ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​សហការ​ជាមួយ​​​មជ្ឈ​មណ្ឌល​​​ស្ទីមសុន (Stimson) កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​​ធ្នូ ឆ្នាំ២០២០ បាន​ដាក់​ឱ្យ​ដំណើរ​ការ​​​​ឧបករណ៍​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Mekong Dam ​​​​​​Monitor ដើម្បី​​ផ្តល់​ព័ត៌មាន​អំពី​ប្រតិបត្តិការ​របស់​ទំនប់​ និងកម្រិត​ទឹក​នៅ​ទូទាំង​ប្រទេស​ចំនួន​​៦​នៃ​អាង​ទន្លេមេគង្គ ដែល​មានប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។

យោង​​តាម​មជ្ឈមណ្ឌលស្ទី​មសុន (Stimson) ឧបករណ៍​ឃ្លាំ​មើល​ទំ​នប់​ទន្លេមេគង្គ (Mekong Dam Monitor) គឺ​ជា​ធនធាន​សាធារណៈ​ដែល​ប្រើប្រាស់​ការ​ចាប់​រំញោច​ពី​ចម្ងាយ ​និង​រូបភាព​ផ្កាយរណប​ដើម្បី​ផ្ដល់​ការរាយការណ៍ ​និង​ទាញ​យក​ទិន្នន័យ តាម​សូចនាករ​ដែល​មិន​ត្រូ​វ​បានរាយការណ៍​ពី​មុន​នៅ​ក្នុង​អាង​ទន្លេមេគង្គ​។

ទិន្នន័យ​នោះ​ ក៏​ផ្តល់​ព័ត៌មាន​អំពី​កម្រិត​ទឹក​ធម្មជាតិ​នៃ​ទន្លេមេគង្គ​ ដែល​គេ​រំពឹង​ទុក​ប្រសិន​បើ​ទំនប់​គ្មាន​ប្រតិបត្តិការ ក៏​ដូច​ជា​ព័ត៌មាន​ស្តី​ពី​ការ​សាងសង់​ ទំនប់​វារី​អគ្គិសនី​នា​ពេល​ថ្មី​នេះ។

ឧបករណ៍​នោះ​ក៏​អាច​ផ្ដល់​ជា​សញ្ញា​ព្រមាន​ដំបូង​ដែល​មាន​សារៈសំខាន់សម្រាប់​ទឹកជំនន់ ​និងគ្រោះរាំងស្ងួត ដែល​អាច​កើត​មាន​ឡើង​ក្នុ​ងអាងទន្លេមេគង្គ។

ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​មួយ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធអនឡាញ អ្នកជំនាញ​ជា​ច្រើន​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ទិន្នន័យ និង​អត្ថន័យ​របស់​វា​​សម្រាប់​តំបន់។

លោក Brian Eyler នាយកកម្មវិធី​អាស៊ីអាគ្នេយ៍​មជ្ឈមណ្ឌល Stimson និង​ជា​អ្នក​ដឹកនាំ​គម្រោង​បាន​និយាយ​ថា៖ «​​ឧបករណ៍​ត្រួតពិនិត្យ​ទំនប់​ទន្លេមេគង្គ នេះ​នឹង​ធ្វើ​ការទម្លាយ​បង្ហាញ​អំពី​ការ​ប្រតិប័ត្រការ​ទំនប់ និង​កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​ដែល​ជា​អ្វី​ដែល​យើង​មិន​ធ្លា​ប់អាច​ធ្វើ​បាន​ពី​មុន។ជាមួយ​នឹង​ការ​បង្កើត​ថ្មី ​ដូច​ជា “ រង្វាស់និម្មិត” និង​ដោយ​ការ​ទាញទិន្នន័យ​ផ្សេងៗ​ទៅ​កន្លែង​តែ​មួយ​ យើង​កំពុង​ផ្តល់​អំណាច​ដល់​អ្នកពាក់ព័ន្ធ​ជា​ច្រើន​នៅ​ទូទាំង​តំបន់​។ ជាមួយ​នឹង​តម្លាភាព​នេះ​យើង​សង្ឃឹម​ថា​នឹង​មាន​ការ​រីកចម្រើន​នៃ​ការ​ទទួល​ខុស​ត្រូវ​»។

ប្រទេស​កម្ពុជា​ត្រូវ​បាន​តំណាង​នៅ​ក្នុង​កិច្ចប្រជុំ​ដោយ លោក ពូ សុធីរៈ​ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ ​និងសន្តិភាព។ លោក​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ទន្លេមេគង្គ​មក​លើ​ប្រទេស​កម្ពុជា ​និង​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត។

លោកបានមានប្រសាសន៍ក្នុង​កិច្ចប្រជុំថា៖​ «​នៅ​កម្ពុជា​ប្រជាជន​រាប់​សែន​នាក់​ពឹង​ទៅ​លើ​ទន្លេ​មេគង្គ។ ឆ្នាំ​​នេះ​គឺ​ជា​ឆ្នាំ​មួយ​ដែល​ពិបាក​គ្រប់គ្រង​ដោយសារ​តែ​មាន​គ្រោះ​រាំង​ស្ងួត។ កម្រិត​ទឹក​ទន្លេ​បាន​ធ្លាក់​ចុះ​ខ្លាំង​ពីរ​ឆ្នាំ​ជាប់​គ្នា​ដែល​ធ្វើឲ្យ​ការនេសាទ​ត្រី​បាន​ធ្លាក់​ចុះ​ជាង​ ៧០ភាគរយ ហើយ​ការ​នាំចេញ​ត្រី​ធ្លា​ក់ចុះ៨៤ភាគរយ។ ប្រការ​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាជន​​កម្ពុជា​ ជា​ពិសេស​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​។ យើង​រីករាយ​ដែល​ទិន្នន័យ​នេះ​ឥឡូវបាន​បើកចំហ​ហើយ​អ្វីៗ​កាន់​តែ​មាន​តម្លាភាព»។

យោង​ទៅ​តាម​មជ្ឈមណ្ឌលស្ទី​មសុន (Stimson) ទិន្នន័យនេះ​ត្រូវបាន​បើកឲ្យប្រើប្រាស់ និង​ទាញ​យកជាសាធារណៈនៅលើគេហទំព័រ ទិន្នន័យទឹកទន្លេមេគង្គ (Mekong Data Initiative)៕