អ គាត់ចេះតែជឿតាមគេ»។

«ទីពីរ ពាក់ព័ន្ធកត្តាជីវភាពដែលយើងមើលដំណើរការនៃការជ្រើសរើសស្រុកគេត្រូវចំណាយច្រើន  ហើយការចំណាយច្រើនក៏គាត់ត្រូវចាំយូរ»។

លោកបានអះអាងថា កត្តាមួយទៀតគឺពាក់ព័ន្ធនឹងរឿងនីតិវិធីនៃការរៀបចំជ្រើសរើសពលករទៅស្រុកគេហ្នឹង វាអត់បានជាក់លាក់ក្នុងគោលនយោបាយរបស់រដ្ឋ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ពលករកម្ពុជាស្របច្បាប់​ដែលចុះឈ្មោះ​ជាមួយ​នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី មានចំនួនជិត៤០០០នាក់។ ពលករខុសច្បាប់គេរំពឹងថាមានច្រើនជាង ៣០០០០នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។​ នេះបើយោងទៅតាមស្ថានទូត​​កម្ពុជា​ប្រចាំ​ប្រទេសម៉ាឡេស៊ី៕