រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង រួមជាមួយនឹងខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចបើកដំណើរការច្រកព្រំដែនវិញ បន្ទាប់ពីបានបិទមួយរយៈដោយសារជំងឺកូវីដ១៩ ដោយការសម្រេចនោះបានធ្វើឡើង ក្នុងកិច្ចប្រជុំរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី១៧ ខែធ្នូ ២០២០។
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះបញ្ជាក់ថា ការបើកដំណើរការច្រកព្រំដែន គឺក្នុងគោលបំណងចង់ជំរុញឲ្យមានដំណើរការសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ នៅតាមច្រកទ្វារព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ និងផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយច្បាប់ស្ដីពីការគ្រប់គ្រងស្ថានការក្នុងគ្រាអាសន្ននៅក្នុងប្រទេសថៃ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការចូលទៅធ្វើការ និងប្រកបអាជីវកម្មបានវិញ។
ទំព័រហ្វេសប៊ុកដដែលបន្ថែមថា ខាងភាគីថៃបានឯកភាពចំពោះការចូលទៅលក់ដូរជាធម្មតា ប៉ុន្តែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះអាជីវករដែលចូលទៅលក់រយៈពេលយូរចាប់ពី៣ ទៅ៤ខែ។ ដោយឡែកចំពោះករណីអ្នកចេញព្រឹកមកល្ងាចវិញ ទាំងទៅផ្សាររោងក្លឿ និងធ្វើការតាមព្រំដែននោះ ភាគីទាំង៣ពុំទាន់មានការឯកភាពនោះទេសុំពិភាក្សាបន្ត នឹងស្នើសុំគោលទៅប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២សិន៕