គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រសួងអប់រំ យុវជន និងកីឡា គប្បីយកលទ្ធផលនៃការប្រលងឆមាសទី១ និងឆមាសទី២ យកមកគិតជានិទ្ទេសវិញ សម្រាប់លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០។
គបម បានសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «ក្រសួងអប់រំ យុវជន និងកីឡា គប្បីយកលទ្ធផលនៃការប្រលងឆមាសទី១ និងឆមាសទី២ យកមកគិតជានិទ្ទេសវិញដែលជាករណីពិសេសបំផុត ការធ្វើបែបនេះ គឺជាការជំរុញ និងលើកទឹកចិត្តទៅដល់សិស្សក្នុងការខិតខំរៀនសូត្រ និងធានាគុណភាពងអប់រំដែលក្រសួងបានព្យាយាមកែទម្រង់កន្លងមក»។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ថា បានសម្រេចឲ្យបេក្ខជនដែលបានចុះឈ្មោះទាំងអស់ជាប់ស្ថាពរ ដោយគ្មានការកំណត់និទ្ទេស ក្រោយពីមានសំណើពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកដាលនៃជំងឺកូវីដ១៩។
អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះតាមរយ:ប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ក្រសួងគ្រាន់តែគោរពតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ដើម្បីបន្តចូលរួមគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃកូវីដ១៩តែប៉ុណ្ណោះ។
លោកបាននិយាយថា៖ «ក្រសួងអប់រំនឹងចេញសេចក្ដីជូនដំណឹងជាផ្លូវការដើម្បីបញ្ជាក់លម្អិត និងបង្ហាញពីទិដ្ឋភាពពាក់ព័ន្ធផ្សេងជូនសិស្សានុសិស្ស អាណាព្យាបាល និងមហាជនឱ្យបានច្បាស់នៅពេលក្រោយបន្ទាប់»៕