ក្រសួងការបរទេសសហរដ្ឋអាមេរិកសហការជាមួយមជ្ឈមណ្ឌលស្ទីមសុន (Stimson) កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ បានដាក់ឱ្យដំណើរការឧបករណ៍ថ្មីមួយដែលមានឈ្មោះថា Mekong Dam Monitor ដើម្បីផ្តល់ព័ត៌មានអំពីប្រតិបត្តិការរបស់ទំនប់ និងកម្រិតទឹកនៅទូទាំងប្រទេសចំនួន៦នៃអាងទន្លេមេគង្គ ដែលមានប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។
យោងតាមមជ្ឈមណ្ឌលស្ទីមសុន (Stimson) ឧបករណ៍ឃ្លាំមើលទំនប់ទន្លេមេគង្គ (Mekong Dam Monitor) គឺជាធនធានសាធារណៈដែលប្រើប្រាស់ការចាប់រំញោចពីចម្ងាយ និងរូបភាពផ្កាយរណបដើម្បីផ្ដល់ការរាយការណ៍ និងទាញយកទិន្នន័យ តាមសូចនាករដែលមិនត្រូវបានរាយការណ៍ពីមុននៅក្នុងអាងទន្លេមេគង្គ។
ទិន្នន័យនោះ ក៏ផ្តល់ព័ត៌មានអំពីកម្រិតទឹកធម្មជាតិនៃទន្លេមេគង្គ ដែលគេរំពឹងទុកប្រសិនបើទំនប់គ្មានប្រតិបត្តិការ ក៏ដូចជាព័ត៌មានស្តីពីការសាងសង់ ទំនប់វារីអគ្គិសនីនាពេលថ្មីនេះ។
ឧបករណ៍នោះក៏អាចផ្ដល់ជាសញ្ញាព្រមានដំបូងដែលមានសារៈសំខាន់សម្រាប់ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលអាចកើតមានឡើងក្នុងអាងទន្លេមេគង្គ។
ក្នុងព្រឹត្តិការណ៍ប្រជុំមួយដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ អ្នកជំនាញជាច្រើនបានលើកឡើងពីសារៈសំខាន់នៃទិន្នន័យ និងអត្ថន័យរបស់វាសម្រាប់តំបន់។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍មជ្ឈមណ្ឌល Stimson និងជាអ្នកដឹកនាំគម្រោងបាននិយាយថា៖ «ឧបករណ៍ត្រួតពិនិត្យទំនប់ទន្លេមេគង្គ នេះនឹងធ្វើការទម្លាយបង្ហាញអំពីការប្រតិប័ត្រការទំនប់ និងកម្រិតទឹកនៅតាមដងទន្លេមេគង្គដែលជាអ្វីដែលយើងមិនធ្លាប់អាចធ្វើបានពីមុន។ជាមួយនឹងការបង្កើតថ្មី ដូចជា “ រង្វាស់និម្មិត” និងដោយការទាញទិន្នន័យផ្សេងៗទៅកន្លែងតែមួយ យើងកំពុងផ្តល់អំណាចដល់អ្នកពាក់ព័ន្ធជាច្រើននៅទូទាំងតំបន់។ ជាមួយនឹងតម្លាភាពនេះយើងសង្ឃឹមថានឹងមានការរីកចម្រើននៃការទទួលខុសត្រូវ»។
ប្រទេសកម្ពុជាត្រូវបានតំណាងនៅក្នុងកិច្ចប្រជុំដោយ លោក ពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព។ លោកបានលើកឡើងអំពីសារៈសំខាន់នៃទន្លេមេគង្គមកលើប្រទេសកម្ពុជា និងផលប៉ះពាល់នៃគ្រោះរាំងស្ងួត។
លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា៖ «នៅកម្ពុជាប្រជាជនរាប់សែននាក់ពឹងទៅលើទន្លេមេគង្គ។ ឆ្នាំនេះគឺជាឆ្នាំមួយដែលពិបាកគ្រប់គ្រងដោយសារតែមានគ្រោះរាំងស្ងួត។ កម្រិតទឹកទន្លេបានធ្លាក់ចុះខ្លាំងពីរឆ្នាំជាប់គ្នាដែលធ្វើឲ្យការនេសាទត្រីបានធ្លាក់ចុះជាង ៧០ភាគរយ ហើយការនាំចេញត្រីធ្លាក់ចុះ៨៤ភាគរយ។ ប្រការនេះកំពុងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជា ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត។ យើងរីករាយដែលទិន្នន័យនេះឥឡូវបានបើកចំហហើយអ្វីៗកាន់តែមានតម្លាភាព»។
យោងទៅតាមមជ្ឈមណ្ឌលស្ទីមសុន (Stimson) ទិន្នន័យនេះត្រូវបានបើកឲ្យប្រើប្រាស់ និងទាញយកជាសាធារណៈនៅលើគេហទំព័រ ទិន្នន័យទឹកទន្លេមេគង្គ (Mekong Data Initiative)៕