រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង​ រួម​ជាមួយនឹង​ខេត្តស្រះកែវ ប្រទេសថៃ បាន​សម្រេច​បើក​ដំណើរ​ការ​​​ច្រក​ព្រំដែន​វិញ​ បន្ទាប់​ពីបាន​​បិទ​មួយ​រយៈ​ដោយសារ​ជំងឺ​កូវីដ១៩​ ដោយ​ការ​សម្រេច​នោះ​បាន​ធ្វើ​ឡើង ក្នុង​កិច្ច​​ប្រជុំ​រវាង​កម្ពុជា​និង​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែធ្នូ​ ២០២០​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​បញ្ជាក់ថា ​ការ​បើក​ដំណើរ​ការ​ច្រក​ព្រំដែន គឺ​ក្នុង​គោល​បំណង​ចង់​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វិញ​ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ ថៃ​ ក្នុង​ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​ស្រះកែវ​នៃ​ព្រះ​រាជាណាចក្រ​ថៃ ​និង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ស្ថាន​ការ​ក្នុង​គ្រា​អាសន្ន​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល​ទៅ​ធ្វើការ​ និង​ប្រកប​អាជីវកម្ម​បាន​វិញ​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ថែម​ថា ខាងភាគីថៃបាន​ឯកភាព​ចំពោះ​ការ​ចូល​ទៅ​លក់​ដូរ​ជា​ធម្មតា​ ប៉ុន្តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​​១៤​ថ្ងៃ​ ចំពោះ​អាជីវករ​ដែល​​ចូល​ទៅ​លក់​រយៈ​ពេលយូរចាប់​ពី​​៣ ទៅ៤​ខែ។ ដោយ​ឡែក​ចំពោះ​ករណី​​អ្នក​ចេញ​ព្រឹក​មក​ល្ងាច​វិញ​ ទាំង​ទៅ​ផ្សារ​រោងក្លឿ​ និង​ធ្វើ​ការ​តាម​ព្រំដែន​នោះ​ ភាគី​ទាំង​៣​​ពុំ​ទាន់​មាន​ការ​ឯកភាព​នោះ​ទេ​​សុំ​ពិភាក្សា​បន្ត​ នឹង​ស្នើ​សុំ​គោលទៅ​ប្រមុខ​រាជរដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​២​សិន​៕​