សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី១៨ ខែធ្នូ បានចេញរបាយការណ៍មួយដោយបង្ហាញថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមានភាពធ្ងន់ធ្ងរ និងធ្វើឲ្យពលរដ្ឋលែងហ៊ានបញ្ចេញមតិ។
របាយការណ៍របស់អង្គការលីកាដូដែលមានចំណងជើងថា៖ «ការតស៊ូដើម្បីសេរីភាព៖ ការរំលោភបំពានអ្នកការពារសិទ្ធិមនុស្ស ២០១៨-២០២០» ដែលមានកម្រាស់៣៣ទំព័រ ចេញនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ អង្គការលីកាដូបានរៀបរាប់ពីព្រឹត្តិការណ៍យ៉ាងច្រើនដែលទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ព្រឹត្តិការណ៍ទាំងនោះមានដូចជាការគាបសង្កត់ ការដាក់ទណ្ឌកម្ម ការប្រើអំពើហិង្សា ការចាប់ដាក់ពន្ធនាគារទៅលើសកម្មជនគណបក្សនយោបាយប្រឆាំង អ្នកសារព័ត៍មាន អ្នកការពារសិទ្ធិមនុស្សកម្ពុជា អង្គការសង្គមស៊ីវិល ព្រះសង្ឃ សិស្សនិស្សិត រួមទាំងក្រុមសហជីពជាដើម។
ក្នុងរបាយការណ៍នោះបញ្ជាក់ថា៖ «ទង្វើរនៃការវាយដំ គំរាមគំហែង ចាប់ដាក់គុកជាដើម បានធ្វើឲ្យក្រុមទាំងនោះមានភាពលំបាកក្នុងការជួបជុំ ឬការបញ្ចេញនូវអ្វីដែលជាសិទ្ធិរបស់ពួកគាត់ផងដែរ។ ហើយសកម្មភាពទាំងនោះទៀតសោត បានធ្វើឲ្យបុគ្គលផ្សេងទៀតមានភាពខ្លាចរអារដែលចង់តវ៉ា ក្នុងការទាមទារនូវអ្វីដែលជាកម្មសិទ្ធិ ក៏ដូចជាបញ្ចេញយោបល់ទៅលើរដ្ឋាភិបាលផងដែរ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលអង្គការសិទ្ធិមនុស្សលីកាដូ ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១៩ ខែធ្នូនេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលមកលើអ្នកការពារសិទ្ធិមនុស្ស សហគមន៍ដីធ្លី សហគមន៍ព្រៃឈើ ព្រះសង្ឃ សិស្សនិស្សិតរួមទាំងសហជីព ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ លោកបន្ថែមដោយទទូចឲ្យរដ្ឋាភិបាលគោរពនូវអនុសាសន៍របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ដែលបានដាក់ជូនរដ្ឋាភិបាល រួមទាំងសហគមន៍អន្ដរជាតិផងដែរ។
លោកបញ្ជាក់ថា៖ «គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារួមគ្នាដើម្បីលើកកម្ពស់នៃសេរីភាពដែលជាមូលដ្ឋាន ក៏ដូចជាគោរពនូវសិទ្ធិមនុស្សឲ្យបានល្អប្រសើរឡើងវិញ»។
ក្នុងរបាយការណ៍ដដែឡនោះ អង្គការលីកាដូបានបង្ហាញអនុសាសន៍ដោយស្នើឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍បញ្ឈប់ការរំលោភបំពានលើក្រុមអង្គការសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្ស ហើយស៊ើបអង្កេតបុគ្គល និងក្រុមហ៊ុនដែលអង្គការថារួមគំនិតក្នុងការរំលោភសិទ្ធិមនុស្ស ដោយប្រើយន្តការនៃការដាក់ទណ្ឌកម្មលើអ្នកទាំងនោះ។ លីកាដូក៏បានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជា ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបដោយមិនត្រឹមត្រូវមកលើពលរដ្ឋដែលតវ៉ាដោយអហិង្សានិងបញ្ឈប់ការប្រើប្រាស់កងកម្លាំងដែលរួមមានកងសន្តិសុខខណ្ឌ ដើម្បីបង្ក្រាបលើការតវ៉ា និងដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជានុប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាបានទេ។ ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចុចបិទទូរស័ព្ទ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាសុំមិនធ្វើអត្ថាធិប្បាយ ដោយថាលោកមិនមានតួនាទីក្នុងការឆ្លើយបញ្ហានេះ។
ក្នុងរបាយការណ៍របស់លីកាដូដដែលក៏បានលើកឡើងថា ការរំលោភសិទ្ធិមនុស្សធំៗក្នុងឆ្នាំ២០២០ចុងក្រោយនេះមានដូចជា លោក សឿង ប្រុស អនុប្រធានសហជីបរបស់រោងចក្រកាត់ដេរ W&D Cambodia Co.,LTD បានរងរបួសធ្ងន់ ដោយបុរស២នាក់ជិះម៉ូតូពាក់ម៉ាស់វាយនឹងបំពង់ទីព កាលពីខែកុម្ភៈ។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅពេលយប់ កាលពីចុងខែកក្កដា។ យុទ្ធនាការបរិស្ថានមួយឈ្មោះថា «សង្គ្រោះកោះកុងក្រៅ» ដែលមានការជិះកង់ពីសាលាខេត្តកោះកុង ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបាននគរបាលខេត្តកោះកុងបញ្ឈប់ដោយបង្ខំ។ សកម្មជនរាប់សិបនាក់ត្រូវបានហាមឃាត់មិនឲ្យជួបជុំគ្នានៅក្នុងព្រៃឡង់ដើម្បីរំឮកខួបនៃឃាតកម្មរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនបរិស្ថាន និងជាអ្នកការពារព្រៃកម្ពុជា កាលពីខែមេសា ឆ្នាំ២០២០។ កញ្ញា ឡុង គន្ធា សកម្មជនមាតាធម្មជាតិគ្រោងថានឹងដើរថ្មើរជើងម្នាក់ឯងក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ារឿងលុបបឹងតាមោក ត្រូវបានឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០នេះ៕