ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា មនុស្ស៥នាក់នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» បានជាសះស្បើយពីកូវីដ១៩ ខណៈដែលគ្មានករណីវិជ្ជមានថ្មីនោះទេ។
អ្នកទាំង៥នាក់នោះត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ក្រោយពីទទួលធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបន្តថា អ្នកជាសះស្បើយពីកូវីដ១៩ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» នោះគឺមានស្ត្រីជនជាតិខ្មែរ អាយុ៦៤ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញត្រូវជាម្តាយរបស់ភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
ក្នុងនោះក៏មានស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ និងទារក អាយុ០៧ខែ អាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាប្អូនស្រីរបស់អ្នកបើកបរឱ្យលោកអគ្គនាយកពន្ធនាគារ។
ដោយរួមមាន បុរសជនជាតិខ្មែរពីររូបទៀត អាយុ២៣ឆ្នាំដូចគ្នា ដោយម្នាក់មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន ហើយម្នាក់ទៀតមានអាសយដ្ឋានស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ៕