ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ ​បានប្រកាសថា មិនមានករណីឆ្លងជំងឺ​កូវីដ​១៩​ និង​មានអ្នកជាសះស្បើយ​​ចំនួន​៧​នាក់ សម្រាប់​លទ្ធផល​ធ្វើ​តេស្ត និង​ព្យាបាលជំងឺ​កូវីដ​១៩​ ក្នុង​​​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​​​។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ព្រឹកថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២០​នេះ​​បញ្ជាក់​ថា អ្នក​ជា​សះស្បើ​យចំនួន៥​នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍​២៨វិចិ្ឆកា   ក្នុងនោះ​ក៏មាន​សមាជិក​គ្រួសារ​អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ និង​អ្នក​ជា​សះស្បើយ​ចំនួន​២នាក់ទៀត​មិនពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​​២៨វិច្ឆិកា ហើយ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។  

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ អ្នកមានវីរុសកូវីដសរុប៣៦២នាក់ ជាសះស្បើយ៣១៩នាក់ និងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២៦នាក់ មណ្ឌលសុខភាពចាក់អង្រែ ១០នាក់ និងនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និង​ហង់​សិ​ន​ចំនួន៧នាក់៕