ពលករបរទេសខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីនឹងប្រឈមមុខនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនត្រឡប់ទៅ ប្រទេសកំណើតខ្លួនវិញ មុនពេលម៉ាឡេស៊ីបញ្ចប់កម្មវិធីផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់ហើយដែលកម្មវិធីនេះបានចាប់ផ្តើមហើយ គឺពីថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
លោកស្រី សោម ស៊ីវណ្ណ ទីប្រឹក្សាការងារនៅស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានប្រាប់ Newsroom Cambodia តាមអ៊ីម៉ែលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ថា ក្នុងករណីដែលពលករបរទេសខុសច្បាប់មិនត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពួកគេអាចប្រឈមនឹងផ្លូវច្បាប់ដូចជាការឃុំខ្លួន ការស៊ើបអង្កេត ការនិរទេស ជាប់ពន្ធនាគារ ផាកពិន័យ ឬការវាយនឹងរំពាត់ជាដើម។
លោកស្រី សោម ស៊ីវណ្ណបានសរសេរដូច្នេះថា៖ «នេះជាការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ីដល់ពលករខុសច្បាប់នេះឲ្យវិលត្រឡប់ក្នុងន័យល្អប្រសើរ។ ក្រោយពេលដែលកម្មវិធីនេះបញ្ចប់ ពលករខុសច្បាប់ដែលបដិសេធចូលកម្មវិធីនេះ នឹងប្រឈមមុខនឹងច្បាប់ (ដូចជា ការឃុំខ្លួន ការស៊ើបអង្កេត ការកាត់ទោស ការនិរទេស) ហើយអាចជាប់ពន្ធនាគារ ទទួលការផាកពិន័យ ឬការវាយនឹងរំពាត់ នៅពេលរកឃើញមានទោស»។
គួរំឮកថា រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានសម្រេចអនុញ្ញាតឲ្យពលករខុសច្បាប់ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសខ្លួន ចំនួន១៥ប្រទេស រួមមានកម្ពុជាផងដែរ អាចត្រឡប់ទៅប្រទេសខ្លួនវិញ។
លោកស្រី សោម ស៊ីវណ្ណ បាននិយាយថា មិនទាន់មានការស្នើសុំជំនួយណាមួយនៅឡើយទេពីជនជាតិកម្ពុជាពីព្រោះតាមរយៈការធ្វើមាតុភូមិនិវត្តន៍ ពួកអាចទៅការិយាល័យអន្តោប្រវេសន៍ដោយខ្លួនឯងបាន ហើយមានតែអ្នកខ្លះស្នើសុំព័ត៌មានបន្ថែមអំពីនីតិវិធី។
ពលករកម្ពុជាស្របច្បាប់នៅប្រទេសម៉ាឡេស៊ីបានចុះឈ្មោះជាមួយនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីហើយមានប្រមាណជា ៤០០០នាក់ គិតត្រឹមខែកញ្ញាឆ្នាំ ២០១៩។ នេះយោងតាមលោកស្រី សោម ស៊ីវណ្ណ។
លោកស្រី សោម ស៊ីវណ្ណ បាននិយាយថា មិនមានទិន្នន័យទេពីពលករខុសច្បាប់ ក៏ប៉ុន្តែប្រភពផ្សេងទៀតបង្ហាញថា ពលករគ្មានឯកសារត្រូវបានគេរំពឹងថានឹងមានច្រើនជាង៣០,០០០ នាក់នៅក្នុងប្រទេសម៉ាឡេស៊ី៕